Month: August 2021

ការចែកចាយអំពីព្រះយេស៊ូវ

បន្ទាប់ពី​លោក​ដ្វាយ ម៉ូឌី(Dwight Moody ឆ្នាំ ១៨៣៧-៩៩) បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង អ្នក​ផ្សាយ​ដំណឹង​ល្អ​រូប​នេះ​ក៏​បាន​ប្តេជ្ញា​ថា គាត់​នឹង​មិន​ឲ្យ​ថ្ងៃ​នីមួយ​ៗ​កន្លង​ផុត​ទៅ ដោយ​មិន​បាន​ផ្សាយ​ដំណឹង​ល្អ យ៉ាង​ហោច​ណាស់ ឲ្យ​បាន​មនុស្ស​ម្នាក់​ ក្នុង​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ដ៏​មមាញឹក ពេល​ខ្លះ គាត់​បាន​ភ្លេច​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់ រហូត​ដល់​ពេល​ថ្ងៃ​បាន​កន្លង​ផុត​ទៅ។ នៅ​​យប់​មួយ​នោះ គាត់​ក៏​បាន​នឹក​ឃើញ ពេល​គាត់​កំពុង​គេង។ ពេល​គាត់​បោះ​ជំហាន​ចេញ​ក្រៅ គាត់​ក៏​បាន​គិត​ថា គ្មាន​នរណា​ម្នាក់​នៅ​ខាង​ក្រៅ ពេល​ភ្លៀង​កំពុង​តែ​ធ្លាក់​ខ្លាំង​យ៉ាង​នេះ​ទេ។  បន្ទាប់​មក គាត់​ក៏​បាន​ឃើញ​បុរស​ម្នាក់​ដើរ​តាម​ផ្លូវ។ លោក​មូឌី​ក៏​បាន​ស្ទុះ​ទៅ​រក​បុរស​នោះ ហើយ​សុំ​ឲ្យ​បុរស​នោះ​ជ្រក​ក្រោម​ឆ័ត្រ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ត្រូវ​ទឹក​ភ្លៀង។ ពេល​គាត់​មាន​ឱកាស គាត់​ក៏​បាន​សួរ​បុរស​នោះ​ថា “តើ​អ្នក​មាន​កន្លែង​ជ្រក នៅ​ពេល​មាន​ព្យុះ​ភ្លៀង​ឬ​ទេ? តើ​ខ្ញុំ​អាច​និយាយ​អំពី​ព្រះ​យេស៊ូវ ប្រាប់​អ្នក​បាន​ទេ?”

លោក​មូឌី​មាន​ការ​ប្រុង​ប្រៀប​ខ្លួន ដើម្បី​ផ្សាយ​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​ផល​វិបាក​នៃ​អំពើ​បាប​របស់​យើង។ គាត់​បាន​អនុវត្ត​តាម​បង្គាប់​របស់​ព្រះ ឲ្យ​ពួក​អ៊ីស្រាអែល​ប្រកាស​ព្រះ​នាម​ព្រះ​អង្គ និង​សរសើរ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ នៅ​កណ្តាល​ប្រជាជាតិ​ទាំងឡាយ(អេសាយ ១២:៤)។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ “ប្រកាស​ថា ព្រះ​នាម​ទ្រង់​ខ្ពស់​វិសេស”ប៉ុណ្ណោះ​ទេ(ខ.៤) តែ​ពួក​គេ​ក៏​ត្រូវ​ចែក​ចាយ​ថា ទ្រង់​ជា​សេចក្តី​សង្រ្គោះ​របស់​ពួក​គេ​ផង​ដែរ​(ខ.២)។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ព្រះ​អង្គ​នៅ​តែ​ត្រាស់​ហៅ​យើង ឲ្យ​ប្រាប់​គេ អំពី​ការ​អស្ចារ្យ នៃ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យក​កំណើត​ជា​មនុស្ស សុគត​នៅ​លើ​ឈើ​ឆ្កាង ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

យើង​ប្រហែល​ជា​បាន​ឮ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ពេល​ដែល​នរណា​ម្នាក់​បាន​ចាក​ចេញ​ពី​ភាព​ស្រណុក​ស្រួល​របស់​ខ្លួន ដើម្បី​ប្រាប់​យើង​អំពី​ព្រះ​យេស៊ូវ ដូច​ដែល​លោក​មូឌី​បាន​ធ្វើ។…

