ពេលដែលភ្ញៀវទេសចរណ៍ឈរនៅលើស្ពាន ដែលគេបានសង់នៅលើកោះអេលូថេរ៉ា ជាកោះតូចមួយ នៅតំបន់ខារីប៊ីន ពួកគេអាចទស្សនាទេសភាពសមុទ្រ ដោយស្ងើចសរសើរភាពខុសគ្នាដាច់ រវាងទឹកសមុទ្រពណ៌ខៀវចាស់នៃមហាសមុទ្រអាត្លង់ទិចដែលកំពុងកម្រើករំពើក និងទឹកសមុទ្រពណ៌ខៀវខ្ចីដ៏ស្ងប់ស្ងាត់ នៃសមុទ្រខារីប៊ីន។ កាលពីមុន នៅលើកោះនោះ មានផ្ទាំងថ្មមានរាងកោងខ្ពស់ ដូចស្ពានដែលតភ្ជាប់ដីមួយកន្លែងមានរាងទ្រវែង តែខ្យល់ព្យុះបក់បោកមកជាញឹកញាប់ អស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យស្ពានថ្មធម្មជាតិនោះបាក់បែក។ សព្វថ្ងៃនេះ ស្ពានថ្មកោងខ្ពស់ ដែលមានសណ្ឋានដូចបង្អួចកញ្ចក់នោះ បានក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយម នៅលើកោះអេលូតេរ៉ា ដែលគេបានដាក់ឈ្មោះឲ្យថា “ច្រកតូចចង្អៀតបំផុតនៅលើផែនដី”។
ព្រះគម្ពីរប៊ីបបានពិពណ៌នាថា ឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ(ម៉ាថាយ ៧:១៤)។ ទ្វារនោះតូច ព្រោះព្រះរាជបុត្រានៃព្រះ ជាស្ពានតែមួយ ដែលអាចផ្សះផ្សាមនុស្សមានបាប និងព្រះវរបិតា តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(ខ.១៣-១៤ មើល យ៉ូហាន ១០:៧-៩ ១៦:១៣)។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរក៏បានចែងផងដែរថា មនុស្សមកពីគ្រប់ជាតិសាសន៍ គ្រប់ឋានៈ អាចចូលទៅក្នុងនគរស្ថានសួគ៌ ហើយនឹងថ្វាយបង្គំស្តេចលើអស់ទាំងស្តេច ហើយថ្វាយបង្គំទាំងអស់គ្នា នៅជុំវិញបល្ល័ង្កទ្រង់(វិវរណៈ ៥:៩)។ ទិដ្ឋភាពដ៏អស្ចារ្យនៃភាពខុសគ្នា និងការរួបរួមនេះ គឺបានរាប់បញ្ចូលរាស្រ្តទំាងអស់របស់ព្រះ គឺគ្រប់ជាតិសាសន៍ និងភាសា លើផែនដី។
មនុស្សបានដាច់ចេញពីព្រះ ដោយសារអំពើបាប តែព្រះអង្គបានអញ្ជើញមនុស្សម្នាក់ៗដែលព្រះអង្គបានបង្កើត ឲ្យចូលទៅក្នុងភាពអស់កល្បជានិច្ច ក្នុងនគរស្ថានសួគ៌ ដោយដើរតាមទ្វារដ៏ចង្អៀត នៃការផ្សះផ្សាតាមរយៈការមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះគ្រីស្ទ។ ការលះបង់របស់ព្រះអង្គនៅលើឈើឆ្កាង ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅនគរស្ថានសួគ៌វិញ ជាដំណឹងល្អ សម្រាប់ឲ្យមនុស្សគ្រប់រូបទទួល និងសក្តិសមនឹងឲ្យយើងចែកជារៀងរាល់ថ្ងៃ។—Xochitl Dixon