ខ្ញុំស្គាល់ម្ចាស់កសិដ្ឋានម្នាក់ ដែលកំពុងរស់នៅក្បែរក្រុងឡូមេតា រដ្ឋតិចសាស់។ ចៅប្រុសទាំងពីរនាក់របស់គាត់ ជាមិត្តល្អបំផុតរបស់ខ្ញុំ។ យើងបានចូលទៅក្នុងក្រុងជាមួយគាត់ ហើយក៏បានដើរតាមគាត់ ពេលដែលគាត់ទៅទិញឥវ៉ាន់ និងជជែកជាមួយមនុស្សដែលគាត់ស្គាល់។ គាត់ស្គាល់ឈ្មោះរបស់ពួកគេម្នាក់ៗ ហើយក៏បានដឹង អំពីរឿងរបស់ពួកគេផងដែរ។ គាត់ក៏បានដើរឈប់ៗជាញឹកញាប់ ដើម្បីសួរគេ អំពីកូនដែលមានជំងឺ ឬទំនាក់ទំនងប្តីប្រពន្ធដែលជួបការលំបាក ហើយគាត់ក៏បានផ្តល់ឲ្យនូវពាក្យលើកទឹកចិត្តពីរបីម៉ាត់ ដល់គេ។ គាត់ក៏បានចែកចាយខគម្ពីរ ហើយក៏បានអធិស្ឋានឲ្យគេ ពេលគាត់មានឱកាសល្អ។ ខ្ញុំនឹងមិនភ្លេចបុរសម្នាក់នេះទេ។ គាត់មានលក្ខណៈពិសេសខុសគេ។ គាត់មិនបានបង្ខំឲ្យនរណាម្នាក់ទទួលយកជំនឿរបស់គាត់ តែជានិច្ចជាកាល គាត់ហាក់ដូចជានាំមកនូវការផ្លាស់ប្តូរ ក្នុងជីវិតអ្នកទាំងនោះ។
កសិករវ័យចំណាស់នោះមានលក្ខណៈសម្បត្តិម្យ៉ាង ដែលសាវ័កប៉ុលបានហៅថា “ក្លិនក្រអូបនៃព្រះគ្រីស្ទ”(២កូរិនថូស ២:១៥)។ ព្រះបានប្រើគាត់ ឲ្យ “ចែកផ្សាយក្លិនក្រអូប នៃការស្គាល់ព្រះគ្រីស្ទ”(ខ.១៤)។ សព្វថ្ងៃនេះ គាត់បានទៅនៅជាមួយព្រះហើយ ប៉ុន្តែ ក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ ដែលគាត់បានផ្សាយដល់គេ នៅបន្តមានក្នុងក្រុងឡូមេតា។
លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានសរសេរថា “ពិភពលោកនេះ គ្មានមនុស្សសាមញ្ញឡើយ។ មនុស្សដែលអ្នកនិយាយទៅកាន់ មិនមែនមានជីវិតតែប៉ុណ្ណេះឡើយ”។ អាចនិយាយបានម្យ៉ាងទៀតថា ការទំនាក់ទំនងនីមួយៗ ជាមួយអ្នកដទៃអាចនាំមកនូវលទ្ធផលអស់កល្បជានិច្ច។ ជារៀងរាល់ថ្ងៃ យើងមានឱកាស ដើម្បីនាំមកនូវការផ្លាស់ប្តូរ ក្នុងជីវិតមនុស្សនៅជុំវិញខ្លួនយើង តាមរយៈទីបន្ទាល់ដ៏ស្ងាត់ស្ងៀម នៃការរស់នៅដោយស្មោះត្រង់ និងសុភាព ឬតាមរយៈពាក្យលើកទឹកចិត្ត ដល់វិញ្ញាណដែលនឿយព្រួយជាដើម។ ចូរយើងកុំមើលស្រាល ឥទ្ធិពលនៃការរស់នៅ មានលក្ខណៈដូចព្រះគ្រីស្ទ ដែលយើងអាចមានមកលើអ្នកដទៃ។—David H. Roper