ដោយមិនអាចស៊ូទ្រាំទៀតបាន អ្នកស្រីស៊ីអេរ៉ា(Sierra) បានទួញសោក ដោយសារកូនប្រុសរបស់គាត់ កំពុងតយុទ្ធនឹងការញៀនថ្នាំ។ គាត់និយាយថា “ខ្ញុំមានអារម្មណ៍មិនល្អទេ។ តើព្រះទ្រង់គិតថា ខ្ញុំគ្មានជំនឿ ដោយសារខ្ញុំតែងតែយំ រៀងរាល់ពេលអធិស្ឋានឬ?”
ខ្ញុំក៏បាននិយាយថា “ខ្ញុំមិនដឹងថា ព្រះអង្គគិតយ៉ាងណាទេ”។ “ប៉ុន្តែ ខ្ញុំដឹងថា ព្រះអង្គអាចជួយឲ្យយើងមានអារម្មណ៍ល្អឡើងវិញ ។ គឺមិនមានន័យថា ព្រះអង្គមិនជ្រាបថា យើងកំពុងមានអារម្មណ៍យ៉ាងណានោះទេ”។ ខ្ញុំក៏បានអធិស្ឋាន ហើយយំជាមួយអ្នកស្រីស៊ីអេរ៉ា ខណៈពេលដែលយើងកំពុងតែទូលអង្វរ សូមព្រះអង្គជួយកូនប្រុសគាត់ ឲ្យមានសេរីភាពរួចផុតពីការញៀន។
ព្រះគម្ពីរបានចែង អំពីឧទាហរណ៍ជាច្រើន អំពីមនុស្សដែលកំពុងតយុទ្ធនឹងបញ្ហា។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៤២ បានបង្ហាញចេញនូវជម្រៅចិត្តគាត់ ដែលចង់ពិសោធន៍នឹងសន្តិភាព នៃព្រះវត្តមានដ៏ស្ថិតស្ថេរ និងមានអំណាចរបស់ព្រះ។ គាត់ក៏បានទទួលស្គាល់ទឹកភ្នែក និងការសោកសង្រេង ដែលគាត់មាន ដោយសារបញ្ហារបស់គាត់។ ភាពវឹកវរក្នុងចិត្តគាត់ បានបង្ហាញចេញមក ដោយការសរសើរដំកើង ដោយទំនុកចិត្ត ដោយគាត់បានរំឭកខ្លួនគាត់ អំពីសេចក្តីស្មោះត្រង់របស់ព្រះ។ វិញ្ញាណគាត់ក៏បានទទួលការលើកទឹកចិត្ត ហើយគាត់ក៏បានសរសេរថា “ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្តីជំនួយ ហើយជាព្រះនៃអញ”(ខ.១១)។ គំនិតគាត់មានការប្រទាញប្រទង់រវាងការអ្វីដែលគាត់បានដឹងអំពីព្រះ និងការពិតមិនអាចបដិសេធបាន នៃអារម្មណ៍ដែលគាត់មិនអាចស៊ូទ្រាំបាន។
ព្រះទ្រង់បានរចនាយើងមក ឲ្យមានរូបដូចអង្គទ្រង់ និងឲ្យមានអារម្មណ៍។ ទឹកភ្នែកដែលយើងមានសម្រាប់អ្នកដទៃ បើកបង្ហាញពីក្តីស្រឡាញ់ និងការអាណិត ដ៏ជ្រាលជ្រៅ មិនមែនដោយសារយើងខ្វះជំនឿនោះទេ។ យើងអាចចូលទៅជិតព្រះ ដោយរបួសថ្មីៗ ឬស្នាមសម្លាកចាស់ៗ ព្រោះព្រះអង្គជ្រាបអំពីអារម្មណ៍របស់យើង។ រៀងរាល់ពេលយើងអធិស្ឋាន ទោះដោយភាពស្ងាត់ស្ងៀម ដោយខ្សឹកខ្សួល ឬដោយសម្លេងឮៗ ដោយទំនុកចិត្តក្តី ចូរយើងបង្ហាញចេញនូវទំនុកចិត្ត ចំពោះព្រះបន្ទូលរបស់ព្រះអង្គ ដែលបានសន្យាថា នឹងស្តាប់ឮ ហើយយកព្រះទ័យទុកដាក់ចំពោះយើង។—Xochitl Dixon