យើង​បាន​ដើរ​ចូល​ក្នុង​ព្រៃ​កាន់​តែ​ជ្រៅ​ទៅ​ៗ​ ចេញ​ទៅ​កាន់​តែ​ឆ្ងាយ​ ពី​ភូមិ​មួយ នៅ​ខេត្ត​យូណាន ប្រទេស​ចិន។ ប្រហែល​១​ម៉ោង​ក្រោយ​មក យើង​ក៏​បាន​ឮ​សម្លេង​ទឹក​ធ្លាក់​ដ៏​ទ្រហឹង​។ យើង​ក៏​បាន​បោះ​ជំហាន​កាន់​តែ​ញាប់​ជាង​មុន ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​បាន​ទៅ​ដល់​ទីតាំង​ដ៏​ស្រឡះ​មួយ ក្នុង​ព្រៃ ដោយ​ទទួល​បាន​នូវ​ការ​ស្វាគមន៍ ពី​ទេសភាព​ដ៏​ស្រស់​ស្អាត នៃ​ទឹក​ធ្លាក់​ដូច​វាំង​នន លើ​ថ្ម​ពណ៌​ប្រផេះ។ ពិត​ជា​គួរ​ឲ្យ​ចង់​ទស្សនា​ណាស់!

អ្នក​រួម​ដំណើរ​ជា​មួយ​យើង ដែល​រស់​នៅ​ក្នុង​ភូមិ​ដែល​យើង​បាន​ចាក​ចេញ​ប្រហែល​១​ម៉ោង​មុន ក៏​បាន​សម្រេច​ចិត្ត​ថា យើង​គួរ​តែ​ញាំ​អាហារ ជា​លក្ខណៈ​ពិចនិច​នៅ​កន្លែង​នោះ។ នេះ​ជា​គំនិត​ល្អ​ណាស់ ប៉ុន្តែ តើ​អាហារ​របស់​យើង​នៅ​ឯណា? យើង​មិន​បាន​យក​អាហារ​មក​ជា​មួយ​ទេ។ មិត្ត​ភក្តិ​ទាំង​នោះ​ក៏​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​ក៏​បាន​ត្រឡប់​មក​វិញ ដោយ​នាំ​យក​ផ្លែ​ឈើ និង​បន្លែ​ជា​ច្រើន​ប្រភេទ ហើយ​ថែម​ទាំង​មាន​ត្រី​ទៀត។ ផ្លែ​ស៊ូស៊ាំងខាយ មាន​រូប​រាង​ចម្លែក និង​មាន​ផ្កា​តូច​ៗ​ពណ៌​ស្វាយ តែ​មាន​រស់​ជាតិ​ឆ្ងាញ់ ដូច​ផ្លែ​ឈើ​មក​ពី​ស្ថានសួគ៌!

ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ស្នា​ព្រះ​ហស្ត​របស់​ព្រះ​បាន​ប្រកាស អំពី​ការ​ផ្គត់​ផ្គង់​ដ៏​ហូរ​ហៀរ​របស់​ព្រះ។ យើង​អាច​មើល​ឃើញ​ភស្តុតាង​នៃ​សេចក្តី​សប្បុរស​របស់​ព្រះ ​នៅ​ក្នុង “​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ”(លោកុប្បត្តិ ១:១២)។ ព្រះ​ទ្រង់​បាន​បង្កើត និង​ប្រទាន​យើង​នូវ​អាហារ ពី​រុក្ខជាតិ​ដែល​មាន​គ្រាប់ និង​ពី​ដើម​ឈើ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​ក្នុង​ផ្លែ(ខ.២៩)។

តើ​ពេល​ខ្លះ អ្នក​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ឬ​ទេ? សូម​អ្នក​ដើរ​ចូល​ទៅ​ក្នុង​ធម្មជាតិ។ តាម​រយៈ​អ្វី​ដែល​អ្នក​បាន​ឃើញ ក្នុង​ធម្មជាតិ ចូរ​នឹក​ចាំ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ដែល​បាន​ធានា​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ … ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ”(ម៉ាថាយ ៦:៣១-៣២)។—Poh Fang Chia