ក្នុងអំឡុងរដូវកាលនៃការប្រកួតកីឡាវាយកូនបាល់បេសប៊ល នៅឆ្នាំ២០១៨ គ្រូបង្វឹករបស់ក្រុមឈីកាហ្កូ ខាប់ ចង់ឲ្យកូនបាល់មួយ ទៅក្មេងប្រុសម្នាក់ ដែលអង្គុយនៅ លើកៅអីសម្រាប់កីឡាករ ក្នុងទីលានប្រកួត។ ប៉ុន្តែ ពេលដែលគ្រូបង្វឹកបោះកូនបាល់មួយ ឲ្យទៅគាត់ មានបុរសម្នាក់បានទៅរើសយកបាល់នោះ។ វីដេអូដែលថតបានហេតុការណ៍នោះ ក៏ត្រូវបានគេចែកចាយតាមបណ្តាញអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ សារព័ត៌មានទាំងឡាយ និងបណ្តាញសង្គមបានលាបពណ៌ឲ្យគាត់ថា ជាមនុស្សដែលគ្មានវិចារណញ្ញាណ។ ប៉ុន្តែ ទស្សនិកជនមិនបានដឹងអំពីរឿងនេះទាំងមូលទេ។ តាមពិត មុននោះ បុរសនោះបានជួយក្មេងប្រុសនោះ រើសកូនបាល់មួយដែលកីឡាករបានបោះចោល ហើយពួកគេក៏បានព្រមព្រៀងគ្នាថា នឹងចែកកូនបាល់ ដែលគេបោះចោលនៅក្បែរពួកគេ។ គួរឲ្យសោកស្តាយណាស់ ដែលរឿងពិតនេះបានលេចចេញមក នៅពេល២៤ម៉ោងក្រោយមកទៀត។ ហ្វូងមនុស្សបានបង្កការខូចខាត មកលើគាត់រួចទៅហើយ ដោយធ្វើឲ្យគេជឿថា ជនស្លូតត្រង់ម្នាក់នេះជាជនកំណាច។
មានពេលជាញឹកញាប់ពេកហើយ ដែលយើងគិតថា យើងបានដឹងពីការពិតគ្រប់ជ្រុងជ្រោយ តែតាមពិត យើងដឹងតែមួយជ្រុងប៉ុណ្ណោះ។ ក្នុងវប្បធម៌សម័យទំនើប ដែលចូលចិត្តចាប់កំហុស ដោយវីដេអូកាត់តបំផ្លើស និងការបង្ហោះសារបរិហារកេរ្តិ៍ យើងងាយនឹងថ្កោលទោសអ្នកដទៃ មុនបានស្តាប់រឿងទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានហាមយើង មិនឲ្យ “យកដំណឹងមិនពិតទៅផ្សព្វផ្សាយ”នោះទេ(និក្ខមនំ ២៣:១)។ យើងត្រូវតែពិនិត្យមើលឲ្យអស់លទ្ធភាព ដើម្បីបញ្ជាក់ថា វាជាការពិតឬអត់ មុននឹងធ្វើការចោទប្រកាន់ ដោយប្រាកដថា យើងមិនបានចូលរួមជាមួយការកុហកនោះទេ។ យើងគួរតែមានការប្រុងប្រយ័ត្ន ពេលណាយើងចង់ជួយគេ ពេលណាយើងមានចិត្តឆួលឡើង ហើយចិត្ដដែលចូលចិត្តវិនិច្ឆ័យមកលើអ្នកដទៃ ក៏បានប៉ោងឡើង។ យើងចាំបាច់ត្រូវការពារខ្លួនយើង ឲ្យរួចផុតពីការ “តាមហ្វូងមនុស្សប្រព្រឹត្តការអាក្រក់” (ខ.២)។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ សូមព្រះទ្រង់ជួយយើង កុំឲ្យផ្សព្វផ្សាយការកុហក។ សូមព្រះអង្គប្រទានយើង នូវអ្វីដែលយើងត្រូវការ ដើម្បីបង្ហាញចេញនូវប្រាជ្ញា និងដឹងច្បាស់ថា ពាក្យសម្តីរបស់យើងជាពាក្យពិត។—Winn Collier