មានពេលមួយក្មួយប្រុសខ្ញុំឈ្មោះ ចារេត(Jared) បានសួរខ្ញុំថា “លោកពូ អាធ័រ(Arthur) នៅចាំថ្ងៃដែលពូនាំក្មួយទៅហាងកាត់សក់ និងផ្សាទំនើបទេ? កាលនោះ ខ្ញុំពាក់ខោកាគីពណ៌ដាំដែង អាវយឺតពណ៌ខៀវក្រឡា អាវចាក់ពណ៌ខៀវចាស់ ស្រោមជើងពណ៌ត្នោត និងស្បែកជើងពណ៌ត្នោតចាស់។ ថ្ងៃនោះ ជាថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦”។ ចារេតមានជម្ងឺអូទីសិម ដែលធ្វើឲ្យគាត់ជួបការលំបាកជាច្រើន តែទន្ទឹមនឹងនោះ វាបានធ្វើឲ្យគាត់មានការចងចាំដ៏អស្ចារ្យ ដោយគាត់អាចនឹកចាំជាលម្អិត អំពីថ្ងៃខែ និងខោអាវ ដែលគាត់បានពាក់ ក្នុងព្រឹត្តិការណ៍ដែលបានកន្លងផុត កាលប៉ុន្មានឆ្នាំមុន។
ដោយសារគាត់មានភាពចម្លែកនេះ ដែលអាចចាំរឿងចាស់ៗជាលម្អិត នោះខ្ញុំក៏បាននឹកចាំ អំពីព្រះដែលជ្រាបអំពីអ្វីៗទាំងអស់ ជាអ្នកគ្រប់គ្រងពេលវេលា និងភាពអស់កល្បជានិច្ច។ ព្រះអង្គជ្រាបអំពីការពិត ហើយមិនដែលភ្លេចព្រះបន្ទូលសន្យា ឬរាស្រ្តព្រះអង្គឡើយ។ ពេលដែលអ្នកដទៃហាក់ដូចជាមានសុខភាពល្អជាង សប្បាយ ឬជោគជ័យ ឬក៏ល្អជាងអ្នក តើអ្នកមានឆ្ងល់ទេថា ព្រះបានភ្លេចអ្នកហើយឬនៅ?
ពេលដែលពួកអ៊ីស្រាអែលនៅសម័យបុរាណ ស្ថិតក្នុងស្ថានភាពដ៏ពិបាក ពួកគេក៏បានចោទសួរថា “ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ”(អេសាយ ៤៩:១៤)។ ប៉ុន្តែ ព្រះទ្រង់មិនដែលភ្លេចពួកគេឡើយ។ សេចក្តីអាណិត និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គ គឺមានភាពជ្រាលជ្រៅជាងមនោសញ្ចេតនា ដែលម្តាយមានចំពោះកូនរបស់ខ្លួនទៅទៀត(ខ.១៥)។ មុនពេលយើងគិតថា ព្រះទ្រង់បាន “បោះបង់ចោល” ឬ “បំភ្លេចយើង” នោះចូរគិតឡើងវិញ អំពីការអ្វីដែលព្រះទ្រង់បានធ្វើ នៅក្នុង និងតាមរយៈព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ។ ក្នុងដំណឹងល្អ ដែលនាំមកនូវការអត់ទោសបាប ព្រះទ្រង់បានមានបន្ទូលច្បាស់ៗថា ព្រះអង្គនឹងមិនភ្លេចយើងឡើយ(ខ.១៥)។—Arthur Jackson