មាន​ពេល​មួយ​ក្មួយ​ប្រុស​ខ្ញុំ​ឈ្មោះ ចារេត(Jared) បាន​សួរ​ខ្ញុំ​ថា “លោក​ពូ អាធ័រ(Arthur) នៅ​ចាំ​ថ្ងៃ​ដែល​ពូ​នាំ​ក្មួយ​ទៅ​ហាង​កាត់​សក់ និង​ផ្សា​ទំនើប​ទេ? កាល​នោះ ខ្ញុំ​ពាក់​ខោកាគី​ពណ៌​ដាំ​ដែង  អាវ​យឺត​ពណ៌​ខៀវ​ក្រឡា អាវ​ចាក់​ពណ៌​ខៀវ​ចាស់ ស្រោម​ជើង​ពណ៌​ត្នោត និង​ស្បែក​ជើង​ពណ៌​ត្នោត​ចាស់។ ថ្ងៃ​នោះ ជា​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​តុលា ឆ្នាំ​២០១៦”។ ចារេត​មាន​ជម្ងឺ​អូទីសិម ដែល​ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​ជា​ច្រើន តែ​ទន្ទឹម​នឹង​នោះ វា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ចង​ចាំ​ដ៏​អស្ចារ្យ  ដោយ​គាត់​អាច​នឹក​ចាំ​ជា​លម្អិត អំពី​ថ្ងៃ​ខែ និង​ខោអាវ ដែល​គាត់​បាន​ពាក់ ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​កន្លង​ផុត កាល​ប៉ុន្មាន​ឆ្នាំ​មុន។

ដោយសារ​គាត់​មាន​ភាព​ចម្លែក​នេះ ដែល​អាច​ចាំ​រឿង​ចាស់​ៗ​ជា​លម្អិត នោះ​ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​ដែល​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់ ជា​អ្នក​គ្រប់​គ្រង​ពេល​វេលា និង​ភាព​អស់​កល្ប​ជា​និច្ច។ ព្រះ​អង្គ​ជ្រាប​អំពី​ការ​ពិត ហើយ​មិន​ដែល​ភ្លេច​ព្រះ​បន្ទូល​សន្យា ឬ​រាស្រ្ត​ព្រះ​អង្គ​ឡើយ។ ពេល​ដែល​អ្នក​ដទៃ​ហាក់​ដូច​ជា​មាន​សុខភាព​ល្អ​ជាង សប្បាយ ឬ​ជោគជ័យ ឬ​ក៏​ល្អ​ជាង​អ្នក តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា ព្រះ​បាន​ភ្លេច​អ្នក​ហើយ​ឬ​នៅ?

ពេល​ដែល​ពួក​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក ពួក​គេ​ក៏​បាន​ចោទ​សួរ​ថា “ព្រះ​យេហូវ៉ា​ទ្រង់​បាន​បោះបង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ”(អេសាយ ៤៩:១៤)។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ដែល​ភ្លេច​ពួក​គេ​ឡើយ។ សេចក្តី​អាណិត និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​អង្គ ​គឺ​មាន​ភាព​ជ្រាល​ជ្រៅ​ជាង​មនោសញ្ចេតនា ដែល​ម្តាយ​មាន​ចំពោះ​កូន​របស់​ខ្លួន​ទៅ​ទៀត​(ខ.១៥)។  មុន​ពេល​យើង​គិត​ថា ព្រះ​ទ្រង់​បាន “បោះ​បង់​ចោល” ឬ “បំ​ភ្លេច​យើង” នោះ​ចូរ​គិត​ឡើង​វិញ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ នៅ​ក្នុង និង​តាម​រយៈ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ព្រះ​នាម​យេស៊ូវ។ ក្នុង​ដំណឹង​ល្អ ដែល​នាំ​មក​នូវ​ការ​អត់​ទោស​បាប ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ច្បាស់​ៗ​ថា ព្រះ​អង្គ​នឹង​មិន​ភ្លេច​យើង​ឡើយ(ខ.១៥)។—Arthur Jackson