បឹងបៃកាល ជាបឹងដែលជ្រៅជាងគេបំផុត នៅលើពិភពលោក។ វាមានទំហំធំធេង និងគួរឲ្យស្ញប់ស្ញែងណាស់។ វាមានជម្រៅប្រហែល១,៦ គីឡូម៉ែត្រ និងមានបណ្តោយ ៦៣៦ គីឡូម៉ែត្រ នឹងទទឹង ៧៩គីឡូម៉ែត្រ។ បរិមាណនៃទឹកបឹងនេះ ត្រូវជា១ភាគ៥ នៃបរិមាណទឹកសាបទាំងអស់នៅលើពិភពលោក សរុបចូលគ្នា។ ប៉ុន្តែ បឹងនេះពិបាកនឹងឲ្យគេទៅដល់ណាស់។ បឹងបៃកាលមានទីតាំង ក្នុងតំបន់ស៊ីបេរី ដែលស្ថិតក្នុងចំណោមតំបន់ដាច់ស្រយាលបំផុត នៃប្រទេសរូស្ស៊ី។ ភពផែនដីយើងកំពុងតែមានការខ្វះខាតទឹកសាបយ៉ាងខ្លាំង ដូចនេះ វាជារឿងគួរឲ្យឆ្ងល់ ដែលផ្ទៃទឹកដ៏ធំល្វឹងល្វើយនេះ បានលាក់ខ្លួន នៅក្នុងកន្លែង ដែលមនុស្សជាច្រើនមិនអាចទៅដល់។
បឹងបៃកាលស្ថិតនៅដាច់ស្រយាល ធ្វើឲ្យគេពិបាកទៅរកទឹករបស់វា ប៉ុន្តែ មានប្រភពទឹកមួយដែលផ្តល់ឲ្យនូវជីវិត ដែលមិនចេះរីងស្ងួត មានសម្រាប់អ្នកដែលត្រូវការ។ នៅក្បែរអណ្តូងទឹកមួយ ក្នុងស្រុកសាម៉ារី ព្រះយេស៊ូវបានមានបន្ទូលជាមួយស្រ្តីម្នាក់ ហើយក៏បានបង្ហាញអំពីការស្រេកទឹកខាងវិញ្ញាណដ៏ជ្រាលជ្រៅរបស់នាង។ គឺមានតែព្រះយេស៊ូវទេ ដែលអាចបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់នាងបាន។
ទឹកដែលព្រះយេស៊ូវប្រទានដល់នាង គឺខុសពីទឹកដែលនាងដងពីអណ្តូងនោះ។ គឺដូចដែលទ្រង់មានបន្ទូលថា “តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៣-១៤)។
មានការជាច្រើនដែលសន្យាថា នឹងធ្វើឲ្យយើងស្កប់ចិត្ត តែមិនដែលបានបំបាក់ការស្រេកទឹករបស់យើងឡើយ។ មានតែព្រះយេស៊ូវទេ ដែលពិតជាអាចបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់យើង ហើយទឹករស់របស់ព្រះអង្គ មានសម្រាប់មនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែង។—Bill Crowder