លោកម៉ៃ បឺដឹន(Mike Burden) បានរៀបចំឲ្យមានការប្រជុំដែលពេញដោយសេចក្តីសម្អប់ អស់រយៈពេល១៥ឆ្នាំ ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍របស់គាត់ ក្នុងក្រុងតូចមួយ។ ប៉ុន្តែ នៅឆ្នាំ ២០១២ ពេលដែលភរិយាគាត់ ចាប់ផ្តើមសួរគាត់ អំពីការចូលរួមរបស់គាត់ នៅក្នុងការប្រជុំនោះ គាត់ក៏បានបន្ទន់ចិត្តគាត់។ គាត់ក៏បានដឹងថា ទស្សនៈរើសអើងជាតិសាសន៍ដែលគាត់ធ្លាប់មាន ជាទស្សនៈខុសឆ្គង់យ៉ាងណា ហើយមិនចង់រស់នៅជាមនុស្សដែលប្រកាន់ពូជសាសន៍ទៀតទេ។ ក្រុមជ្រុលនិយមនោះ ក៏បានសងសឹកគាត់ ដោយបណ្តេញក្រុមគ្រួសារគាត់ ចេញពីខុនដូ ដែលគាត់បានជួលពីសមាជិកម្នាក់ របស់ក្រុមនោះ។
តើគាត់ងាកទៅរកជំនួយពីនរណា? អ្វីដែលគួរឲ្យភ្ញាក់នោះគឺ គាត់បានទៅរកគ្រូគង្វាលស្បែកខ្មៅម្នាក់ នៅក្នុងតំបន់ដែលគាត់រស់នៅ ដែលកាលពីមុនគាត់ធ្លាប់តែរើសអើង។ គ្រូគង្វាលរូបនោះ និងពួកជំនុំរបស់គាត់ ក៏បានផ្តល់កន្លែងស្នាក់នៅ និងគ្រឿងទេសសម្រាប់ធ្វើម្ហូបអាហារដល់ក្រុមគ្រួសារគាត់ អស់មួយរយៈ។ ពេលដែលគេសួរលោកគ្រូគង្វាលខេនេឌី(Kennedy)ថា ហេតុអ្វីគាត់ព្រមជួយលោកម៉ៃ គាត់ក៏បានពន្យល់ថា “ព្រះយេស៊ូវគ្រីស្ទក៏បានធ្វើនូវរឿងជាច្រើន ដែលគេមិនចូលចិត្ត។ ពេលដែលអ្នកត្រូវជួយគេ អ្នកត្រូវធ្វើអ្វី ដែលព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកធ្វើ”។ ក្រោយមក លោកម៉ៃក៏បានឡើងនិយាយ នៅក្នុងព្រះវិហាររបស់លោកគ្រូខេនេឌី ហើយក៏បានសុំទោសសហគមន៍ជនស្បែកខ្មៅ សម្រាប់ការដែលគាត់បានចូលរួមនៅក្នុងការផ្សព្វផ្សាយសេចក្តីសម្អប់។
នៅក្នុងសេចក្តីបង្រៀននៅលើភ្នំ ព្រះយេស៊ូវបានបង្រៀនគេថា “ចូរឲ្យដល់អ្នកណាដែលសូម … ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា”(ម៉ាថាយ ៥:៤២,៤៤)។ ការបង្រៀននេះ គឺផ្ទុយស្រឡះនឹងការគិតរបស់មនុស្សជាទូទៅ តែជាការអ្វីដែលព្រះទ្រង់បានត្រាស់ហៅយើងឲ្យអនុវត្តតាម។ មនុស្សគិតថា ការធ្វើដូចនេះហាក់ដូចជាបង្ហាញភាពកម្សោយ តែតាមពិត ការនេះយើងអាចធ្វើបាន ដោយពឹងអាងកម្លាំងរបស់ព្រះ។
ព្រះដែលបង្រៀនយើងឲ្យអនុវត្តដូចនេះ ជាព្រះដែលប្រទានអំណាច ដើម្បីឲ្យយើងរស់នៅផ្ទុយពីលោកិយ តាមរបៀបណា ដែលព្រះអង្គបានបង្គាប់យើង។—Anne Cetas