នៅប្រទេសអូស្រ្តាលី ព័ត៌មានបានផ្សាយ អំពី “រឿងដ៏ក្រៀមក្រំ” នៃភាពរាំងស្ងួត ភាពក្តៅហួតហែង និងភ្លើងឆេះព្រៃ។ រឿងនោះបានពិពណ៌នា អំពីរយៈពេលមួយ១ឆ្នាំដ៏គួរឲ្យភ័យខ្លាច ដែលមានភ្លៀងធ្លាក់តិចតួច ដែលបណ្តាលឲ្យគុម្ពោតព្រៃដ៏ក្រៀមក្រោះប្រែក្លាយជាឈើដែលងាយនឹងឆាបឆេះ។ ភ្លើងឆេះព្រៃដ៏កាចសាហាវ បានដុតបំផ្លាញតំបន់ជនបទ។ ត្រីក៏ស្លាប់អស់ច្រើន។ ការដាំដុះក៏បរាជ័យទៀត។ មូលហេតុ គឺដោយសារពួកគេមិនមានធនធានមួយ ដែលយើងច្រើនតែមើលស្រាល គឺទឹក ដែលយើងរាល់គ្នាសុទ្ធតែត្រូវការ ដើម្បីឲ្យអាចរស់នៅ។
ជនជាតិអ៊ីស្រាអែលក៏ធ្លាប់ឆ្លងកាត់រឿងដ៏រន្ធត់ផងដែរ។ ខណៈពេលដែលពួកគេ កំពុងតែបោះជំរុំ នៅក្នុងវាលរហោស្ថានដ៏ហួតហែង គ្មានជីជាតិ ពួកគេមិនមានទឹកសម្រាប់ផឹកនោះទេ(និក្ខមនំ ១៧:១)។ ពួកគេមានការភ័យខ្លាច។ បំពង់ករបស់ពួកគេស្ងួត កូនចៅរបស់ពួកគេកំពុងតែស្រេកទឹក។ ពួកគេមានការភ័យខ្លាច ហើយក៏បានរអ៊ូរទាំដាក់លោកម៉ូសេ ដោយទាមទាទឹកផឹក(ខ.២)។ ប៉ុន្តែ តើលោកម៉ូសេអាចធ្វើអ្វីបាន? ស្ថិតក្នុងពេលនោះ គាត់មិនអាចធ្វើអ្វីបាន ក្រៅពីចូលទៅរកព្រះនោះឡើយ។
ហើយព្រះទ្រង់ក៏បានបង្គាប់ដល់លោកម៉ូសេថា “ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ”(ខ.៥-៦)។ ដូចនេះ លោកម៉ូសេក៏បានវាយថ្មនោះ ហើយទឹកក៏បានហូរចេញមកដូចទឹកទន្លេ សម្រាប់ឲ្យប្រជាជន និងសត្វចិញ្ចឹមរបស់ពួកគេផឹក។ នៅថ្ងៃនោះ ពួកអ៊ីស្រាអែលក៏បានដឹងថា ព្រះរបស់ពួកគេស្រឡាញ់ពួកគេ។
ព្រះទ្រង់ក៏បានប្រទានទឹកហូរហៀរ។
បើអ្នកមានអារម្មណ៍ថា ហាក់ដូចជាកំពុងស្ថិត នៅក្នុងភាពរាំងស្ងួត ឬវាលរហោស្ថាន សូមចាំថា ព្រះទ្រង់ជ្រាបអំពីស្ថានភាពរបស់អ្នក ហើយព្រះអង្គគង់នៅជាមួយអ្នក។ ទោះអ្នកត្រូវការអ្វី ឬខ្វះអ្វីក៏ដោយ អ្នកនៅតែអាចរកឃើញក្តីសង្ឃឹម និងភាពស្រស់ថ្លាឡើងវិញ ក្នុងទឹកដ៏បរិបូររបស់ព្រះអង្គ។—Winn Collier