សេចក្តីមេត្តា និងព្រះគុណ

មាន​ដើម​ផ្កា​ឈូករតន៍​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ​ដើម បាន​ឈរ​ដោយ​ខ្លួន​ឯង នៅ​ចំ​កណ្តាល​ផ្លូវជាតិ​ដ៏​ឯកោ​មួយ ដែល​មាន​ចម្ងាយ​ប្រហែល​១​ម៉ែត្រ ពី​ចំណែក​ផ្លូវ​សម្រាប់​បើក​លឿន។ ពេល​ខ្ញុំ​បើក​កាត់​តាម​នោះ អស់​ជា​ច្រើន​គីឡូ​ម៉ែត្រ មិន​ឃើញ​មាន​ដើម​ផ្កា​ឈូករតន៍​ដទៃ​ទៀត​សោះ ដូច​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​វា​បាន​លូត​លាស់​តែ​ឯង​យ៉ាង​ដូច​ម្តេច? មាន​តែ​ព្រះ​ទេ​ដែល​អាច​បង្កើត​រុក្ខ​ជាតិ ដ៏​រឹង​មាំ​យ៉ាង​នេះ ដែល​អាច​លូត​លាស់ ក្នុង​ថ្ម​ប្រផេះ​នៅ​កណ្តាល​ថ្នល់ ជិត​ចំណែក​ផ្លូវ​ដែល​មាន​ចរាចរណ៍​ទៅ​មក។ នៅ​ទីនោះ​វា​បាន​លូត​លាស់​បាន​ល្អ ដោយ​យោល​ខ្លួន​តិច​ៗ តាម​ចរន្ត​ខ្យល់​បក់ ហើយ​បាន​ស្វាគមន៍​អ្នក​ដំណើរ​យ៉ាង​រីក​រាយ ខណៈ​ពេល​ដែល​ពួក​គេ​បើក​កាត់​តាម​នោះ។

កណ្ឌ​គម្ពីរ​សញ្ញាចាស់​បាន​ចែង​អំពី​ប្រវត្តិ​របស់​ស្តេច​យូដា ដ៏​ស្មោះ​ត្រង់​មួយ​អង្គ ដែល​បាន​ធ្វើ​នូវ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​ដល់។ ព្រះ​បិតា និង​ឰយុកោ​ទ្រង់​បាន​បម្រើ​ព្រះ​ដទៃ ដោយ​ចិត្ត​ក្លៀវក្លា តែ បន្ទាប់​ពី​ស្តេច​យ៉ូសៀស​បាន​សោយ​រាជ​បាន​៨​ឆ្នាំ “កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ នោះ​ទ្រង់​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​ឰយុកោ​ទ្រង់”(១របាក្សត្រ ៣៤:៣)។ ទ្រង់​បាន​ចាត់​ពួក​ជាង​ឲ្យ​ទៅ “ជួស​ជុល​ព្រះ​វិហារ​ព្រះ​អម្ចាស់”(ខ.៨) ហើយ​គេ​ក៏​បាន​រក​ឃើញ​គម្ពីរ​ក្រឹត្យ​វិន័យ​(កណ្ឌ​៥​ដំបូង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ខ.១៤)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​បណ្តាល​ចិត្ត​ស្តេច​យ៉ូសៀស ឲ្យ​ដឹកនាំ​នគរ​យូដា​ទំាង​មូល ឲ្យ​វិល​ត្រឡប់​មក​រក​ជំនឿ នៃ​បុព្វបុរស​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​ក៏​បាន​បម្រើ​ព្រះ​អម្ចាស់ “ដរាប​ណា​ស្តេច​យ៉ូសៀស​នៅ​មាន​ព្រះ​ជន្ម”(ខ.៣៣)។

ព្រះ​នៃ​យើង​ជាម្ចាស់​នៃ​សេចក្តី​មេត្តា​ករុណា ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។ ព្រះ​អង្គ​អាច​នាំ​ឲ្យ​ការ​ល្អ​ដ៏​អស្ចារ្យ កើត​មាន ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ចេញ​ពី​ថ្ម​ដ៏​រឹង​នៃ​កាលៈទេសៈ​នៃ​ជីវិត ដែល​មិន​អំណោយ​ផល។ ចូរ​យើង​មើល​ទៅ​ព្រះអង្គ​ឲ្យ​បាន​ច្បាស់។ ព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង​ម្តង​ទៀត នៅ​ថ្ងៃ​នេះ។​—James Banks

អំណាចនៃដំណឹងល្អ

ចក្រភព​រ៉ូម៉ាំង​នៅ​សម័យ​បុរាណ មាន​ដំណឹង​ល្អ​មួយ​បែប តាម​ប្រពៃណី​សាសនា​របស់​ខ្លួន។ លោក​វើជីល(Virgil) ដែល​ជា​កវី​កំណាព្យ បាន​ពិពណ៌នា​ថា ព្រះ​ហ្ស៊ូស ដែល​ជា​ស្តេច​របស់​ពួក​ព្រះ​នៃ​ជន​ជាតិ​ក្រិក បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ ឲ្យ​ជន​ជាតិ​រ៉ូម៉ាំង​មាន​នគរ​មួយ ដែល​គ្មាន​ទី​បញ្ចប់ ឬ​គ្មាន​ព្រំដែន។ ទ្រង់​ក៏​បាន​ជ្រើស​រើស​ស្តេច​អ៊ូគូស្ទូស(Augustus) ឲ្យ​ធ្វើ​ជា​បុត្រា​របស់​ព្រះ និង​ជា​អ្នក​សង្រ្គោះ​ពិភព​លោក ដោយ​នាំ​មក​នូវ​យុគសម័យ​មាស ដែល​មាន​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​មនុស្ស​ទំាង​អស់​សុទ្ធ​តែ​ចាត់​ទុក​គំនិត​នេះ ជា​ដំណឹង​ល្អ​នោះ​ទេ។ សម្រាប់​មនុស្ស​ជា​ច្រើន វា​ជា​រឿង​ពិត​ដែល​គេ​មិន​ចង់​ឲ្យ​កើត​ឡើង តែ​បាន​កើត​ឡើង ដោយសារ​កណ្តាប់​ដៃ​ដែក របស់​កង​ទ័ព និង​ពេជ្ឈឃាត​របស់​ព្រះចៅ​អធិរាជ​អង្គ​នោះ។ ភាព​រុង​រឿង​នៃ​ចក្រ​ភព​រ៉ូម៉ាំង​បាន​សង់​ឡើង នៅ​លើ​ខ្នង​នៃ​ទាសករ ដែល​បម្រើ ដោយ​គ្មាន​សិទ្ធិ​ជា​មនុស្ស ឬ​មាន​ទ្រព្យ​សម្បត្តិ ដើម្បី​បំពេញ​ចិត្ត​ពួក​ម្ចាស់​ទាសករ ដែល​គ្រប់​គ្រង​ពួក​គេ។​

