បឹងបៃ​កាល ជា​បឹង​ដែល​ជ្រៅ​ជាង​គេ​បំផុត នៅ​លើ​ពិភពលោក។ វា​មាន​ទំហំ​ធំ​ធេង និង​គួរ​ឲ្យ​ស្ញប់ស្ញែង​ណាស់។ វា​មាន​ជម្រៅ​ប្រហែល​១,៦ គីឡូម៉ែត្រ និង​មាន​បណ្តោយ ៦៣៦ គីឡូម៉ែត្រ នឹង​ទទឹង ៧៩​គីឡូ​ម៉ែត្រ។ បរិមាណ​នៃ​ទឹក​បឹង​នេះ ត្រូវ​ជា​១ភាគ៥ នៃ​បរិមាណ​ទឹក​សាប​ទាំង​អស់​នៅ​លើ​ពិភព​លោក សរុប​ចូល​គ្នា។ ប៉ុន្តែ បឹង​នេះ​ពិបាក​នឹង​ឲ្យ​គេ​ទៅ​ដល់​ណាស់។ បឹង​បៃកាល​មាន​ទីតាំង ក្នុង​តំបន់​ស៊ីបេរី ដែល​ស្ថិត​ក្នុង​ចំណោម​តំបន់​ដាច់​ស្រយាល​បំផុត នៃ​ប្រទេស​រូស្ស៊ី។ ភព​ផែន​ដី​យើង​កំពុង​តែ​មាន​ការ​ខ្វះ​ខាត​ទឹក​សាប​យ៉ាង​ខ្លាំង ដូច​នេះ វា​ជា​រឿង​គួរ​ឲ្យ​ឆ្ងល់ ដែល​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ បាន​លាក់​ខ្លួន នៅក្នុង​កន្លែង ដែល​មនុស្ស​ជា​ច្រើន​មិន​អាច​ទៅ​ដល់។

បឹង​បៃ​កាល​ស្ថិត​នៅ​ដាច់​ស្រយាល ធ្វើ​ឲ្យ​គេ​ពិបាក​ទៅ​រក​ទឹក​របស់​វា ប៉ុន្តែ មាន​ប្រភព​ទឹក​មួយ​ដែល​ផ្តល់​ឲ្យ​នូវ​ជីវិត ដែល​មិន​ចេះ​រីងស្ងួត មាន​សម្រាប់​អ្នក​ដែល​ត្រូវ​ការ។ នៅ​ក្បែរ​អណ្តូង​ទឹក​មួយ ក្នុង​ស្រុក​សាម៉ារី ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ជា​មួយ​ស្រ្តី​ម្នាក់ ហើយ​ក៏​បាន​បង្ហាញ​អំ​ពី​ការ​ស្រេក​ទឹក​ខាង​វិញ្ញាណ​ដ៏​ជ្រាល​ជ្រៅ​របស់​នាង។  គឺ​មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​បំបាត់​ការ​ស្រេក​ទឹក​ខាង​វិញ្ញាណ​របស់​នាង​បាន។

ទឹក​ដែល​ព្រះ​យេស៊ូវ​ប្រទាន​ដល់​នាង គឺ​ខុស​ពី​ទឹក​ដែល​នាង​ដង​ពី​អណ្តូង​នោះ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៣-១៤)។

មាន​ការ​ជា​ច្រើន​ដែល​សន្យា​ថា នឹង​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត តែ​មិន​ដែល​បាន​បំបាក់​ការ​ស្រេក​ទឹក​របស់​យើង​ឡើយ។ មាន​តែ​ព្រះយេស៊ូវ​ទេ ដែល​ពិត​ជា​អាច​បំបាត់​ការ​ស្រេក​ទឹក​ខាង​វិញ្ញាណ​របស់​យើង ហើយ​ទឹក​រស់​របស់​ព្រះ​អង្គ មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា នៅ​គ្រប់​ទី​កន្លែង។​—Bill Crowder