ខ្ញុំ​បាន​សរសេរ​សំបុត្រ ផ្ញើ​ទៅ​កូន​ៗ​របស់​ខ្ញុំ ពេល​ដែល​ពួក​គេ​ម្នាក់​ៗ​ចូល​ដល់​វ័យ​ជំទង់។ មាន​ពេល​មួយ ខ្ញុំ​បាន​សរសេរ​អំពី​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះ​គ្រីស្ទ ដោយ​នឹក​ចាំ​ថា កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​មិន​បាន​ស្គាល់​ខ្លួន​ឯង​ច្បាស់ ដោយ​ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ខ្ញុំ​ត្រូវ​ដឹង​ថា ខ្ញុំ​ជា​កូន​ស្ងួនភ្ងា​របស់​ព្រះ។ ខ្ញុំ​ក៏​បាន​និយាយ​ក្នុង​សំបុត្រ​នោះ​ថា “ដើម្បី​ស្គាល់​ខ្លួន​ឯង​ជា​នរណា យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ”។ ពេល​ណា​យើង​ដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​យើង ហើយ​យើង​ប្តេជ្ញា​ចិត្ត​ដើរ​តាម​ព្រះ​អង្គ នោះ​យើង​អាច​មាន​សន្តិ​ភាព ចំពោះ​ការ​ផ្លាស់​ប្រែ​ដែល​ទ្រង់​ប្រទាន​ក្នុង​ជីវិត​យើង។ ហើយ​យើង​ក៏​ដឹង​ផង​ដែរ​ថា ព្រះ​អង្គ​កែ​ប្រែ​យើង ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ។​

យើង​អាច​រក​ឃើញ​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ព្រះ​គម្ពីរ សម្រាប់​អត្ត​សញ្ញាណ​របស់​យើង​ ជា​កូន​ព្រះ ក្នុង​បទ​គម្ពីរ​ចោទិយកថា ៣៣:១២ ដែល​ចែង​ថា “អ្នក​ស្ងួនភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខសាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះអង្សា​ទាំង​២​របស់​ទ្រង់”។ មុន​ពេល​លោក​ម៉ូសេ​ស្លាប់ គាត់​បាន​អធិស្ឋាន​សូម​ព្រះ​ពរ សម្រាប់​ពូជ​អំបូ​បេនយ៉ាមីន ខណៈ​ពេល​ដែល​រាស្រ្ត​របស់​ព្រះ​ត្រៀម​ខ្លួន ចូល​ទឹក​ដី​សន្យា ដែល​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ពួក​គេ។  ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​ចង​ចាំ​ជា​និច្ច​ថា ពួក​គេ​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់ ហើយ​សម្រាក​ក្នុង​អត្ត​សញ្ញាណ​របស់​ពួក​គេ ដែល​ជា​កូន​ទ្រង់។​

ការ​ស្គាល់​អត្ត​សញ្ញាណ​របស់​យើង ជា​កូន​ព្រះ គឺ​សំខាន់​សម្រាប់​មនុស្ស​ម្នាក់​ៗ​ដូច​គ្នា គឺ​ទាំង​ក្មេង​ជំទង់ មនុស្ស​វ័យ​កណ្តាល និង​អ្នក​ដែល​មាន​វ័យ​ចាស់។ ពេល​ណា​យើង​ដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក ហើយ​ថែរក្សា​យើង នោះ​យើង​អាច​រក​ឃើញ​សន្តិភាព ក្តី​សង្ឃឹម និង​ក្តី​ស្រឡាញ់។—Amy Boucher Pye