លោកសាខេ គឺជាមនុស្សឯកោ។ ពេលដែលគាត់ដើរតាមផ្លូវទីក្រុង គាត់អាចមានអារម្មណ៍ដឹងថា គេកំពុងតែសម្លក់សម្លឹងគាត់ ដោយការស្អប់ខ្ពើម។ ប៉ុន្តែ ក្រោយមក ជីវិតគាត់មានការផ្លាស់ប្តូរ។ លោកខ្លេមិន នៃទីក្រុងអ័ឡេចក្សានឌ្រា(Clement of Alexandria) ស្ថិតក្នុងចំណោមអ្នកដឹកនាំពួកជំនុំដំបូង បានមានប្រសាសន៍ថា លោកសាខេបានក្លាយជាអ្នកដឹកនាំគ្រីស្ទបរិស័ទដែលលេចធ្លោខ្លាំង និងជាគ្រូគង្វាលនៃពួកជំនុំ នៅទីក្រុងសេសារា។ ជាការពិតណាស់ យើងកំពុងតែនិយាយ អំពីលោកសាខេ ជាអ្នកយកពន្ធម្នាក់ ដែលបានឡើងដើមឈើដើម្បីមើលព្រះយេស៊ូវ(លូកា ១៩:១-១០)។
តើមានអ្វីជំរុញចិត្តគាត់ ឲ្យឡើងដើមឈើ នៅថ្ងៃនោះ? គេបានចាត់ទុកពួកអ្នកយកពន្ធជាជនក្បត់ជាតិ ព្រោះពួកគេបានយកពន្ធប្រជាជនខ្លួនឯង ច្រើនហួសហេតុ ដើម្បីបម្រើប្រយោជន៍ចក្រភពរ៉ូម៉ាំង។ តែគេបានឮល្បីថា ព្រះយេស៊ូវបានរាប់រកពួកគេ។ លោកសាខេប្រហែលជាឆ្ងល់ថា ព្រះយេស៊ូវនឹងរាប់រកគាត់ផងដែរឬយ៉ាងណាទេ។ ទោះជាយ៉ាងណាក៏ដោយ គាត់ជាមនុស្សមានកម្ពស់ទាប មិនអាចមើលព្រះយេស៊ូវឃើញ ក្នុងហ្វូងមនុស្សបានទេ(ខ.៣) បានជាគាត់ឡើងដើមឈើ ដើម្បីរកមើលព្រះអង្គ។
ហើយព្រះយេស៊ូវក៏បានស្វែងរកលោកសាខេផងដែរ។ ពេលដែលព្រះគ្រីស្ទបានយាងទៅដល់ដើមឈើ ដែលគាត់បានឡើងនោះ ទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក(លូកា ១៩:៥)។ ព្រះយេស៊ូវបានចាត់ទុកការស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សដែលគេស្អប់ខ្ពើម ជារឿងដ៏ចាំបាច់។ សូមយើងស្រមៃអំពីព្រះអង្គសង្រ្គោះនៃពិភពលោក ដែលសព្វព្រះទ័យនឹងចំណាយពេល ជាមួយមនុស្សដែលសង្គមមិនរាប់រក។
ចិត្ត ទំនាក់ទំនង ឬជីវិតយើងប្រហែលត្រូវការការការព្យាបាល ប៉ុន្តែ យើងអាចមានសេចក្តីសង្ឃឹម ដូចលោកសាខេផងដែរ។ ព្រះយេស៊ូវមិនដែលបដិសេធយើង ពេលណាយើងងាកបែរមករកព្រះអង្គ។ ព្រះអង្គអាចស្អាងឡើងវិញ នូវអ្វីដែលបានបាត់បង់ ឬបាក់បែក ហើយផ្តល់ឲ្យជីវិតយើង មានន័យ និងគោលបំណងថ្មី។—Poh Fang Chia