មានពេលមួយកូនស្រីខ្ញុំបានបិទទ្វារគ្រាំងៗ។ នាងក៏បានបិទទ្វារមួយទំហឹងដៃម្តងទៀត ។ ខ្ញុំក៏បានចូលបន្ទប់ដាក់ឡាន យកញញួរ និងទួរណឺវីស ដើរទៅបន្ទប់របស់កូនស្រីខ្ញុំ។ ខ្ញុំក៏បាននិយាយខ្សឹបៗ ដោយចិត្តស្ងប់ថា “កូនសំឡាញ់។ កូនត្រូវតែរៀនគ្រប់គ្រងកំហឹង”។ ហើយបន្ទាប់មក ខ្ញុំក៏បានដោះទ្វារចេញពីបន្ទប់នាង យកទៅដាក់ក្នុងបន្ទប់ដាក់ឡាន។ ខ្ញុំសង្ឃឹមថា ការដោះទ្វារចេញបណ្ដោះអាសន្ន នឹងជួយឲ្យនាងនឹកចាំ អំពីសារៈសំខាន់នៃការគ្រប់គ្រងខ្លួនឯង។
ក្នុងបទគម្ពីរសុភាសិត ៣:១១-១២ គ្រូបង្រៀនប្រកបដោយប្រាជ្ញាបានអញ្ជើញអ្នកអានទាំងឡាយ ឲ្យទទួលការប្រៀនប្រដៅរបស់ព្រះ។ ពាក្យ សេចក្តីប្រៀន ឬការប្រៀនប្រដៅ អាចប្រែមកថា “ការកែតម្រង់”។ ក្នុងនាមជាឪពុកដ៏ល្អ និងមានពេញដោយក្តីស្រឡាញ់ ព្រះទ្រង់មានបន្ទូលតាមរយៈព្រះវិញ្ញាណ និងព្រះគម្ពីររបស់ព្រះអង្គ ដើម្បីកែតម្រង់អាកប្បកិរិយាដែលបំផ្លាញខ្លួនឯង។ ការកែតម្រង់របស់ព្រះបានចាក់ឫសនៅក្នុងសេចក្តីស្រឡាញ់ និងបំណងព្រះទ័យព្រះអង្គ ដែលសព្វព្រះទ័យឲ្យយើងបានទទួលអ្វីដែលល្អបំផុត។ ជួនកាល ព្រះទ្រង់ជំរុញចិត្តនរណាម្នាក់ ឲ្យចង្អុលបង្ហាញចំណុចដែលយើងមើលមិនឃើញ ឬមើលរំលង។ ជាញឹកញាប់ ការនេះធ្វើឲ្យយើងមានអារម្មណ៍មិនស្រួល តែការកែតម្រង់របស់ព្រះ ជាអំណោយមកពីព្រះអង្គ។
ប៉ុន្តែ យើងមិនតែងតែគិតដូចនេះទេ។ បទគម្ពីរសុភាសិតបានដាស់តឿនយើងថា “កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ”(ខ.១១)។ ជួនកាល យើងមានការភ័យខ្លាច ចំពោះការប្រៀនប្រដៅរបស់ព្រះ។ នៅពេលខ្លះទៀត យើងយល់ថា ការអាក្រក់ដែលកើតឡើងក្នុងជីវិតយើង គឺជាការប្រៀនប្រដៅរបស់ព្រះ។ តែយើងត្រូវយល់បំណងព្រះទ័យរបស់ព្រះវរបិតា ដែលមានពេញដោយក្តីស្រឡាញ់។ ព្រះអង្គប្រៀនប្រដៅ និងកែតម្រង់ ដោយសារព្រះអង្គស្រឡាញ់យើង។
ចូរយើងកុំខ្លាចការប្រៀនប្រដៅរបស់ព្រះអង្គឡើយ ផ្ទុយទៅវិញ ចូរយើងរៀនទទួលយកការប្រៀនប្រដៅពីព្រះអង្គ។ ពេលណាយើងបានឮព្រះសូរសៀងនៃការកែតម្រង់របស់ព្រះ ក្នុងចិត្តយើង ឬទទួលការប៉ះពាល់ចិត្ត ពេលយើងអានខគម្ពីរ ចូរយើងអរព្រះគុណព្រះអង្គ ដែលបានស្រឡាញ់យើង ដោយនាំយើងទទួលអ្វីដែលល្អបំផុត។—Daniel Ryan Day