ស្វាមីខ្ញុំ និងកូនប្រុសខ្ញុំបានបើកទូរទស្សន៍ ចេញពីប៉ុស្តិ៍មួយចូលប៉ុស្តិ៍មួយទៀត ដើម្បីរកមើលខ្សែភាពយន្តមួយ ហើយក៏បានឃើញគេកំពុងតែចាក់បញ្ចាំងខ្សែភាពយន្តដែលពួកគេចូលចិត្ត។ ខណៈពេលដែលពួកគេកំពុងអរសប្បាយនឹងការទស្សនាឈុតចុងក្រោយ ការស្វែងរកខ្សែភាពយន្តក៏បានក្លាយជាល្បែងកម្សាន្ត។ ពួកគេក៏រកបានខ្សែភាពយន្ត៨រឿង ដែលពួកគេចូលចិត្ត។ ដោយមានការនឿយណាយ ខ្ញុំក៏បានសួរពួកគេថា ហេតុអ្វីពួកគេមិនសម្រេចចិត្តមើលខ្សែភាពយន្តពីដើមដល់ចប់។ ស្វាមីខ្ញុំក៏បាននិយាយទាំងអស់សំណើចថា “តើនរណាមិនចូលចិត្តចុងបញ្ចប់ដ៏អស្ចារ្យ”។
ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំក៏ទន្ទឹងរង់ចាំមើលចុងបញ្ចប់នៃសៀវភៅ ឬខ្សែភាពយន្តដែលខ្ញុំចូលចិត្តផងដែរ។ ខ្ញុំបានបើកមើលព្រះគម្ពីរប៊ីបត្រួសៗ ហើយផ្តោតទៅលើតែផ្នែក ឬរឿងដែលខ្ញុំចូលចិត្តជាងគេ ដែលហាក់ដូចជាងាយទទួល និងងាយយល់ជាងគេ។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធបានប្រើព្រះបន្ទូលទំាងអស់របស់ព្រះ ដែលអាចពឹងផ្អែក និងអនុវត្តតាមបាន ដើម្បីកែប្រែយើង ហើយបញ្ជាក់ថា រឿងរបស់ព្រះអង្គនឹងបញ្ចប់បានល្អ សម្រាប់អ្នកជឿព្រះយេស៊ូវ។
ព្រះគ្រីស្ទបានប្រកាសថា ព្រះអង្គជា “អាល់ហ្វា និងអូមេហ្គា ជាដើម និងជាចុង”(វិវរណៈ ២២:១៣)។ ព្រះអង្គប្រកាសថា រាស្រ្តព្រះអង្គ និងទទួលជីវិតអស់កល្បជាមរតក(ខ.១៤) ហើយបានព្រមានអ្នកដែលហ៊ានបន្ថែម ឬបន្ថយសេចក្តីទំនាយ ក្នុងព្រះគម្ពីរ(ខ.១៨-១៩)។
យើងប្រហែលមិនស្គាល់ ឬយល់អ្វីៗទំាងអស់ ក្នុងព្រះគម្ពីរប៊ីបឡើយ តែយើងពិតជាដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញម្តងទៀត។ ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលព្រះអង្គ។ ព្រះអង្គនឹងបំផ្លាញបាប ធ្វើឲ្យអ្វីៗប្រែជាត្រឹមត្រូវ និងថ្មីឡើងវិញ ហើយគ្រងរាជ្យជាក្សត្រដែលមានក្តីស្រឡាញ់អស់កល្បជានិច្ច។ នេះជាចុងបញ្ចប់ដ៏អស្ចារ្យ ដែលនាំទៅរកការចាប់ផ្តើមជាថ្មីរបស់យើង!—Xochitl Dixon