មានពេលមួយ ខ្ញុំកំពុងអង្គុយក្នុងកន្លែងញាំអាហារ ក្នុងផ្សាទំនើប ដោយភាពតានតឹងក្នុងរូបកាយ និងភ័យបុកពោះ ដោយសារការងារ ដែលធ្វើមិនទាន់ហើយ មុនពេលកំណត់។ ខណៈពេលដែលខ្ញុំបើកកញ្ចប់ហ៊ែមបឺហ្គ័ររបស់ខ្ញុំញាំ មនុស្សនៅជុំវិញខ្ញុំ សុទ្ធតែមានការព្រួយបារម្ភ អំពីកិច្ចការផ្ទាល់ខ្លួន។ ខ្ញុំក៏បានគិតម្នាក់ឯងថា ពេលវេលា កម្លាំង និងសមត្ថភាពរបស់យើងសុទ្ធតែមានដែនកំណត់។
ខ្ញុំក៏បានគិតចង់ធ្វើបញ្ជីកិច្ចការដែលត្រូវធ្វើថ្មីមួយ ហើយយកកិច្ចការបន្ទាន់ជាអាទិភាព ប៉ុន្តែ ពេលដែលខ្ញុំដកប៊ិចចេញមក មានគំនិតមួយបានលេចឡើងមក ដោយខ្ញុំបានគិតដល់ព្រះមួយអង្គ ដែលគ្មានដែនកំណត់ និងសម្រេចកិច្ចការទាំងអស់យ៉ាងងាយស្រួល តាមបំណងព្រះទ័យទ្រង់។
ហោរាអេសាយមានប្រសាសន៍ថា ព្រះអង្គ ជាព្រះដែលវាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់(អេសាយ ៤០:១២)។ ព្រះអង្គបានដាក់ឈ្មោះឲ្យផ្កាយទាំងអស់នៅលើមេឃ ហើយបានដាក់គន្លងឲ្យពួកវាដើរ(ខ.២៦) ក៏ស្គាល់អ្នកដឹកនាំទាំងអស់ នៅលើពិភពលោក ហើយក៏បានគ្រប់គ្រងពីលើការងាររបស់ពួកគេ(ខ.២៣) ហើយព្រះអង្គក៏បានចាត់ទុកកោះទាំងឡាយ គ្រាន់តែជាល្អងធូលី ហើយប្រជាជាតិទាំងឡាយជាដំណក់ទឹក នៅក្នុងសមុទ្រ(ខ.១៥)។ ព្រះអង្គក៏បានសួរគេថា តើគេចង់ប្រៀបផ្ទឹមព្រះអង្គទៅនឹងនរណា?(ខ.២៥)។ លោកអេសាយក៏បានឆ្លើយតបថា “ព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង”(ខ.២៨)។
ភាពតានតឹង និងការព្រួយបារម្ភមិនដែលមានប្រយោជន៍សម្រាប់យើងនោះទេ ប៉ុន្តែ ថ្ងៃនេះ យើងអាចទទួលបាននូវមេរៀនដ៏មានអំណាច ពីពួកវា។ ព្រះដែលគ្មានដែនកំណត់ មិនមានលក្ខណៈអន់ខ្សោយដូចខ្ញុំទេ។ ព្រះអង្គសម្រេចអ្វីៗដែលព្រះអង្គប្រាថ្នា។ ថ្ងៃនោះ ខ្ញុំក៏បានញ៉ាំហ៊ែមបឺហ្គ័ររបស់ខ្ញុំឲ្យអស់ ហើយក៏បានឈប់បង្អង់ ដើម្បីថ្វាយបង្គំព្រះ យ៉ាងស្ងាត់ស្ងៀម។—Sheridan Voysey