ភរិយាខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលខ្ញុំបានទិញសំបុត្រ ចូលសាលមហោស្រព ដើម្បីស្តាប់អ្នកចម្រៀងម្នាក់ ដែលនាងតែងតែចង់ឃើញផ្ទាល់ភ្នែក ជាយូរមកហើយ។ អ្នកចម្រៀងដែលមានអំណោយទានរូបនោះ បានប្រគំជាមួយវង់តន្រ្តីខូឡូរ៉ាដូ ស៊ីមហ្វូនី ក្នុងសាលមហោស្រពបើកចំហ ដែលល្អគ្មានគូប្រៀប ដែលជញ្ជាំងខាងក្រោយសង់ឡើងពីផ្ទាំងថ្មកម្ពស់៩០ម៉ែត្រពីរផ្ទាំង ដែលមានស្រាប់នៅលើចង្កេះភ្នំ ស្ថិតនៅរយៈកម្ពស់ ១៨២៨ ម៉ែត្រ នៅលើនីវ៉ូសមុទ្រ។
វង់តន្រ្តីនេះបានប្រគំនូវបទភ្លេចចាស់ៗ និងបទភ្លេងប្រពៃណី ដែលគេស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង។ នៅចុងបញ្ចប់ពួកគេក៏បានប្រគំបទ “ព្រះគុណអស្ចារ្យ” ជាបទចាស់បុរាណ ដែលនាំមកនូវភាពស្រស់ថ្លា។ ការរៀបចំដ៏ស្រស់ស្អាត និងសុខដុមនេះ ពិតជាគួរឲ្យចង់ទស្សនាណាស់។
ភាពសុខដុមមានចំណុចដ៏ស្រស់ស្អាត ដែលក្នុងនោះ ឧបករណ៍តន្រ្តីនីមួយៗបានប្រគំគ្នា តាមរបៀបដែលបង្កើតឲ្យមានទិដ្ឋភាពនៃសូរសម្លេងកាន់តែធំ និងកាន់តែច្រើនស្រទាប់។ សាវ័កប៉ុលបានចង្អុលបង្ហាញនូវសម្រស់នៃភាពសុខដុម ដោយប្រាប់ពួកជំនុំនៅទីក្រុងភីលីព ឲ្យ “មានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១”(ភីលីព ២:២)។ គាត់មិនបានប្រាប់ពួកគេឲ្យក្លាយជាមនុស្សដូចគ្នានោះទេ តែឲ្យឱបក្រសោបយកអាកប្បកិរិយាដែលបន្ទាបខ្លួន និងក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលមានការលះបង់អាត្មាខ្លួនឯង។ ដំណឹងល្អដែលសាវ័កប៉ុលបានស្គាល់ និងបង្រៀន មិនបានលុបបំបាត់លក្ខណៈពិសេសដែលយើងមានខុសៗគ្នានោះទេ តែអាចបំបាត់ការបែកបាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកប្រាជ្ញព្រះគម្ពីរជាច្រើនជឿថា ពាក្យពេចន៍របស់សាវ័កប៉ុលត្រង់ចំណុចនេះ(ខ.៦-១១) បាននាំឲ្យគេនិពន្ធបទទំនុកសកលដ៏ចំណាស់មួយ។ ចំណុចសំខាន់នៃពាក្យពេចន៍របស់គាត់នោះគឺ កាលណាយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើការតាមរយៈជីវិតយើងដែលមានលក្ខណៈខុសគ្នា និងបរិបទនៃជីវិតរបស់យើង ដោយធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ នោះយើងនឹងអាចរួមគ្នាបង្កើតជាបទភ្លេងដ៏ពីរោះ ដែលបង្ហាញចេញនូវក្តីស្រឡាញ់ដែលមានការបន្ទាបខ្លួន ដូចព្រះគ្រីស្ទ។—Glenn Packiam