ពេលដែលអ្នកពន្លត់អគ្គីភ័យពីរនាក់ ដែលកំពុងអស់កម្លាំង និងខ្លួនប្រឡាក់ផេះ ឈប់ឡាន ចូលញាំអាហារពេលព្រឹក ក្នុងភោជនីយដ្ឋានមួយ អ្នកបម្រើម្នាក់បានស្គាល់បុរសទាំងពីរ តាមព័ត៌មានដែលគេបានផ្សាយក្នុងទូរទស្សន៍ ហើយបានដឹងថា ពួកគេបានប្រយុទ្ធនឹងអគ្គីភ័យ នៅក្នុងឃ្លាំងមួយ កាលពីពេលយប់។ ដើម្បីបង្ហាញនូវការគោរព នាងក៏បានសរសេរនៅលើវិក្កយបត្រគិតថ្លៃអាហារពេលព្រឹករបស់ពួកគេថា “ថ្ងៃនេះ ខ្ញុំសូមចេញថ្លៃអាហារពេលព្រឹកឲ្យពួកលោក។ សូមអរគុណពួកលោក … សម្រាប់ការបម្រើអ្នកដទៃ និងរត់ចូលទៅក្នុងកន្លែង ដែលអ្នកដទៃរត់ចេញ… ពួកលោកបានទទួលការជំរុញចិត្តពីភ្លើង និងសេចក្តីក្លាហាន ពួកលោកបានធ្វើជាគំរូល្អណាស់”។
ក្នុងកណ្ឌគម្ពីរសញ្ញាចាស់ យើងឃើញគំរូនៃសេចក្តីក្លាហាន នៅក្នុងសកម្មភាពរបស់យុវជនបីនាក់ ដែលមាន សាដ្រាក់ មៃសាក់ និងអ័បេឌនេកោ(ដានីយ៉ែល ៣)។ ពួកគេមិនបានស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ស្តេច ដែលបានបង្គាប់ឲ្យថ្វាយបង្គំរូបចម្លាក់ស្តេចបាប៊ីឡូនឡើយ។ ផ្ទុយទៅវិញ យុវជនទាំងនេះបានបង្ហាញក្តីស្រឡាញ់របស់ពួកគេដល់ព្រះ តាមរយៈការបដិសេធន៍មិនព្រមថ្វាយបង្គំរូបចម្លាក់។ ពួកគេត្រូវទទួលទោសប្រហារជីវិត ដោយបោះចូលទៅក្នុងគុកភ្លើងទាំងរស់។ តែពួកគេនៅតែនិយាយថា “បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ … តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ”(ខ.១៧-១៨)។
ព្រះទ្រង់បានជួយសង្រ្គោះពួកគេ ហើយថែមទាំងបានដើរជាមួយពួកគេ នៅក្នុងភ្លើង(ខ.២៥-២៧)។ នៅក្នុងទុក្ខលំបាក និងបញ្ហារបស់យើង ដែលប្រៀបដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ យើងក៏អាចមានការធានាផងដែរថា ព្រះអង្គក៏គង់នៅជាមួយយើងផងដែរ។—Alyson Kieda