អាឡិចក្សា(Alexa) ស៊ីរី(Siri) និង​អ្នក​ជំនួយ​ការ​ដោយ​សម្លេង​ដទៃ​ទៀត ដែល​ជា​បញ្ញា​សប្បនិមិត្ត​ មាន​បង្កប់​ក្នុង​ឧបករណ៍​ឆ្លាត​វ័យ​មួយ​ចំនួន ក្នុង​ផ្ទះ​របស់​ខ្ញុំ ជួន​កាល ស្តាប់​ច្រឡំ​អ្វី​ដែល​ដែល​យើង​កំពុង​និយាយ។ ក្មេង​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​និយាយ​ទៅ​កាន់​ឧបករណ៍​ថ្មី​នោះ អំពី​នំ​ឃុកឃី និង​ផ្ទះ​តុក្កតា​តូច​មួយ។  ក្រោយ​មក ម្តាយ​របស់​នាង​ក៏​បាន​ទទួល​សារ​​អេឡិចត្រូនិក​មួយ​ច្បាប់ ដែល​ក្នុង​នោះ​បាន​សរសេរ​ថា នំ​ឃុកឃី​៤​គីឡូ និង​ផ្ទះ​តុក្កតា​តម្លៃ​១៧០​ដុល្លា កំពុង​តែ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​មក​ផ្ទះ​របស់​នាង​ហើយ។ នៅ​ទីក្រុង​ឡុង ​សូម្បី​តែ​សត្វ​សេក​មួយ​ក្បាល ដែល​ចេះ​និយាយ ក៏​បាន​បញ្ជា​ទិញ​អំណោយ​ក្នុង​ប្រអប់​ពណ៌​មាស តាម​រយៈ​ឧបករណ៍​នោះ ដោយ​ម្ចាស់​របស់​វា​មិន​បាន​ដឹង​អី​។ មនុស្ស​ម្នាក់​បាន​ប្រាប់​ឧបករណ៍​ឆ្លាត​វ័យ​របស់​គាត់​ឲ្យ​បើក​ភ្លើង ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ហើយ​វា​ក៏​បាន​ឆ្លើយ​ថា នៅ​ទីនេះ​មិន​មាន​បន្ទប់​ញាំ​កាហ្វេ​ទេ។​

ពេល​ណា​យើង​និយាយ​ទៅ​កាន់​ព្រះ នោះ​ព្រះ​អង្គ​មិន​ដែល​យល់​ច្រឡំ អំពី​អ្វី​ដែល​យើង​ទូល​ថ្វាយ​ព្រះ​អង្គ​ឡើយ។ ព្រះ​អង្គ​មិន​ដែល​ភ័ន្ត​ច្រឡំ ព្រោះ​ព្រះ​អង្គ​ជ្រាប​អំពី​ចិត្ត​យើង ច្បាស់​ជាង​យើង​ស្គាល់​ចិត្ត​ខ្លួន​ឯង។ ព្រះ​វិញ្ញាណ​ពិនិត្យ​មើល​ចិត្ត​យើង ហើយ​យល់​ព្រះ​ទ័យ​ព្រះ​វរបិតា។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា ព្រះ​ទ្រង់​បាន​សន្យា​ថា​ ព្រះ​អង្គ​នឹង​សម្រេច​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​បាន​ពេញ​វ័យ​ខាង​វិញ្ញាណ និង​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​រាជ​បុត្រា​ទ្រង់​(រ៉ូម ៨:២៨)។ ដោយសារ​ភាព​កម្សោយ​របស់​យើង នោះ​យើង​មិន​ទាំង​ដឹង​ថា យើង​ត្រូវ​ការ​អ្វី ដើម្បី​ឲ្យ​អាច​លូត​លាស់ តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​អធិស្ឋាន​ឲ្យ​យើង តាម​បំណង​ព្រះ​ទ័យ​ព្រះ​(ខ.២៦-២៧)។

តើ​អ្នក​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​អ្វី​ក្នុង​ចិត្ត​អ្នក ដល់​ព្រះ​អម្ចាស់​ឬ​ទេ? តើ​អ្នក​មិន​ដឹង​ថា ត្រូវ​អធិស្ឋាន​ពី​អ្វី និង​ដោយ​របៀប​ណា​ឬ? ចូរ​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​អង្គ នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​អ្នក​ចុះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​យល់ ហើយ​សម្រេច​បំណង​ព្រះទ័យ​ព្រះ។​—Anne Cetas