មាន​រូប​ភាព​មួយ​ចំនួន ដែល​មាន​អំណាច​ណាស់ បាន​ជា​គេ​មិន​អាច​បំភ្លេច​ពួក​វា​បាន។ ខ្ញុំ​ចាំ​ថា ពេល​ដែល​ខ្ញុំ​បាន​មើល​រូប​ថត​ដ៏​ល្បី​ល្បាញ​មួយ​សន្លឹក របស់​ព្រះ​នាង​ដាយអាណា(Diana) នៃ​ប្រទេស​វេល ខ្ញុំ​ក៏​មាន​បទ​ពិសោធន៍​ដូច​នេះ​ផង​ដែរ។ បើ​មើល​តែ​មួយ​ភ្លែត រូប​ថត​នោះ​ហាក់​ដូច​ជា​សាមញ្ញ ដោយ​មាន​រូប​ព្រះ​នាង​ចាប់​ដៃ​បុរស​ម្នាក់​ដែល​ខ្ញុំ​មិន​ស្គាល់ ដោយ​ព្រះ​ភក្ត្រ​ញញឹម​ដ៏​កក់​ក្តៅ។ ប៉ុន្តែ ប្រវត្តិ​នៃ​រូប​ថត​នេះ​ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់។​

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ ១៩៨៧ ពេល​ដែល​ព្រះ​នាង​ដាយអាណា​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ នៅ​មន្ទីរ​ពេទ្យ​មីឌលសេក នៅ​ទីក្រុង​ឡុងដ៍ ចក្រ​ភព​អង់គ្លេស​កំពុង​តែ​ស្ថិត​ក្នុង​ភាព​តក់​ស្លុត ដោយសារ​ជំងឺ​អេដស៍​កំពុង​តែ​រាត​ត្បាត​ពេញ​ប្រទេស។ កាល​នោះ គេ​មិន​ទាន់​បាន​ដឹង​ថា ជំងឺ​ដែល​កំពុង​ឆក់​យក​ជីវិត​មនុស្ស ដោយ​ល្បឿន​ដ៏​គួរ​ឲ្យ​តក់​ស្លត់​នេះ បាន​រីក​រាល​ដាល​ដោយ​របៀប​ណា​ទេ ហេតុ​នេះ​ហើយ សាធារណៈ​ជន​បាន​ចាត់​ទុក​ជន​រង​គ្រោះ​នៃ​ជំងឺ​អេដស៍ ដូច​មនុស្ស​ដែល​ត្រូវ​កាត់​ចេញ​ពី​សង្គម។

ដូច​នេះ គេ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​ព្រះ​នាង​ដាយអាណា បាន​ចាប់​ដៃ​អ្នក​ជំងឺ​អេដស៍ នៅ​ថ្ងៃ​នោះ ដោយ​មិន​បាន​ពាក់​ស្រោម​ដៃ និង​មាន​ទឹក​មុខ​ញញឹម​ដ៏​ស្មោះ​ត្រង់។ រូប​ភាព​នៃ​ការ​គោរព និង​ភាព​សប្បុរស​នេះ បាន​បណ្តាល​ចិត្ត​ពិភព​លោក​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ជំងឺ​អេដស៍ ដោយ​សេចក្តី​មេត្តា និង​ការ​អាណិត​ស្រដៀង​នេះ​ផង​ដែរ។​

រូបភាព​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​ឡាយ ដោយ​ឥត​គិត​ថ្លៃ និង​ដោយ​ព្រះ​ទ័យ​ដ៏​សប្បុរស។ លោក​យ៉ូហាន​បាន​រំឭក​អ្នក​ជឿ​ព្រះ​យេស៊ូវ​នៅ​សម័យ​ដើម​ថា ការ​បណ្តោយ​ឲ្យ​ក្តី​ស្រឡាញ់​ក្រៀម​ស្វិត ឬ​លាក់​ខ្លួន ដោយសារ​ការ​ភ័យ​ខ្លាច គឺ​ជា​ការ​រស់​នៅ​ជាប់ “ក្នុង​សេចក្តី​ស្លាប់” នៅ​ឡើយ​(១យ៉ូហាន ៣:១៤)។ ហើយ​ការ​ស្រឡាញ់ ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច ដោយ​អំណាច និង​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​ការ​ពិសោធន៍​នឹង​ជីវិត​នៃ​ការ​រស់​ឡើង​វិញ ក្នុង​ភាព​ពេញ​លេញ​របស់​វា​(ខ.១៤,១៦)។—Monica La Rose