គឺ​ក្នុង​ពិភព​លោក​ប្រភេទ​នេះ​ហើយ ដែល​សាវ័ក​ប៉ុល​បាន​ណែនាំ​ឲ្យ​គេ​ស្គាល់​គាត់​ថា ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ​(រ៉ូម ១:១)។ កាល​ពី​មុន សាវ័ក​ប៉ុល​បាន​ស្អប់​ព្រះ​នាម​ព្រះ​យេស៊ូវ​ណាស់។ ហើយ​ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​រង​ទុក្ខ ដោយសារ​ព្រះ​អង្គ​បាន​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ជា​ស្តេច​នៃ​សាសន៍​យូដា និង​ជា​​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភព​លោក។​

នេះ​ជា​ដំណឹង​ល្អ ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ប្រាប់​គេ ក្នុង​សំបុត្រ​ទាំង​មូល ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម។ គាត់​ថា ដំណឹង​ល្អ​នេះ​ជា “ព្រះ​ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ”(ខ.១៦)។ អ្នក​ដែល​កំពុង​រង​ទុក្ខ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​សេសា ពិត​ជា​ត្រូវ​ការ​ដំណឹង​ល្អ​នេះ​ណាស់។ គឺ​ដំណឹង​ល្អ​នៃ​ព្រះអង្គ​សង្រ្គោះ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជា​អ្នក​រំដោះ ដែល​បាន​ឈ្នះ​ខ្មាំង​សត្រូវ​របស់​ទ្រង់ ដោយ​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ប៉ុណ្ណា។​—Mart…

ចុងបញ្ចប់ដ៏អស្ចារ្យ

ស្វាមី​ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ​បាន​បើក​ទូរទស្សន៍ ចេញ​ពី​ប៉ុស្តិ៍​មួយ​ចូល​ប៉ុស្តិ៍​មួយ​ទៀត ដើម្បី​រក​មើល​ខ្សែ​ភាព​យន្ត​មួយ ហើយ​ក៏​បាន​ឃើញ​គេ​កំពុង​តែ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ដែល​ពួក​គេ​ចូល​ចិត្ត។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​អរសប្បាយ​នឹង​ការ​ទស្សនា​ឈុត​ចុង​ក្រោយ ការ​ស្វែង​រក​ខ្សែ​ភាព​យន្ត​ក៏​បាន​ក្លាយ​ជា​ល្បែង​កម្សាន្ត។ ពួក​គេ​ក៏​រក​បាន​ខ្សែ​ភាព​យន្ត​៨​រឿង ដែល​ពួកគេ​ចូល​ចិត្ត។ ដោយ​មាន​ការ​នឿយ​ណាយ ខ្ញុំ​ក៏​បាន​សួរ​ពួក​គេ​ថា ហេតុ​អ្វី​ពួក​គេ​មិន​សម្រេច​ចិត្ត​មើល​ខ្សែ​ភាព​យន្ត​ពី​ដើម​ដល់​ចប់។ ស្វាមី​ខ្ញុំ​ក៏​បាន​និយាយ​ទាំង​អស់​សំណើច​ថា “តើ​នរណា​មិន​ចូល​ចិត្ត​ចុង​បញ្ចប់​ដ៏​អស្ចារ្យ”។​

ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ខ្ញុំ​ក៏​ទន្ទឹង​រង់​ចាំ​មើល​ចុង​បញ្ចប់​នៃ​សៀវភៅ ឬ​ខ្សែ​ភាព​យន្ត​ដែល​ខ្ញុំ​ចូល​ចិត្ត​ផង​ដែរ។ ខ្ញុំ​បាន​បើក​មើល​ព្រះ​គម្ពីរ​ប៊ីប​ត្រួស​ៗ ហើយ​ផ្តោត​ទៅ​លើ​តែ​ផ្នែក ឬ​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែល​ហាក់​ដូច​ជា​ងាយ​ទទួល និង​ងាយ​យល់​ជាង​គេ។ ប៉ុន្តែ ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រើ​ព្រះ​បន្ទូល​ទំាង​អស់​របស់​ព្រះ ដែល​អាច​ពឹង​ផ្អែក និង​អនុវត្ត​តាម​បាន ដើម្បី​កែ​ប្រែ​យើង ហើយ​បញ្ជាក់​ថា រឿង​របស់​ព្រះ​អង្គ​នឹង​បញ្ចប់​បាន​ល្អ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ។

