បន្ទាប់ពី​លោក​ដ្វាយ ម៉ូឌី(Dwight Moody ឆ្នាំ ១៨៣៧-៩៩) បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង អ្នក​ផ្សាយ​ដំណឹង​ល្អ​រូប​នេះ​ក៏​បាន​ប្តេជ្ញា​ថា គាត់​នឹង​មិន​ឲ្យ​ថ្ងៃ​នីមួយ​ៗ​កន្លង​ផុត​ទៅ ដោយ​មិន​បាន​ផ្សាយ​ដំណឹង​ល្អ យ៉ាង​ហោច​ណាស់ ឲ្យ​បាន​មនុស្ស​ម្នាក់​ ក្នុង​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ដ៏​មមាញឹក ពេល​ខ្លះ គាត់​បាន​ភ្លេច​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់ រហូត​ដល់​ពេល​ថ្ងៃ​បាន​កន្លង​ផុត​ទៅ។ នៅ​​យប់​មួយ​នោះ គាត់​ក៏​បាន​នឹក​ឃើញ ពេល​គាត់​កំពុង​គេង។ ពេល​គាត់​បោះ​ជំហាន​ចេញ​ក្រៅ គាត់​ក៏​បាន​គិត​ថា គ្មាន​នរណា​ម្នាក់​នៅ​ខាង​ក្រៅ ពេល​ភ្លៀង​កំពុង​តែ​ធ្លាក់​ខ្លាំង​យ៉ាង​នេះ​ទេ។  បន្ទាប់​មក គាត់​ក៏​បាន​ឃើញ​បុរស​ម្នាក់​ដើរ​តាម​ផ្លូវ។ លោក​មូឌី​ក៏​បាន​ស្ទុះ​ទៅ​រក​បុរស​នោះ ហើយ​សុំ​ឲ្យ​បុរស​នោះ​ជ្រក​ក្រោម​ឆ័ត្រ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ត្រូវ​ទឹក​ភ្លៀង។ ពេល​គាត់​មាន​ឱកាស គាត់​ក៏​បាន​សួរ​បុរស​នោះ​ថា “តើ​អ្នក​មាន​កន្លែង​ជ្រក នៅ​ពេល​មាន​ព្យុះ​ភ្លៀង​ឬ​ទេ? តើ​ខ្ញុំ​អាច​និយាយ​អំពី​ព្រះ​យេស៊ូវ ប្រាប់​អ្នក​បាន​ទេ?”

លោក​មូឌី​មាន​ការ​ប្រុង​ប្រៀប​ខ្លួន ដើម្បី​ផ្សាយ​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​ផល​វិបាក​នៃ​អំពើ​បាប​របស់​យើង។ គាត់​បាន​អនុវត្ត​តាម​បង្គាប់​របស់​ព្រះ ឲ្យ​ពួក​អ៊ីស្រាអែល​ប្រកាស​ព្រះ​នាម​ព្រះ​អង្គ និង​សរសើរ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ នៅ​កណ្តាល​ប្រជាជាតិ​ទាំងឡាយ(អេសាយ ១២:៤)។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ “ប្រកាស​ថា ព្រះ​នាម​ទ្រង់​ខ្ពស់​វិសេស”ប៉ុណ្ណោះ​ទេ(ខ.៤) តែ​ពួក​គេ​ក៏​ត្រូវ​ចែក​ចាយ​ថា ទ្រង់​ជា​សេចក្តី​សង្រ្គោះ​របស់​ពួក​គេ​ផង​ដែរ​(ខ.២)។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ព្រះ​អង្គ​នៅ​តែ​ត្រាស់​ហៅ​យើង ឲ្យ​ប្រាប់​គេ អំពី​ការ​អស្ចារ្យ នៃ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យក​កំណើត​ជា​មនុស្ស សុគត​នៅ​លើ​ឈើ​ឆ្កាង ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

យើង​ប្រហែល​ជា​បាន​ឮ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ពេល​ដែល​នរណា​ម្នាក់​បាន​ចាក​ចេញ​ពី​ភាព​ស្រណុក​ស្រួល​របស់​ខ្លួន ដើម្បី​ប្រាប់​យើង​អំពី​ព្រះ​យេស៊ូវ ដូច​ដែល​លោក​មូឌី​បាន​ធ្វើ។ ហើយ​យើង​ក៏​អាច​នាំ​ឲ្យ​គេ​ស្គាល់​ព្រះ ដែល​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​បាប តាម​មធ្យោបាយ​ដែល​យើង​មាន​ផង​ដែរ។—Amy Boucher Pye