ខ្សែភាពយន្តមានចំណងជើងថា ចំហៀងដែលមើលមិនឃើញ ដែលគេបានចាក់បញ្ចាំង កាលពីឆ្នាំ២០០៩ បានពិពណ៌នា អំពីរឿងពិតរបស់លោកម៉ៃឃល អូហ័រ(Michael Oher) ជាក្មេងជំទង់ដែលរស់នៅអនាថា។ មានគ្រួសារមួយបានឲ្យគាត់រស់នៅជាមួយ ហើយក៏បានជួយគាត់ ឲ្យជម្នះការលំបាកនៅក្នុងការរៀនសូត្រ ហើយគាត់ក៏បានទទួលជោគជ័យដ៏ល្អប្រសើរ ក្នុងកីឡាបាល់ទាត់អាមេរិក។ ក្នុងឈុតមួយនោះ ក្រុមគ្រួសារនោះក៏បានជជែកជាមួយម៉ៃឃល អំពីលទ្ធភាពដែលពួកគេអាចទទួលគាត់ជាកូនចិញ្ចឹមជាផ្លូវការ បន្ទាប់ពីគាត់បានរស់នៅជាមួយពួកគេអស់ជាច្រើនខែហើយ។ គាត់ក៏បានឆ្លើយតបដោយពាក្យផ្អែមល្ហែម និងសុភាពថា គាត់គិតថាគាត់បានក្លាយជាផ្នែកមួយនៃគ្រួសារនេះហើយ។
ពេលនោះជាពេលដ៏រំភើបរីករាយណាស់។ ការទទួលចិញ្ចឹមកូន ជារឿងដ៏គាប់ប្រសើរ។ សេចក្តីស្រឡាញ់បានពង្រីកកាន់តែធំទូលាយ ហើយការរាប់បញ្ចូលទាំងស្រុងក្នុងគ្រួសារក៏បានកើតមាន ខណៈពេលដែលគ្រួសារមួយបានបើកចំហ ទទួលសមាជិកថ្មី។ ការទទួលចិញ្ចឹម នាំឲ្យជីវិតផ្លាស់ប្តូរ គឺដូចដែលជីវិតរបស់ម៉ៃឃលមានការផ្លាស់ប្តូរយ៉ាងខ្លាំង។
ក្នុងព្រះយេស៊ូវ អ្នកជឿទំាងឡាយក្លាយជា “កូនព្រះ” ដោយសារជំនឿលើព្រះអង្គ(កាឡាទី ៣:២៦)។ ព្រះទ្រង់បានទទួលចិញ្ចឹមយើង ហើយយើងក្លាយជាកូនប្រុសស្រីរបស់ព្រះអង្គ(៤:៥)។ ក្នុងនាមយើងជាកូនចិញ្ចឹមរបស់ព្រះ យើងបានទទួលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហើយយើងហៅព្រះអង្គថា “ព្រះវរបិតា”(ខ.៦) ហើយយើងក៏បានក្លាយជាអ្នកស្នងមរតករបស់ព្រះអង្គ(ខ.៧) និងស្នងមរតកជាមួយព្រះគ្រីស្ទ(រ៉ូម ៨:១៧)។ យើងក៏ក្លាយជាសមាជិកពេញសិទ្ធិនៃមហាគ្រួសាររបស់ព្រះអង្គ។
ពេលដែលលោកម៉ៃឃល អូហ័រ ក្លាយជាកូនចិញ្ចឹម ការផ្លាស់ប្តូរក៏បានកើតមាន ក្នុងជីវិត អត្តសញ្ញាណ និងអនាគតរបស់គាត់។ ចុះទំរាំតែយើងដែលព្រះទ្រង់បានទទួលចិញ្ចឹម តើយើងមានការផ្លាស់ប្តូរច្រើនជាងអម្បាលម៉ាន។ ជីវិតយើងផ្លាស់ប្តូរ ពេលដែលយើងបានដឹងថា ព្រះអង្គជាព្រះវរបិតា។ អត្តសញ្ញាណរបស់យើងផ្លាស់ប្តូរ ពេលដែលយើងបានក្លាយជាកម្មសិទ្ធិរបស់ព្រះអង្គ។ ហើយអនាគតយើងក៏ផ្លាស់ប្តូរ ដោយសារព្រះបន្ទូល ដែលបានសន្យាថា យើងនឹងបានទទួលកេរមរតកដ៏រុងរឿង និងអស់កល្ប។—Con Campbell