ព្រះ​គ្រីស្ទ​បាន​ប្រកាស​ថា ព្រះ​អង្គ​ជា “អាល់ហ្វា និង​អូមេហ្គា ជា​ដើម និង​ជា​ចុង”(វិវរណៈ ២២:១៣)។ ព្រះ​អង្គ​ប្រកាស​ថា រាស្រ្ត​ព្រះ​អង្គ និង​ទទួល​ជីវិត​អស់​កល្ប​ជា​មរតក​(ខ.១៤) ហើយ​បាន​ព្រមាន​អ្នក​ដែល​ហ៊ាន​បន្ថែម ឬ​បន្ថយ​សេចក្តី​ទំនាយ ក្នុង​ព្រះ​គម្ពីរ(ខ.១៨-១៩)។

យើង​ប្រហែល​មិន​ស្គាល់ ឬ​យល់​អ្វី​ៗ​ទំាង​អស់ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ឡើយ តែ​យើង​ពិត​ជា​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ម្តង​ទៀត។ ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ។ ព្រះ​អង្គ​នឹង​បំផ្លាញ​បាប ធ្វើ​ឲ្យ​អ្វី​ៗ​ប្រែ​ជា​ត្រឹម​ត្រូវ និង​ថ្មី​ឡើង​វិញ ហើយ​គ្រង​រាជ្យ​ជា​ក្សត្រ​ដែល​មាន​ក្តី​ស្រឡាញ់​អស់​កល្ប​ជា​និច្ច។ នេះ​ជា​ចុង​បញ្ចប់​ដ៏​អស្ចារ្យ ដែល​នាំ​ទៅ​រក​ការ​ចាប់​ផ្តើម​ជា​ថ្មី​របស់​យើង!—Xochitl Dixon

ព្រះអង្គជាគ្រូពេទ្យល្អបំផុត

ពេល​ដែល​ការ​ព្យាបាល​របស់​ពេទ្យ បាន​ចាប់​ផ្តើម​ផ្តល់​ឲ្យ​នូវ​ភាព​ធូរ​ស្រាល សម្រាប់​សមាជិក​ក្រុម​គ្រួសារ​ម្នាក់ ដែល​មាន​បញ្ហា​ប្រតិកម្ម​ម្ហូប​អាហារ​ធ្ងន់ធ្ងរ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់ បាន​ជា​ខ្ញុំ​ជជែក​អំពី​រឿង​នេះ​ជានិច្ច។ ខ្ញុំ​បាន​រៀប​រាប់ អំពី​ដំណើរ​នៃ​ការ​ព្យាបាល​ដ៏​ល្អិត​ល្អន់ ហើយ​សរសើរ​វេជ្ជបណ្ឌិត ដែល​បាន​បង្កើត​កម្ម​វិធី​នេះ។ ទី​បំផុត មិត្ត​ភក្តិ​មួយ​ចំនួន​ក៏​បាន​និយាយ​ថា “យើង​គិត​ថា យើង​គួរ​តែ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ សម្រាប់​ការ​ប្រោស​ឲ្យ​ជា”។ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ទ្រឹង​មួយ​កន្លែង។ តើ​ខ្ញុំ​បាន​ភ្លេច​ព្រះ​ដែល​ជា​គ្រូ​ពេទ្យ​​ល្អ​បំផុត ហើយ​បែរ​ជា​ថ្វាយ​បង្គំ​​ការ​ប្រោស​ឲ្យ​ជា ដូច​​រូប​ព្រះ​ឬ?

ប្រជាជន​អ៊ីស្រាអែល​ក៏​ធ្លាប់​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ស្រដៀង​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ដុត​កំញាន​ថ្វាយ​រូប​ពស់​លង្ហិន ដែល​ព្រះ​ទ្រង់​ធ្លាប់​បាន​ប្រើ ដើម្បី​ប្រោស​ពួក​គេ​ឲ្យ​ជា។ ពួកគេ​បាន​អនុវត្ត​នូវ​ការ​ថ្វាយ​បង្គំ​នេះ ទាល់​តែ​ស្តេច​ហេសេគា​បាន​ចាត់​ទុក​ការ​នេះ​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ក៏​បាន​បំផ្លាញ​រូប​ពស់​ដែល​លោកម៉ូ​សេ​បាន​បង្កើត​នោះ​(២ពង្សាវតាក្សត្រ ១៨:៤)។

កាល​ប៉ុន្មាន​សតវត្សរ៍​មុន សត្វ​ពស់​មួយ​ហ្វូង​បាន​ចូល​កន្លែង​បោះ​ជំរុំ​របស់​ពួក​អ៊ីស្រាអែល។ សត្វ​ពស់​ក៏​បាន​ចឹក​ពួក​គេ ហើយ​មនុស្ស​ជាច្រើន​បាន​ស្លាប់(ជនគណនា ២១:៦)។ ទោះ​ការ​បះ​បោរ​ខាង​វិញ្ញាណ បាន​បណ្តាល​ឲ្យ​មាន​បញ្ហា ពួក​បណ្តាជន​ក៏​បាន​ស្រែក​សូម​ឲ្យ​ព្រះ​ជួយ។ ព្រះ​អង្គ​ក៏​បាន​បង្ហាញ​សេចក្តី​មេត្តា ដោយ​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ឆ្លាក់​រូប​ពស់​ពី​លង្ហិន ចង​ជាប់​នឹង​បង្គោល លើក​ឲ្យ​ខ្ពស់ ដើម្បី​ឲ្យ​គេ​រាល់​គ្នា​អាច​មើល​ឃើញ។ ពេល​ដែល​ពួក​បណ្តា​ជន​មើល​ទៅ​រូប​ពស់​នោះ ពួក​គេ​ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​(ខ.៤-៩)។

