លោក​ប៊ីលី ក្រហាំ(Billy Graham) ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​អាមេរិក​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​រៀប​រាប់​ថា កាល​ពី​មុន គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​ថា អ្វី​ៗ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប សុទ្ធ​តែ​ជា​សេចក្តី​ពិត។ នៅ​យប់​មួយ​នោះ គាត់​បាន​ដើរ​ម្នាក់​ឯង ក្រោម​ពន្លឺ​ដួង​ច័ន្ទ នៅ​ក្នុង​មជ្ឈ​មណ្ឌល​វិស្សម​កាល​មួយ ក្នុង​តំបន់​ភ្នំ​សាន បឺណាឌីណូ។ គាត់​ក៏​បាន​លត់​ជង្គង់​ចុះ ហើយ​ក៏​បាន​ដាក់​ព្រះ​គម្ពីរ​ប៊ីប​របស់​គាត់ នៅ​លើ​គល់ឈើ​មួយ ហើយ​ពោល​ពាក្យ​អធិស្ឋាន​យ៉ាង​ខ្លី​ថា “ព្រះ​អង្គ​អើយ មាន​សេចក្តី​ជាច្រើន​ក្នុង​សៀវភៅ​នេះ ដែល​ទូល​បង្គំ​មើល​មិន​យល់”។

គាត់​ក៏​បាន​សារភាព អំពី​ការ​ភាន់​ច្រឡំ​របស់​គាត់ ហើយ​ទី​បំផុត ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​និយាយ​ថា “ព្រះវរបិតា ទូល​បង្គំ​សូម​ទទួល​ស្គាល់ ដោយ​ជំនឿ​ថា ព្រះ​គម្ពីរ​ប៊ីប​ជា​ព្រះ​បន្ទូល​ព្រះ​អង្គ!” ពេល​ដែល​គាត់​ក្រោក​ឈរ​ឡើង​វិញ គាត់​នៅ​មាន​សំណួរ តែ​គាត់​និយាយ​ថា “ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​តយុទ្ធ​នឹង​សង្រ្គាម​ខាង​វិញ្ញាណ ក្នុង​ព្រលឹង​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឈ្នះ​ហើយ”។​

ហោរា​វ័យ​ក្មេង ឈ្មោះ​យេរេមា ក៏​បាន​តយុទ្ធ​នឹង​សង្រ្គាម​ខាង​វិញ្ញាណ​ផង​ដែរ។ តែ​គាត់​តែង​តែ​ស្វែង​រក​ចម្លើយ នៅ​ក្នុង​ព្រះ​គម្ពីរ។ គឺ​ដូច​ដែល​គាត់​បាន​អធិស្ឋាន​ថា “ទូលបង្គំ​បាន​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះបន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូលបង្គំ”(យេរេមា ១៥:១៦)។ ហើយ​គាត់​បាន​ប្រកាស​ថា ព្រះ​បន្ទូល​ព្រះ​អម្ចាស់ នៅ​ក្នុង​ចិត្ត​គាត់ ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​ក្នុង​ឆ្អឹង​របស់​គាត់(២០:៨-៩)។ លោក​ឆាល ស្ពើជិន(Charles Spurgeon) ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ នៅ​សតវត្សរ៍​ទី​១៩ បាន​សរសេរ​ថា “លោក​យេរេមា​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​សេចក្តី​អាថ៌​កំបាំង​មួយ។ ការ​រស់​នៅ​របស់​គាត់ និង​ជា​ពិសេស​កិច្ចការ​ដ៏​ស្មោះ​ត្រង់ ដែល​គាត់​ធ្វើ​បម្រើ​ព្រះ គឺ​បាន​កើត​ចេញ​ពី​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ព្រះ​បន្ទូល​ព្រះ ដែល​គាត់​បាន​ចែក​ចាយ​ដល់​គេ”​។​

យើង​ក៏​អាច​រស់​នៅ ដោយ​ផ្អែក​ទៅ​លើ​ប្រាជ្ញា​នៃ​ព្រះ​គម្ពីរ​ប៊ីប ទោះ​យើង​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។ យើង​នៅ​តែ​អាច​សិក្សា​ព្រះ​បន្ទូល ដោយ​ជំនឿ​ជា​និច្ច។—Patricia Raybon