ពេល​ដែល​ភ្ញៀវ​ទេសចរណ៍​ឈរ​នៅ​លើ​ស្ពាន ដែល​គេ​បាន​សង់​នៅ​លើ​កោះ​អេលូថេរ៉ា ​ជា​កោះ​តូច​មួយ នៅ​តំបន់​ខារីប៊ីន ពួក​គេ​អាច​ទស្សនា​ទេសភាព​សមុទ្រ ដោយ​ស្ងើច​សរសើរ​ភាព​ខុស​គ្នា​ដាច់ រវាង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ចាស់​នៃ​មហា​សមុទ្រ​អាត្លង់ទិច​ដែល​កំពុង​កម្រើក​រំពើក និង​ទឹក​សមុទ្រ​ពណ៌​ខៀវខ្ចី​ដ៏​ស្ងប់​ស្ងាត់ នៃ​សមុទ្រ​ខារីប៊ីន។ កាល​ពី​មុន នៅ​លើ​កោះ​នោះ មាន​ផ្ទាំង​ថ្ម​មាន​រាង​កោង​ខ្ពស់ ដូច​ស្ពាន​ដែល​តភ្ជាប់​ដី​មួយ​កន្លែង​មាន​រាង​ទ្រវែង តែ​ខ្យល់​ព្យុះ​បក់​បោក​មក​ជា​ញឹកញាប់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ស្ពាន​ថ្ម​ធម្មជាតិ​នោះ​បាក់​បែក។ សព្វ​ថ្ងៃ​នេះ ស្ពានថ្ម​កោង​ខ្ពស់ ដែល​មាន​សណ្ឋាន​ដូច​បង្អួច​កញ្ចក់​នោះ បាន​ក្លាយ​ជា​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម នៅ​លើ​កោះ​អេលូតេរ៉ា ដែល​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា “ច្រក​តូច​ចង្អៀត​បំផុត​នៅ​លើ​ផែនដី”។​

ព្រះគម្ពីរ​ប៊ីប​បាន​ពិពណ៌នា​ថា ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ(ម៉ាថាយ ៧:១៤)។ ទ្វារ​នោះ​តូច ព្រោះ​ព្រះ​រាជបុត្រា​នៃ​ព្រះ ជា​ស្ពាន​តែ​មួយ ដែល​អាច​ផ្សះផ្សា​មនុស្ស​មាន​បាប និង​ព្រះ​វរបិតា តាម​រយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​(ខ.១៣-១៤ មើល យ៉ូហាន ១០:៧-៩ ១៦:១៣)។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា មនុស្ស​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​ឋានៈ អាច​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ហើយ​នឹង​ថ្វាយ​បង្គំ​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ថ្វាយ​បង្គំ​ទាំង​អស់​គ្នា នៅ​ជុំវិញ​បល្ល័ង្ក​ទ្រង់​(វិវរណៈ ៥:៩)។ ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ភាព​ខុស​គ្នា និង​ការ​រួប​រួម​នេះ គឺ​បាន​រាប់​បញ្ចូល​រាស្រ្ត​ទំាង​អស់​របស់​ព្រះ គឺ​គ្រប់​​ជាតិ​សាសន៍ និង​ភាសា​ លើ​ផែន​ដី។

មនុស្ស​បាន​ដាច់​ចេញ​ពី​ព្រះ ដោយសារ​អំពើ​បាប តែ​ព្រះ​អង្គ​បាន​អញ្ជើញ​មនុស្ស​ម្នាក់​ៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត​ ឲ្យ​ចូល​ទៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ក្នុង​នគរ​ស្ថាន​សួគ៌ ដោយ​ដើរ​តាម​ទ្វារ​ដ៏​ចង្អៀត នៃ​ការ​ផ្សះផ្សា​តាម​រយៈ​ការ​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​គ្រីស្ទ។ ការ​លះបង់​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ទៅ​នគរ​ស្ថាន​សួគ៌​វិញ ជា​ដំណឹង​ល្អ សម្រាប់​ឲ្យ​មនុស្ស​គ្រប់​រូប​ទទួល និង​សក្តិសម​នឹង​ឲ្យ​យើង​ចែក​​​ជា​រៀង​រាល់​ថ្ងៃ។​—Xochitl Dixon