លោកយូរី ហ្កាហ្ការីន(Yuri Gagarin) បានឡើងទៅដល់ទីអវកាសក្រៅផែនដី ហើយក៏បានក្លាយជាមនុស្សទីមួយ ដែលបានចូលទៅក្នុងទីអវកាស។ បន្ទាប់មក យានចម្លងរបស់គាត់ក៏បានចូលក្នុងស្រទាប់បរិយាកាសផែនដីវិញ ហើយគាត់ក៏បានលោតឆ័ត្រយោង ចុះនៅក្នុងតំបន់ជនបទ នៃប្រទេសរុស្ស៊ី។ មានស្រ្តីកសិករម្នាក់បានប្រទះឃើញអវកាសយានិករូបនោះ ក្នុងឯកសណ្ឋានពណ៌លឿងទុំ នៅពាក់មួកការពារនៅឡើយ ហើយកំពុងតែអូសឆ័ត្រយោងពីរ។ នាងក៏បានសួរគាត់ដោយការភ្ញាក់ផ្អើលថា “តើអ្នកជាមនុស្សដែលបានចុះមកពីទីអវកាសឬ?” គាត់ក៏បានឆ្លើយថា “បាទ តាមពិត គឺខ្ញុំបានចុះមកពីទីអវកាសមែន”។
គួរឲ្យស្តាយណាស់ ពួកអ្នកដឹកនាំនៃសហភាពសូវៀត បានបង្វែរសាច់រឿងនៃការហោះហើរជាប្រវត្តិសាស្រ្តនេះ ទៅជាការឃោសនាប្រឆាំងនឹងជំនឿសាសនា។ នាយករដ្ឋមន្រ្តីរបស់ពួកគេក៏បានប្រកាសថា “លោកហ្កាហ្ការីនបានចូលទៅក្នុងទីអវកាស ប៉ុន្តែ គាត់មិនបានឃើញព្រះនៅទីនោះឡើយ”។(តាមពិត លោកហ្កាហ្ការីនមិនបាននិយាយដូចនេះទេ)។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាលោកស៊ី អេស លូអ៊ីស(C. S. Lewis) ដែលបានមានប្រសាសន៍ថា “អ្នកដែលមិនបានរកឃើញព្រះ នៅលើផែនដីនេះ គឺមិនទំនងជានឹងរកឃើញព្រះអង្គនៅក្នុងទីអវកាសឡើយ”។
ព្រះយេស៊ូវបានដាស់តឿនយើង អំពីការព្រងើយកន្តើយចំពោះព្រះ ក្នុងជីវិតនេះ។ ព្រះអង្គបានមានបន្ទូលអំពីបុរសពីរនាក់ ដែលបានស្លាប់ គឺបុរសអ្នកមាន ដែលគ្មានពេលសម្រាប់ព្រះ និងលោកឡាសា ដែលជាអ្នកក្រតោកយ៉ាក តែមានជំនឿដ៏រឹងមាំ(លូកា ១៦:១៩-៣១)។ អ្នកមានក៏បានទទួលរងទារុណកម្មក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏បានអង្វរលោកអ័ប្រាហាំ ឲ្យជួយប្រាប់បងប្អូនគាត់ដែលកំពុងរស់នៅ លើផែនដី។ គាត់បានអង្វរលោកអ័ប្រាហាំថា “សូមលោកចាត់ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច …បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅឯគេវិញ នោះគេនឹងប្រែចិត្តជាមិនខាន”(ខ.២៧,៣០)។ លោកអ័ប្រាហាំក៏បានឆ្លើយត្រង់ៗតែម្តងថា “បើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេ នោះទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញក៏ដោយ គង់តែគេមិនព្រមជឿដែរ”(ខ.៣១)។
លោកអូស្វល ឆេមបឺ(Oswald Chambers) បានមានប្រសាសន៍ថា “ការមើលឃើញមិនមែនជាការជឿទេ។ យើងយល់អំពីអ្វីដែលយើងមើលឃើញ ដោយផ្អែកទៅលើជំនឿរបស់យើង”។—Tim Gustafson