សម្លេងទូរស័ព្ទបានរោទ៍ឡើង ហើយខ្ញុំក៏បានលើកទូរស័ព្ទឡើង ដោយគ្មានអល់អែក។ សមាជិកដែលមានវ័យចាស់ជាងគេ ក្នុងគ្រួសារពួកជំនុំរបស់យើង បានទូរស័ព្ទមកខ្ញុំ។ គាត់ជាស្រ្តីដែលមានចិត្តក្លៀវក្លា និងប្រឹងប្រែងធ្វើការ គាត់មានអាយុជាង១០០ឆ្នាំ។ នៅក្នុងការនិពន្ធសៀវភៅចុងក្រោយបំផុតរបស់គាត់ គាត់បានសុំឲ្យខ្ញុំផ្តល់នូវសំណួរមួយចំនួន សម្រាប់ការតែងនិពន្ធរបស់គាត់ ដើម្បីជួយឲ្យគាត់សរសេរបញ្ចប់បន្ទាត់ចុងក្រោយ ក្នុងសៀវភៅរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ខ្ញុំក៏បានសួរគាត់ អំពីជីវិត ការងារ ក្តីស្រឡាញ់ និងក្រុមគ្រួសារ។ មេរៀនជាច្រើន ដែលគាត់ទទួលបានពីជីវិតដ៏វែងនេះ បាននាំឲ្យគាត់ទទួលបាននូវប្រាជ្ញាជាច្រើន។ គាត់ប្រាប់ខ្ញុំថា “កុំធ្វើអីលឿនៗពេក”។ ហើយមិនយូរប៉ុន្មាន យើងក៏បានអស់សំណើច ដោយនឹកឃើញពេលដែលគាត់ចូលចិត្តធ្វើអ្វីលឿនៗ។ រឿងដ៏អស្ចារ្យរបស់គាត់ សុទ្ធតែបានបង្ហាញចេញនូវក្តីអំណរដ៏ពិតជាច្រើន។
ព្រះគម្ពីរបានបង្រៀនថា ប្រាជ្ញានាំមកនូវក្តីអំណរ។ “សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់”(សុភាសិត ៣:១៣)។ យើងឃើញថា ផ្លូវដែលចេញពីប្រាជ្ញា ឆ្ពោះទៅរកក្តីអំណរនោះ ជាគុណធម៌ក្នុងព្រះគម្ពីរប៊ីប យ៉ាងពិតប្រាកដ។ “ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង”(សុភាសិត ២:១០)។ “ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ និងសេចក្តីរីករាយផង”(សាស្តា ២:២៦)។ បទគម្ពីរសុភាសិត ៣:១៧ បានបន្ថែមទៀតថា “អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស”។
នៅក្នុងការជញ្ជឹងគិត អំពីបញ្ហាជីវិត អ្នកនិពន្ធ ឈ្មោះស៊ី អេស លូអ៊ី(C. S. Lewis) បានប្រកាសថា “ក្តីអំណរ គឺជាកិច្ចការដ៏ប្រាកដប្រជានៃនគរស្ថានសួគ៌”។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវឆ្ពោះទៅរកក្តីអំណរដ៏ពិត គឺមានក្រាលទៅដោយប្រាជ្ញា។ មិត្តភក្តិរបស់ខ្ញុំដែលបានរស់នៅដល់អាយុ១០៧ឆ្នាំ ក៏គិតអញ្ចឹងដែរ។ គាត់បានដើរ ដោយជំហានប្រកបដោយប្រាជ្ញា និងក្តីអំណរ ឆ្ពោះទៅរកព្រះដ៏ជាមហាក្សត្រ។—Patricia Raybon