ពេល​ដែល​ការ​ព្យាបាល​របស់​ពេទ្យ បាន​ចាប់​ផ្តើម​ផ្តល់​ឲ្យ​នូវ​ភាព​ធូរ​ស្រាល សម្រាប់​សមាជិក​ក្រុម​គ្រួសារ​ម្នាក់ ដែល​មាន​បញ្ហា​ប្រតិកម្ម​ម្ហូប​អាហារ​ធ្ងន់ធ្ងរ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់ បាន​ជា​ខ្ញុំ​ជជែក​អំពី​រឿង​នេះ​ជានិច្ច។ ខ្ញុំ​បាន​រៀប​រាប់ អំពី​ដំណើរ​នៃ​ការ​ព្យាបាល​ដ៏​ល្អិត​ល្អន់ ហើយ​សរសើរ​វេជ្ជបណ្ឌិត ដែល​បាន​បង្កើត​កម្ម​វិធី​នេះ។ ទី​បំផុត មិត្ត​ភក្តិ​មួយ​ចំនួន​ក៏​បាន​និយាយ​ថា “យើង​គិត​ថា យើង​គួរ​តែ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ សម្រាប់​ការ​ប្រោស​ឲ្យ​ជា”។ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ទ្រឹង​មួយ​កន្លែង។ តើ​ខ្ញុំ​បាន​ភ្លេច​ព្រះ​ដែល​ជា​គ្រូ​ពេទ្យ​​ល្អ​បំផុត ហើយ​បែរ​ជា​ថ្វាយ​បង្គំ​​ការ​ប្រោស​ឲ្យ​ជា ដូច​​រូប​ព្រះ​ឬ?

ប្រជាជន​អ៊ីស្រាអែល​ក៏​ធ្លាប់​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ស្រដៀង​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ដុត​កំញាន​ថ្វាយ​រូប​ពស់​លង្ហិន ដែល​ព្រះ​ទ្រង់​ធ្លាប់​បាន​ប្រើ ដើម្បី​ប្រោស​ពួក​គេ​ឲ្យ​ជា។ ពួកគេ​បាន​អនុវត្ត​នូវ​ការ​ថ្វាយ​បង្គំ​នេះ ទាល់​តែ​ស្តេច​ហេសេគា​បាន​ចាត់​ទុក​ការ​នេះ​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ក៏​បាន​បំផ្លាញ​រូប​ពស់​ដែល​លោកម៉ូ​សេ​បាន​បង្កើត​នោះ​(២ពង្សាវតាក្សត្រ ១៨:៤)។

កាល​ប៉ុន្មាន​សតវត្សរ៍​មុន សត្វ​ពស់​មួយ​ហ្វូង​បាន​ចូល​កន្លែង​បោះ​ជំរុំ​របស់​ពួក​អ៊ីស្រាអែល។ សត្វ​ពស់​ក៏​បាន​ចឹក​ពួក​គេ ហើយ​មនុស្ស​ជាច្រើន​បាន​ស្លាប់(ជនគណនា ២១:៦)។ ទោះ​ការ​បះ​បោរ​ខាង​វិញ្ញាណ បាន​បណ្តាល​ឲ្យ​មាន​បញ្ហា ពួក​បណ្តាជន​ក៏​បាន​ស្រែក​សូម​ឲ្យ​ព្រះ​ជួយ។ ព្រះ​អង្គ​ក៏​បាន​បង្ហាញ​សេចក្តី​មេត្តា ដោយ​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ឆ្លាក់​រូប​ពស់​ពី​លង្ហិន ចង​ជាប់​នឹង​បង្គោល លើក​ឲ្យ​ខ្ពស់ ដើម្បី​ឲ្យ​គេ​រាល់​គ្នា​អាច​មើល​ឃើញ។ ពេល​ដែល​ពួក​បណ្តា​ជន​មើល​ទៅ​រូប​ពស់​នោះ ពួក​គេ​ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​(ខ.៤-៩)។

ចូរ​គិត​អំពី​អំណោយ​ដែល​ព្រះ​ប្រទាន​អ្នក។ តើ​អ្នក​បាន​សរសើរ​អំណោយ​ណា​មួយ ជា​ជាង​នឹក​ចាំ​អំពី​ភស្តុតាង​នៃ​សេចក្តី​មេត្តា និង​ព្រះ​គុណ​របស់​ព្រះ​ឬ​ទេ? មាន​តែ​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង ដែល​ជា​ប្រភព​នៃ​អំណោយ​ល្អ​ៗ​(យ៉ាកុប ១:១៧) ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ថ្វាយ​បង្គំ​។​—Jennifer Benson Schuldt