យើងបានដើរចូលក្នុងព្រៃកាន់តែជ្រៅទៅៗ ចេញទៅកាន់តែឆ្ងាយ ពីភូមិមួយ នៅខេត្តយូណាន ប្រទេសចិន។ ប្រហែល១ម៉ោងក្រោយមក យើងក៏បានឮសម្លេងទឹកធ្លាក់ដ៏ទ្រហឹង។ យើងក៏បានបោះជំហានកាន់តែញាប់ជាងមុន ហើយមិនយូរប៉ុន្មានក៏បានទៅដល់ទីតាំងដ៏ស្រឡះមួយ ក្នុងព្រៃ ដោយទទួលបាននូវការស្វាគមន៍ ពីទេសភាពដ៏ស្រស់ស្អាត នៃទឹកធ្លាក់ដូចវាំងនន លើថ្មពណ៌ប្រផេះ។ ពិតជាគួរឲ្យចង់ទស្សនាណាស់!
អ្នករួមដំណើរជាមួយយើង ដែលរស់នៅក្នុងភូមិដែលយើងបានចាកចេញប្រហែល១ម៉ោងមុន ក៏បានសម្រេចចិត្តថា យើងគួរតែញាំអាហារ ជាលក្ខណៈពិចនិចនៅកន្លែងនោះ។ នេះជាគំនិតល្អណាស់ ប៉ុន្តែ តើអាហាររបស់យើងនៅឯណា? យើងមិនបានយកអាហារមកជាមួយទេ។ មិត្តភក្តិទាំងនោះក៏បានចូលទៅក្នុងព្រៃដែលនៅជុំវិញខ្លួនយើង ហើយក៏បានត្រឡប់មកវិញ ដោយនាំយកផ្លែឈើ និងបន្លែជាច្រើនប្រភេទ ហើយថែមទាំងមានត្រីទៀត។ ផ្លែស៊ូស៊ាំងខាយ មានរូបរាងចម្លែក និងមានផ្កាតូចៗពណ៌ស្វាយ តែមានរស់ជាតិឆ្ងាញ់ ដូចផ្លែឈើមកពីស្ថានសួគ៌!
ខ្ញុំក៏បាននឹកចាំថា ស្នាព្រះហស្តរបស់ព្រះបានប្រកាស អំពីការផ្គត់ផ្គង់ដ៏ហូរហៀររបស់ព្រះ។ យើងអាចមើលឃើញភស្តុតាងនៃសេចក្តីសប្បុរសរបស់ព្រះ នៅក្នុង “រុក្ខជាតិមានផ្លែតាមពូជដែរ ហើយមានគ្រាប់នៅក្នុងផ្លែ”(លោកុប្បត្តិ ១:១២)។ ព្រះទ្រង់បានបង្កើត និងប្រទានយើងនូវអាហារ ពីរុក្ខជាតិដែលមានគ្រាប់ និងពីដើមឈើដែលមានផ្លែ ហើយមានគ្រាប់ក្នុងផ្លែ(ខ.២៩)។
តើពេលខ្លះ អ្នកមានការពិបាក នៅក្នុងការទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះឬទេ? សូមអ្នកដើរចូលទៅក្នុងធម្មជាតិ។ តាមរយៈអ្វីដែលអ្នកបានឃើញ ក្នុងធម្មជាតិ ចូរនឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលបានធានាថា “កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ … ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ”(ម៉ាថាយ ៦:៣១-៣២)។—Poh Fang Chia