ដោយ​មិន​អាច​ស៊ូទ្រាំ​ទៀត​បាន អ្នក​ស្រី​ស៊ីអេរ៉ា(Sierra) បាន​ទួញ​សោក ដោយសារ​កូន​ប្រុស​របស់​គាត់ កំពុង​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ។ គាត់​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ។ តើ​ព្រះ​ទ្រង់​គិត​ថា ខ្ញុំ​គ្មាន​ជំនឿ ដោយសារ​ខ្ញុំ​តែង​តែ​យំ រៀង​រាល់​ពេល​អធិស្ឋាន​ឬ?”

ខ្ញុំ​ក៏​បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ថា ព្រះ​អង្គ​គិត​យ៉ាង​ណា​ទេ”។ “ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ។ គឺ​មិន​មាន​ន័យ​ថា ព្រះ​អង្គ​មិន​ជ្រាប​ថា យើង​កំពុង​មាន​អារម្មណ៍​យ៉ាង​ណា​នោះ​ទេ”។ ខ្ញុំ​ក៏​បាន​អធិស្ឋាន ហើយ​យំ​ជា​មួយ​អ្នក​ស្រី​ស៊ីអេរ៉ា ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ទូល​អង្វរ សូម​ព្រះ​អង្គ​ជួយ​កូន​ប្រុស​គាត់ ឲ្យ​​មាន​សេរីភាព​រួច​ផុត​ពី​ការ​ញៀន​។​

ព្រះ​គម្ពីរ​បាន​ចែង អំពី​ឧទាហរណ៍​ជា​ច្រើន អំពី​មនុស្ស​ដែល​កំពុង​តយុទ្ធ​នឹង​បញ្ហា។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤២ បាន​បង្ហាញ​ចេញ​នូវ​ជម្រៅ​ចិត្ត​គាត់ ដែល​ចង់​ពិសោធន៍​នឹង​សន្តិភាព នៃ​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ និង​មាន​អំណាច​របស់​ព្រះ។  គាត់​ក៏​បាន​ទទួល​ស្គាល់​ទឹក​ភ្នែក និង​ការ​សោក​សង្រេង ដែល​គាត់​មាន ដោយ​សារ​បញ្ហា​របស់​គាត់។ ភាព​វឹកវរ​ក្នុង​ចិត្ត​គាត់ បាន​បង្ហាញ​ចេញ​មក ដោយ​ការ​សរសើរ​ដំកើង ដោយ​ទំនុក​ចិត្ត ដោយ​គាត់​បាន​រំឭក​ខ្លួន​គាត់ អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ។ វិញ្ញាណ​គាត់​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ហើយ​គាត់​ក៏​បាន​សរសេរ​ថា “ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្តី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ”(ខ.១១)។ គំនិត​គាត់​មាន​ការ​ប្រទាញប្រទង់​រវាង​ការ​អ្វី​ដែល​គាត់​បាន​ដឹង​អំពី​ព្រះ និង​ការ​ពិត​មិន​អាច​បដិសេធ​បាន នៃ​​អារម្មណ៍​ដែល​គាត់​មិន​អាច​ស៊ូទ្រាំ​បាន។​

ព្រះ​ទ្រង់​បាន​រចនា​យើង​មក ឲ្យ​មាន​រូប​ដូច​អង្គ​ទ្រង់ និង​ឲ្យ​មាន​អារម្មណ៍។ ទឹក​ភ្នែក​ដែល​យើង​មាន​សម្រាប់​អ្នកដទៃ បើក​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​ការ​អាណិត ដ៏​ជ្រាល​ជ្រៅ មិនមែន​ដោយសារ​យើង​ខ្វះ​ជំនឿ​នោះ​ទេ។ យើង​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​របួស​ថ្មី​ៗ ឬ​ស្នាម​សម្លាក​ចាស់​ៗ ព្រោះ​ព្រះ​អង្គ​ជ្រាប​អំពី​អារម្មណ៍​របស់​យើង។ រៀងរាល់​ពេល​យើង​អធិស្ឋាន ទោះ​ដោយ​ភាព​ស្ងាត់​ស្ងៀម ដោយ​ខ្សឹកខ្សួល ឬ​ដោយ​សម្លេង​ឮ​ៗ​ ដោយ​ទំនុក​ចិត្ត​ក្តី ចូរ​យើង​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​បាន​សន្យា​ថា​ នឹង​ស្តាប់​ឮ ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង។​—Xochitl Dixon