ចូរ​គិត​អំពី​អំណោយ​ដែល​ព្រះ​ប្រទាន​អ្នក។ តើ​អ្នក​បាន​សរសើរ​អំណោយ​ណា​មួយ ជា​ជាង​នឹក​ចាំ​អំពី​ភស្តុតាង​នៃ​សេចក្តី​មេត្តា និង​ព្រះ​គុណ​របស់​ព្រះ​ឬ​ទេ? មាន​តែ​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង ដែល​ជា​ប្រភព​នៃ​អំណោយ​ល្អ​ៗ​(យ៉ាកុប ១:១៧) ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ថ្វាយ​បង្គំ​។​—Jennifer Benson Schuldt

ការស្តាប់តាមការដាស់តឿន

ពេល​ដែល​ចោរ​លូក​ហោប៉ៅ​បាន​ព្យាយាម​លួច​កាបូប​លុយ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស ខ្ញុំ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ ខ្ញុំ​បាន​អាន​អំពី​ការ​ដាស់​តឿន អំពី​គ្រោះថ្នាក់​នៃ​ចោរ​ក្រោម​ដី ដូច​នេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ការពារ​កាបូប​លុយ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​រំពឹង​ថា វា​នឹង​កើត​ឡើង​នោះ​ទេ។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ កាល​យុវជន​ដែល​បាន​លូក​យក​កាបូប​លុយ​របស់​ខ្ញុំ មាន​ដៃ​រអិល ធ្វើឲ្យ​កាបូប​លុយ​ខ្ញុំ​ធ្លាក់​ទៅ​លើ​ដី ហើយ​ខ្ញុំ​ក៏​បាន​រើស​មក​វិញ។ ប៉ុន្តែ​ រឿង​ហេតុ​នេះ​បាន​ក្រើន​រំឭក​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ស្តាប់​តាម​ការ​ដាស់​តឿន អំពី​អំពើ​ចោរ​កម្ម។

យើង​មិន​ចូល​ចិត្ត​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ដាស់​តឿន​គ្រប់​ពេល​វេលា​នោះ​ឡើយ ព្រោះ​យើង​គិត​ថា ការ​ប្រុង​ប្រយ័ត្ន និង​គិត​អំពី​គ្រោះ​ថ្នាក់​គ្រប់​ពេល ធ្វើ​ឲ្យ​យើង​មិន​អាច​អរ​សប្បាយ​នឹង​ជីវិត ប៉ុន្តែ ​ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ដាស់​តឿន ជា​ការ​ចាំ​បាច់។ ឧទាហរណ៍ ព្រះយេស៊ូវ​បាន​ប្រទាន​នូវ​ការ​ដាស់​តឿន​ដ៏​ច្បាស់​លាស់ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចាត់​ពួក​សិស្ស​ទ្រង់ ឲ្យ​ទៅ​ប្រកាស អំពី​នគរ​ព្រះ​(ម៉ាថាយ ១០:៧)។ ព្រះអង្គ​មាន​បន្ទូល​ថា “អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ”(ខ.៣២-៣៣)។

យើង​មាន​ជម្រើស។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​អង្គ​សង្រ្គោះ​មួយ​អង្គ ដោយ​ក្តី​ស្រឡាញ់ ហើយ​មាន​ផែនការ សម្រាប់​ឲ្យ​យើង​បាន​នៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់​អស់​កល្ប​ជានិច្ច។ ប៉ុន្តែ បើ​យើង​ងាក​បែរ​ចេញ​ពី​ព្រះ យើង​សម្រេច​ចិត្ត​បដិសេធ​ព្រះ​បន្ទូល អំពី​សេចក្តី​សង្រ្គោះ និង​ជីវិត​ពិត ដែល​ព្រះ​អង្គ​ប្រទាន​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត នោះ​យើង​បាត់​បង់​ឱកាស​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ។​

