ពេល​ដែល​លោក​អេរីក ឡាន់(Eric Lund) ដែល​ជា​បេសកជន​ស៊ុយអែត បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គាត់ ឲ្យ​ទៅ​ប្រទេស​អេស្ប៉ាញ ដើម្បី​ធ្វើ​បេសកកម្ម ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៨៩០ គាត់​ក៏​បាន​ស្តាប់​បង្គាប់​ព្រះ​អង្គ ដោយ​គ្មាន​អល់អែក។ នៅ​ទី​នោះ គាត់​ឃើញ​មាន​ជោគ​ជ័យ​តិច​តួច តែ​មាន​ការ​ស៊ូ​ទ្រាំ ក្នុង​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គាត់។ ថ្ងៃ​មួយ គាត់​បាន​ជួប​លោក​ប្រូលីយ៉ូ ម៉ានីកាន(Braulio Manikan) ដែល​ជា​ជន​ជាតិ​ភីលីពីន ហើយ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​បុរស​នោះ។ លោក​លុន និង​លោក​ម៉ានីកាន ក៏​បាន​រួម​គ្នា​បក​ប្រែ​ព្រះ​គម្ពីរ​ទៅ​ជា ភាសា​ក្នុង​តំបន់​មួយ នៅ​ប្រទេស​ភីលីពីន ហើយ​ក្រោយ​មក ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​បង្កើត​ទីស្នាក់ការ​បេសកកម្ម​បាទីស្ទ​ដំបូង​បំផុត នៅ​ប្រទេស​ភីលីពីន។ មនុស្ស​ជា​ច្រើន​បាន​ងាក​បែរ​មក​រក​ព្រះ​យេស៊ូវ គឺ​សុទ្ធ​តែ​ដោយ​សារ​លោក​លុន​បាន​ឆ្លើយ​តប ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ ដូច​ហោរា​អេសាយ។

ក្នុង​បទ​គម្ពីរ​អេសាយ ៦:៨ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​មនុស្ស​ម្នាក់ ដែល​ស្ម័គ្រ​ចិត្ត ទៅ​ប្រកាស​ដល់​ប្រជាជន​អ៊ីស្រាអែល អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ សម្រាប់​ពេល​បច្ចុប្បន្ន និង​ក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត។ លោក​អេសាយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ឆ្លើយ​តប ដោយ​ចិត្ត​ក្លាហាន​ថា “ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ”។ គាត់​មិន​បាន​គិត​ថា គាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ព្រោះ​មុន​នោះ គាត់​បាន​សារភាព​ថា គាត់​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត​(ខ.៥)។ តែ​គាត់​បាន​ឆ្លើយ​តប ដោយ​ស្ម័គ្រ​ពី​ចិត្ត ព្រោះ​គាត់​បាន​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ ទទួល​ស្គាល់​បាប​របស់​គាត់ និង​ទទួល​ការ​លាង​សម្អាត​ពី​ទ្រង់​(ខ.១-៧)។

តើ​ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​អ្នក ឲ្យ​ធ្វើ​អ្វី​មួយ​ថ្វាយ​ព្រះ​អង្គ​ទេ? តើ​អ្នក​កំពុង​តែ​មាន​ការ​ស្ទាក់​ស្ទើរ​ឬ? បើ​ដូច្នោះ​មែន ចូរ​នឹក​ចាំ អំពី​ការ​ទាំង​អស់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​យើង ដើម្បី​ជួយ និង​ដឹក​នាំ​យើង​(យ៉ូហាន ១៤:២៦ ១៥:២៦-២៧) ហើយ​ព្រះ​អង្គ​នឹង​រៀប​ចំ​ខ្លួន​យើង ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ។ ចូរ​យើង​ឆ្លើយ​តប​ដូច​ហោរា​អេសាយ​ថា “សូម​ព្រះអង្គ​ចាត់​ទូលបង្គំ​!”—Francis Neil G. Jalando-on