ព្រៃម៉ាលហ័រ នៅរដ្ឋអូរីហ្គិន មានរុក្ខជាតិផ្សិតមួយប្រភេទ ដែលមនុស្សជាច្រើនបានហៅឈ្មោះវាថា ផ្សិតទឹកឃ្មុំ។ វាបានរីករាលដាលតាមឫសរបស់ដើមឈើ ក្នុងផ្ទៃដី៨៩០ហិចតា ធ្វើឲ្យវាក្លាយជារុក្ខជាតិមានជីវិតធំជាងគេបំផុត ដែលគេបានរកឃើញ។ វាបានចាក់សំណាញ់ពណ៌ខ្មៅរបស់វា ពាសពេញព្រៃ អស់រយៈពេលជាង២ពាន់ឆ្នាំមកហើយ ដោយធ្វើឲ្យដើមឈើស្លាប់ ពេលដែលវាលូតលាស់។ សំណាញ់របស់វាបានចូលទៅក្នុងដី ដល់ជម្រៅបីម៉ែត្រ ។ ផ្សិតនេះមានទំហំអស្ចារ្យ តែវាបានដុះចេញពីលម្អងតូចល្អិតតែមួយប៉ុណ្ណោះ។
ព្រះគម្ពីរបានចែង អំពីទង្វើនៃការមិនស្តាប់បង្គាប់តែមួយ ដែលបណ្តាលឲ្យមានការដាក់ទោស ដែលរីករាលដាលដល់មនុស្សទាំងអស់ ហើយក៏បាននិយាយ អំពីសកម្មភាពនៃការស្តាប់បង្គាប់តែមួយ ដែលបានរំដោះឲ្យរួចពីទោសនោះវិញ។ សាវ័កប៉ុលបាននិយាយអំពីភាពខុសគ្នារវាងបុគ្គលពីរនាក់ គឺលោកអ័ដាម និងព្រះយេស៊ូវ(រ៉ូម ៥:១៤-១៥)។ អំពើបាបរបស់អ័ដាមនាំមកនូវការដាក់ទោស ដល់មនុស្សទាំងអស់(ខ.១២)។
ដោយសារការមិនស្តាប់បង្គាប់នេះ មនុស្សទាំងអស់បានក្លាយជាមនុស្សមានបាប ហើយត្រូវរាប់ជាមានទោស នៅចំពោះព្រះ(ខ.១៧)។ តែព្រះអង្គមានដំណោះស្រាយ សម្រាប់បញ្ហានៃអំពើបាបរបស់មនុស្សជាតិ។ តាមរយៈការសុគតដ៏សុចរិតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ព្រះទ្រង់បានប្រទានជីវិតអស់កល្ប និងអាចឈរដោយគ្មានទោស នៅចំពោះព្រះអង្គ។ ការប្រព្រឹត្តរបស់ព្រះគ្រីស្ទ ដោយក្តីស្រឡាញ់ និងការស្តាប់បង្គាប់មានអំណាចល្មមនឹងឈ្នះការមិនស្តាប់បង្គាប់របស់អ័ដាម ដោយព្រះអង្គប្រទានជីវិតដល់មនុស្សទាំងអស់(ខ.១៨)។
តាមរយៈការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ព្រះយេស៊ូវបានប្រទានជីវិតអស់កល្បដល់អស់អ្នកណា ដែលទទួលជឿព្រះអង្គ។ បើអ្នកមិនទាន់បានទទួលការអត់ទោសបាប និងសេចក្តីសង្រ្គោះពីព្រះអង្គទេ សូមទទួលនៅថ្ងៃនេះចុះ។ បើអ្នកបានក្លាយជាអ្នកជឿហើយ សូមសរសើរដំកើងព្រះអង្គ សម្រាប់ការអ្វីដែលព្រះអង្គបានធ្វើ ដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យ។—Marvin Williams