ព្រៃ​ម៉ាលហ័រ នៅ​រដ្ឋ​អូរីហ្គិន មាន​រុក្ខ​ជាតិ​ផ្សិត​មួយ​ប្រភេទ ដែល​មនុស្ស​ជា​ច្រើន​បាន​ហៅ​ឈ្មោះ​វា​ថា ផ្សិត​ទឹក​ឃ្មុំ។ វា​បាន​រីក​រាល​ដាល​តាម​ឫស​របស់​ដើម​ឈើ ក្នុង​ផ្ទៃ​ដី​៨៩០​ហិច​តា ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រុក្ខជាតិ​មាន​ជីវិត​​ធំ​ជាង​គេ​បំផុត ដែល​គេ​បាន​រក​ឃើញ។ វា​បាន​ចាក់​សំណាញ់​ពណ៌​ខ្មៅ​របស់​វា ពាស​ពេញ​ព្រៃ អស់​រយៈ​ពេល​ជាង​២​ពាន់​ឆ្នាំ​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ដើម​ឈើ​ស្លាប់ ពេល​ដែល​វា​លូត​លាស់។​ សំណាញ់​របស់​វា​បាន​ចូល​ទៅ​ក្នុង​ដី ដល់​ជម្រៅ​បី​ម៉ែត្រ ។ ផ្សិត​នេះ​មាន​ទំហំ​អស្ចារ្យ តែ​វា​បាន​​ដុះ​ចេញ​ពី​លម្អង​តូច​ល្អិត​តែ​មួយ​ប៉ុណ្ណោះ។​

ព្រះ​គម្ពីរ​បាន​ចែង អំពី​ទង្វើ​នៃ​ការ​មិន​ស្តាប់​បង្គាប់​តែ​មួយ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ដាក់​ទោស ដែល​រីក​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ហើយ​ក៏​បាន​និយាយ អំពី​សកម្មភាព​នៃ​ការ​ស្តាប់​បង្គាប់​តែ​មួយ ដែល​បាន​រំដោះ​ឲ្យ​រួច​ពី​ទោស​នោះ​វិញ។ សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ភាព​ខុស​គ្នា​រវាង​បុគ្គល​ពីរ​នាក់ គឺ​លោក​អ័ដាម និង​ព្រះ​យេស៊ូវ(រ៉ូម ៥:១៤-១៥)។ អំពើ​បាប​របស់​អ័ដាម​នាំ​មក​នូវ​ការ​ដាក់​ទោស ដល់​មនុស្ស​ទាំង​អស់(ខ.១២)។

ដោយសារ​ការ​មិន​ស្តាប់​បង្គាប់​នេះ មនុស្ស​ទាំង​អស់​បាន​ក្លាយ​ជា​មនុស្ស​មាន​បាប ហើយ​ត្រូវ​រាប់​ជា​មាន​ទោស នៅ​ចំពោះ​ព្រះ​(ខ.១៧)។ តែ​ព្រះ​អង្គ​មាន​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​នៃ​អំពើ​បាប​របស់​មនុស្ស​ជាតិ។ តាម​រយៈ​ការ​សុគត​ដ៏​សុចរិត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​អស់​កល្ប និង​អាច​ឈរ​ដោយ​គ្មាន​ទោស នៅ​ចំពោះ​ព្រះ​អង្គ។ ការ​ប្រព្រឹត្ត​របស់​ព្រះ​គ្រីស្ទ ដោយ​ក្តី​ស្រឡាញ់ និង​ការ​ស្តាប់​បង្គាប់​មាន​អំណាច​ល្មម​នឹង​ឈ្នះ​ការ​មិន​ស្តាប់​បង្គាប់​របស់​អ័ដាម ដោយ​ព្រះ​អង្គ​ប្រទាន​ជីវិត​ដល់​មនុស្ស​ទាំង​អស់​(ខ.១៨)។

តាម​រយៈ​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ព្រះ​យេស៊ូវ​បាន​ប្រទាន​ជីវិត​អស់​កល្ប​ដល់​អស់​អ្នក​ណា ដែល​ទទួល​ជឿ​ព្រះ​អង្គ។ បើ​អ្នក​មិន​ទាន់​បាន​ទទួល​ការ​អត់​ទោស​បាប និង​សេចក្តី​សង្រ្គោះ​ពី​ព្រះ​អង្គ​ទេ សូម​ទទួល​នៅ​ថ្ងៃ​នេះ​ចុះ។ បើ​អ្នក​បាន​ក្លាយ​ជា​អ្នក​ជឿ​ហើយ ​សូម​សរសើរ​ដំកើង​ព្រះ​អង្គ សម្រាប់​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ។—Marvin Williams