នៅ​ប្រទេស​អូស្រ្តាលី ព័ត៌មាន​បាន​ផ្សាយ អំពី “រឿង​ដ៏​ក្រៀម​ក្រំ​”   នៃ​ភាព​រាំង​ស្ងួត ភាព​ក្តៅ​ហួត​ហែង និង​ភ្លើង​ឆេះ​ព្រៃ។ រឿង​នោះ​បាន​ពិពណ៌នា អំពី​រយៈ​ពេល​មួយ​១​ឆ្នាំ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​មាន​ភ្លៀង​ធ្លាក់​តិច​តួច ដែល​បណ្តាល​ឲ្យ​គុម្ពោត​ព្រៃ​ដ៏​ក្រៀម​ក្រោះ​ប្រែ​ក្លាយ​ជា​ឈើ​ដែល​ងាយ​នឹង​ឆាប​ឆេះ។ ភ្លើង​ឆេះ​ព្រៃ​ដ៏​កាច​សាហាវ បាន​ដុត​បំផ្លាញ​តំបន់​ជន​បទ។ ត្រី​ក៏​ស្លាប់​អស់​ច្រើន​។ ការ​ដាំ​ដុះ​ក៏​បរាជ័យ​ទៀត។ មូល​ហេតុ គឺ​ដោយ​សារ​ពួក​គេ​មិន​មាន​ធន​ធាន​មួយ ដែល​យើង​ច្រើន​តែ​មើល​ស្រាល គឺ​ទឹក ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ ដើម្បី​ឲ្យ​អាច​រស់​នៅ។

ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្លាប់​ឆ្លង​កាត់​រឿង​ដ៏​រន្ធត់​ផង​ដែរ។ ខណៈ​ពេល​ដែល​ពួក​គេ កំពុង​តែ​បោះ​ជំរុំ នៅ​ក្នុង​វាល​រហោ​ស្ថាន​ដ៏​ហួត​ហែង គ្មាន​ជី​ជាតិ ពួក​គេ​មិន​មាន​ទឹក​សម្រាប់​ផឹក​នោះ​ទេ(និក្ខមនំ ១៧:១)។ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ បំពង់​ក​របស់​ពួក​គេ​ស្ងួត កូន​ចៅ​របស់​ពួក​គេ​កំពុង​តែ​ស្រេក​ទឹក។​ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ហើយ​ក៏​បាន​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ ដោយ​ទាម​ទា​ទឹកផឹក​(ខ.២)។ ប៉ុន្តែ តើ​លោក​ម៉ូសេ​អាច​ធ្វើ​អ្វី​បាន? ស្ថិត​ក្នុង​ពេល​នោះ គាត់​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅពី​ចូល​ទៅ​រក​ព្រះ​នោះ​ឡើយ។

ហើយ​ព្រះ​ទ្រង់​ក៏​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ថា “ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ”(ខ.៥-៦)។ ដូច​នេះ លោក​ម៉ូសេ​ក៏​បាន​វាយ​ថ្ម​នោះ ហើយ​ទឹក​ក៏​បាន​ហូរ​ចេញ​មក​ដូច​ទឹក​ទន្លេ សម្រាប់​ឲ្យ​ប្រជាជន និង​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ផឹក។ នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា​អែល​ក៏​បាន​ដឹង​ថា ព្រះ​របស់​ពួក​គេ​ស្រឡាញ់​ពួក​គេ។

ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ទឹក​ហូរ​ហៀរ។

បើ​អ្នក​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ស្ថិត នៅ​ក្នុង​ភាព​រាំង​ស្ងួត ឬ​វាល​រហោស្ថាន សូម​ចាំ​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​ស្ថាន​ភាព​របស់​អ្នក ហើយ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​អ្នក។ ទោះ​អ្នក​ត្រូវ​ការ​អ្វី ឬ​ខ្វះ​អ្វី​ក៏​ដោយ អ្នក​នៅ​តែ​អាច​រក​ឃើញ​ក្តី​សង្ឃឹម និង​ភាព​ស្រស់​ថ្លា​ឡើង​វិញ ក្នុង​ទឹក​ដ៏​បរិបូរ​របស់​ព្រះ​អង្គ។—Winn Collier