ចូរ​យើង​ទុក​ចិត្ត​ព្រះ​យេស៊ូវ…

មូលហេតុដ៏ល្អដែលត្រូវថែរក្សា

មាន​ស្រ្តី​ពីរ​នាក់​អង្គុយ​នៅ​កៅអី​សង្ខាង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ។ ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នេះ មាន​រយៈ​ពេល​២​ម៉ោង ដូច​នេះ ទោះ​ចង់​ឬ​មិន​ចង់ ខ្ញុំ​ក៏​បាន​ឃើញ​ការ​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ។ ខ្ញុំ​អាច​មើល​ឃើញ​ច្បាស់​ថា ពួក​គេ​ស្គាល់​គ្នា ហើយ​អាច​ជា​សាច់​ញាតិ​នឹង​គ្នា។ អ្នក​ដែល​ក្មេង​ជាង​គេ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​(ប្រហែល​មាន​អាយុ​៦០​ឆ្នាំ​ប្លាយ) ចេះ​តែ​លូកដៃ​ចូល​ទៅ​ក្នុង​ថង់ យក​ចំណិត​ផ្លែ​ប៉ោម ចែក​ឲ្យ​ស្រ្តី​ដែល​មាន​វ័យ​ចាស់​ជាង​(ប្រហែល​៩០​ឆ្នាំ​ប្លាយ) បន្ទាប់​មក ក៏​បាន​ហុច​នំ​សាំង​វិច​តូច​ៗ រួច​ក៏​បាន​ឲ្យ​ក្រដាស​សើម​សម្រាប់​ជូត​សម្អាត ហើយ​ទី​បំផុត ក៏​បាន​ចែក​កាសែត​ញូយ៉ក​ថែម ឲ្យ​មើល​ទៀត។​ ការ​ហុច​ឲ្យ​មួយ​លើក​ៗ ត្រូវ​បាន​ធ្វើ​ឡើង យ៉ាង​ទន់​ភ្លន់ ដោយ​ភាព​ថ្លៃ​ថ្នូរ​យ៉ាង​ខ្លាំង។ ខណៈ​ពេល​ដែល​យើង​ក្រោក​ឡើង ដើម្បី​ចាក​ចេញ​ពី​យន្ត​ហោះ ខ្ញុំ​ក៏​បាន​ប្រាប់​ស្រ្តី​ដែល​មាន​វ័យ​ក្មេង​ជាង​ថា “ខ្ញុំ​បាន​កត់​សំគាល់​ឃើញ ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ អ្នក​ពិត​ជា​ចិត្ត​ល្អ​ណាស់”។ នាង​ក៏​បាន​ឆ្លើយ​តប​ថា “គាត់​ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ។ គាត់​ជា​ម្តាយ​ខ្ញុំ”។​

តើ​វា​អស្ចារ្យ​ប៉ុណ្ណា បើ​សិន​ជា​យើង​សុទ្ធ​តែ​អាច​និយាយ​ដូច​គាត់? ឪពុក​ម្តាយ​ខ្លះ ប្រៀប​ដូច​ជា​មិត្ត​ល្អ​បំផុត​របស់​យើង។ តែ​ឪពុក​ម្តាយ​ខ្លះ​មិន​ដូច្នោះ​ទេ។ តាម​ពិត ទំនាក់​ទំនង​ទាំង​នោះ ច្រើន​តែ​មាន​ភាព​ស្មុគ​ស្មាញ។ សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ មិន​បាន​មិន​អើពើ ចំពោះ​ភាព​ស្មុគស្មាញ​នេះ​ឡើយ តែ​បាន​បង្រៀន​យើង ឲ្យ​ថែរក្សា​ឪពុក​ម្តាយ និង​ជីដូន​ជីតា ឬ​សាច់​ញាតិ​របស់​យើង និយាយ​រួម​គឺ​ក្រុម​គ្រួសារ​យើង​(១ធីម៉ូថេ ៥:៤,៨)។

មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​ធ្វើការ​ថែរក្សា​ដូច​នេះ បើ​សិន​ជា​សមាជិក​គ្រួសារ​យើង​ធ្វើ​ល្អ​ចំពោះ​យើង។ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​ធ្វើ​ដូច​នេះ បើ​សិន​ជា​យើង​គិត​ថា ពួក​គាត់​សក្តិសម​នឹង​ទទួល​វា។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​នូវ​ហេតុ​ផល​ដ៏​ល្អ ដែល​យើង​ត្រូវ​តប​ស្នង​ពួក​គេ។…

ការផ្គត់ផ្គង់របស់ព្រះ

យើង​បាន​ដើរ​ចូល​ក្នុង​ព្រៃ​កាន់​តែ​ជ្រៅ​ទៅ​ៗ​ ចេញ​ទៅ​កាន់​តែ​ឆ្ងាយ​ ពី​ភូមិ​មួយ នៅ​ខេត្ត​យូណាន ប្រទេស​ចិន។ ប្រហែល​១​ម៉ោង​ក្រោយ​មក យើង​ក៏​បាន​ឮ​សម្លេង​ទឹក​ធ្លាក់​ដ៏​ទ្រហឹង​។ យើង​ក៏​បាន​បោះ​ជំហាន​កាន់​តែ​ញាប់​ជាង​មុន ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​បាន​ទៅ​ដល់​ទីតាំង​ដ៏​ស្រឡះ​មួយ ក្នុង​ព្រៃ ដោយ​ទទួល​បាន​នូវ​ការ​ស្វាគមន៍ ពី​ទេសភាព​ដ៏​ស្រស់​ស្អាត នៃ​ទឹក​ធ្លាក់​ដូច​វាំង​នន លើ​ថ្ម​ពណ៌​ប្រផេះ។ ពិត​ជា​គួរ​ឲ្យ​ចង់​ទស្សនា​ណាស់!

អ្នក​រួម​ដំណើរ​ជា​មួយ​យើង ដែល​រស់​នៅ​ក្នុង​ភូមិ​ដែល​យើង​បាន​ចាក​ចេញ​ប្រហែល​១​ម៉ោង​មុន ក៏​បាន​សម្រេច​ចិត្ត​ថា យើង​គួរ​តែ​ញាំ​អាហារ ជា​លក្ខណៈ​ពិចនិច​នៅ​កន្លែង​នោះ។ នេះ​ជា​គំនិត​ល្អ​ណាស់ ប៉ុន្តែ តើ​អាហារ​របស់​យើង​នៅ​ឯណា? យើង​មិន​បាន​យក​អាហារ​មក​ជា​មួយ​ទេ។ មិត្ត​ភក្តិ​ទាំង​នោះ​ក៏​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​ក៏​បាន​ត្រឡប់​មក​វិញ ដោយ​នាំ​យក​ផ្លែ​ឈើ និង​បន្លែ​ជា​ច្រើន​ប្រភេទ ហើយ​ថែម​ទាំង​មាន​ត្រី​ទៀត។ ផ្លែ​ស៊ូស៊ាំងខាយ មាន​រូប​រាង​ចម្លែក និង​មាន​ផ្កា​តូច​ៗ​ពណ៌​ស្វាយ តែ​មាន​រស់​ជាតិ​ឆ្ងាញ់ ដូច​ផ្លែ​ឈើ​មក​ពី​ស្ថានសួគ៌!

ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ស្នា​ព្រះ​ហស្ត​របស់​ព្រះ​បាន​ប្រកាស អំពី​ការ​ផ្គត់​ផ្គង់​ដ៏​ហូរ​ហៀរ​របស់​ព្រះ។ យើង​អាច​មើល​ឃើញ​ភស្តុតាង​នៃ​សេចក្តី​សប្បុរស​របស់​ព្រះ ​នៅ​ក្នុង “​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ”(លោកុប្បត្តិ ១:១២)។ ព្រះ​ទ្រង់​បាន​បង្កើត និង​ប្រទាន​យើង​នូវ​អាហារ ពី​រុក្ខជាតិ​ដែល​មាន​គ្រាប់ និង​ពី​ដើម​ឈើ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​ក្នុង​ផ្លែ(ខ.២៩)។

តើ​ពេល​ខ្លះ អ្នក​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ឬ​ទេ? សូម​អ្នក​ដើរ​ចូល​ទៅ​ក្នុង​ធម្មជាតិ។ តាម​រយៈ​អ្វី​ដែល​អ្នក​បាន​ឃើញ ក្នុង​ធម្មជាតិ ចូរ​នឹក​ចាំ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ដែល​បាន​ធានា​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ … ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌…

ការស្រឡាញ់មនុស្សដែលអ្នកស្អប់

ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​យ៉ាង​ស្ងាត់​ស្ងៀម មុន​ពេល​នាង​ឃើញ​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន ក្នុង​ការ​លាក់​ខ្លួន ប៉ុន្តែ ខ្ញុំ​មិន​ចង់​កែ​តម្រង់​នាង​តែ​ម្តង​ទេ។ ខ្ញុំ​ចង់​និយាយ​ប្រាប់​នាង​ភ្លាម​ៗ ដើម្បី​ឲ្យ​នាង​មាន​ការ​ខ្មាស​អៀន។ ខ្ញុំ​ធ្លាប់​មាន​ការ​ធុញ​ទ្រាន់ ចំពោះ​អាកប្ប​កិរិយា​របស់​នាង​កាល​ពី​មុន ប៉ុន្តែ ខ្ញុំ​ទំនង​ជា​បាន​ធ្វើ​ឲ្យ​នាង​ធុញ​ទ្រាន់​ជាង​ហ្នឹង​ទៀត។

ជន​ជាតិ​យូដា និង​ជន​ជាតិ​សាម៉ារី ក៏​ធ្លាប់​មាន​ការ​ធុញ​ទ្រាន់​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ ជន​ជាតិ​សាម៉ារី​មាន​ដើម​កំណើត​ជា​ជន​ជាតិ​យូដា កាត់​សាសន៍​ដទៃ ហើយ​ថ្វាយ​បង្គំ​ព្រះ​របស់​ខ្លួន ដូច​នេះ ជន​ជាតិ​យូដា​យល់​ឃើញ​ថា ជន​ជាតិ​សាម៉ារី បាន​ធ្វើ​ឲ្យ​ខូច​ខ្សែ​លោហិត និង​ជំនឿ​របស់​សាសន៍​យូដា ដោយ​បង្កើត​សាសនា​នៅ​លើ​ភ្នំ​កេរ៉ាស៊ីន ប្រឆាំង​នឹង​សាសនា​យូដា​(យ៉ូហាន ៤:២០)។ តាម​ពិត ជន​ជាតិ​យូដា​ស្អប់​ខ្ពើម​ជន​ជាតិ​សាម៉ារី​ណាស់ បាន​ជា​ពួក​គេ​សុខ​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ជា​ជាង​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភូមិ​របស់​ពួក​គេ។

ព្រះយេស៊ូវ​បាន​បើក​សម្តែង ឲ្យ​ពួក​គេ​ស្គាល់​ផ្លូវ​ដែល​ល្អ​ជាង​នេះ ព្រះ​អង្គ​បាន​នាំ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ដោយ​រាប់​បញ្ចូល​ទាំង​ពួក​សាសន៍​សាម៉ារី​ផង​ដែរ។ ដូច​នេះ ទ្រង់​ក៏​បាន​ធ្វើ​ដំណើរ​ចូល​ដល់​ចំណុច​កណ្តាល​នៃ​ស្រុក​សាម៉ារី ដើម្បី​ប្រទាន​ទឹក​រស់ ដល់​ស្រ្តី​មាន​បាប​ម្នាក់ ព្រម​ទាំង​ក្រុង​របស់​នាង​ទាំង​មូល​ផង(ខ.៤-៤២)។ ព្រះ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​អង្គ គឺ​បាន​បង្គាប់​ឲ្យ​ពួក​សិស្ស​ទ្រង់​យក​តម្រាប់​តាម​ព្រះ​អង្គ។ ពួក​គេ​ត្រូវ​ផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​ទំាង​អស់ ចាប់​តាំង​ពី​ទីក្រុង​យេរូសាឡិម ហើយ​កាត់​តាម​ស្រុក​សាម៉ារី រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី​(កិច្ចការ ១:៨)។ ស្រុក​សាម៉ារី​មិន​គ្រាន់​តែ​ជា​តំបន់​ដែល​ត្រូវ​ឈោង​ចាប់​បន្ទាប់​ពី​ទីក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ទេ តែ​ជា​ផ្នែក​ដ៏​ឈឺ​ចាប់​បំផុត​នៃ​បេសកកម្ម​នេះ។ ពួក​សាវ័ក​ត្រូវ​តែ​ជម្នះ​ការ​រើសអើង​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​ពួក​គេ​ធ្លាប់​តែ​មិន​ចូល​ចិត្ត។​

តើ​ព្រះ​យេស៊ូវ​សំខាន់​ចំពោះ​យើង លើស​បំណង​ចិត្ត​របស់​យើង​ឬ​ទេ​? ដើម្បី​ឲ្យ​យើង​ដឹង​ច្បាស់​ថា ព្រះ​អង្គ​សំខាន់​ជាង ចូរ​យើង​ស្រឡាញ់​មនុស្ស​ដែល​យើង​ស្អប់។​—Mike Wittmer

មិនស្វែងរកការសងសឹក

កសិករ​ម្នាក់​បាន​ឡើង​ទៅ​លើ​ឡាន​របស់​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​ដំណាំ​របស់​គាត់។ ពេល​គាត់​ទៅ​ដល់​ចុង​ម្ខាង កំហឹង​របស់​គាត់​ក៏​បាន​ឆួល​ឡើង។ គេ​បាន​ប្រើ​ដី​ក្នុង​កសិដ្ឋាន​របស់​គាត់ ដើម្បី​ចាក់​សំរាម ដោយ​ខុស​ច្បាប់ ម្តង​ទៀត​ហើយ។

គាត់​ក៏​បាន​ប្រមូល​សំរាម​ដាក់​នៅ​លើ​ឡាន​គាត់ ដែល​មាន​ថង់​ច្រក​កំទេច​អាហារ​ជា​ច្រើន ហើយ​គាត់​ក៏​បាន​រក​ឃើញ​ស្រោម​សំបុត្រ​មួយ ក្នុង​សំរាម​នោះ។ នៅ​លើ​ស្រោម​សំបុត្រ​នោះ មាន​អាស័យ​ដ្ឋាន​របស់​ជន​ល្មើស​នោះ។ គាត់​មិន​អាច​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឡើយ។ នៅ​យប់​នោះ គាត់​ក៏​បាន​បើក​ឡាន​ដឹក​សំរាម​ទៅ​ផ្ទះ​របស់​ជន​ល្មើស​នោះ ហើយ​ក៏​បាន​បំពេញ​ទីធ្លា​ផ្ទះ​នោះ ដោយ​សំរាម​របស់​ជន​នោះ ព្រម​ទាំង​សំរាម​របស់​គាត់​ផង​ដែរ។

អ្នក​ខ្លះ​ប្រហែល​ជា​ចង់​និយាយ​ថា គាត់​ពិត​ជា​សង​សឹក​បាន​ល្អ​ណាស់ តើ​មែន​ទេ? ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ជំពូក​២៤ ស្តេច​ដាវីឌ និង​ពួក​ទ័ព​របស់​ទ្រង់ កំពុង​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​មួយ ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​ស្តេច​សូល។ ពេល​ដែល​ស្តេច​សូល​បាន​វង្វេង​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ ដើម្បី​សម្រាក ពួក​ទ័ព​របស់​ស្តេច​ដាវីឌ​ក៏​បាន​មើល​ឃើញ​ឱកាស​ល្អ ដើម្បី​សង​សឹក ដែល​មិន​អាច​មើល​រំលង​(ខ.៣-៤)។

ប៉ុន្តែ ស្តេច​ដាវីឌ​បាន​ប្រឆាំង​នឹង​បំណង​ចិត្ត​ខ្លួន​ឯង ដែល​ចង់​សង​សឹក។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “សូម​ព្រះយេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់​ខ្ញុំ”(ខ.៦)។ ពេល​ស្តេច​សូល​បាន​ដឹង​ថា ​ដាវីឌ​បាន​ទុក​ជីវិត​ឲ្យ​ទ្រង់ ទ្រង់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ទ្រង់​ក៏​បាន​លាន់​មាត់​ថា “ឯង​សុចរិត​ជាង​អញ”(ខ.១៧-១៨)។

ពេល​ណា​យើង ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ជួប​រឿង​អយុត្តិធម៌ ឱកាស​សង​សឹក​អាច​មក​ដល់ នៅ​ពេល​ណា​មួយ។ តើ​យើង​នឹង​ធ្វើ​តាម​បំណង​របស់​យើង ដូច​កសិករ​នោះ ឬ​ប្រឆាំង​នឹង​បំណង​ខ្លួន​ឯង តាម​គំរូ​ស្តេច​ដាវីឌ? តើ​យើង​នឹង​ជ្រើស​រើស​យក​ភាព​សុចរិត ជា​ជាង​រើស​យក​ការ​សង​សឹក​ឬ​?—Sheridan Voysey