មានពេលមួយអ្នកស្រីស៊ូ ហ្វេន(Siu Fen)បានទៅពិនិត្យសុខភាព រកឃើញថា គាត់មានជម្ងឺខូចតម្រងនោម ហើយត្រូវទៅលាងឈាមជាប្រចាំ អស់មួយជីវិត។ ពេលនោះ គាត់ចង់បោះបង់ចោលការព្យាបាល។ ដោយសារគាត់ចូលនិវត្តន៍ ហើយនៅលីវ និងជាអ្នកជឿព្រះ តាំងពីយូរមកហើយ គាត់ក៏បានគិតថា គាត់មិនត្រូវការពន្យាជីវិតទេ។ ប៉ុន្តែ មិត្តភក្តិរបស់គាត់បានលើកទឹកចិត្តគាត់ ឲ្យបន្តតស៊ូ ហើយទៅលាងឈាមឲ្យទៀតទាត់ ដោយទុកចិត្តថា ព្រះជាម្ចាស់នឹងជួយគាត់។
ពីរឆ្នាំក្រោយមក គាត់ក៏បានប្រើបទពិសោធន៍របស់គាត់ដើម្បីលើកទឹកចិត្តអ្នកដទៃ នៅពេលដែលគាត់ទៅសួរសុខទុក្ខមិត្តភក្តិម្នាក់ ដែលទៅថ្វាយបង្គំនៅព្រះវិហារជាមួយគាត់។ ស្រ្តីនោះមានជម្ងឺចុះខ្សោយកម្លាំង ហើយមានអារម្មណ៍ឯកោ ដោយសារមានមនុស្សតិចណាស់ ដែលពិតជាអាចយល់ អំពីការអ្វីដែលនាងកំពុងឆ្លងកាត់។ ប៉ុន្តែ អ្នកស្រីស៊ូ ហ្វ៊ែន អាចយល់អំពីការឈឺចាប់ ក្នុងផ្លូវកាយ និងផ្លូវអារម្មណ៍របស់គាត់ ហើយអាចមានទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយគាត់ផងដែរ។ បទពិសោធន៍របស់អ្នកស្រីស៊ូ ហ្វ៊ែន បានជួយឲ្យគាត់អាចរួមដំណើរជាមួយស្រ្តីនោះ ហើយធ្វើឲ្យគាត់អាចផ្តល់ឲ្យការកម្សាន្តចិត្តជាច្រើន ដែលមនុស្សជាច្រើនមិនអាចផ្តល់ឲ្យបាន។ គាត់ក៏បានមានប្រសាសន៍ថា ពេលនេះ គាត់ដឹងហើយថា ព្រះទ្រង់នៅតែអាចប្រើគាត់។
យើងអាចពិបាកយល់អំពីមូលហេតុ ដែលយើងមានការឈឺចាប់។ តែព្រះជាម្ចាស់អាចប្រើទុក្ខលំបាករបស់យើង តាមរបៀបដែលយើងមិននឹកស្មានដល់។ ពេលដែលយើងងាកទៅរកទ្រង់ ដើម្បីទទួលការកម្សាន្តចិត្ត និងសេចក្តីស្រឡាញ់ ក្នុងពេលដែលយើងមានទុក្ខលំបាក ទ្រង់នឹងចម្រើនកម្លាំងយើង ឲ្យអាចជួយអ្នកដទៃ។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានមើលឃើញបំណងព្រះទ័យព្រះ នៅក្នុងទុក្ខលំបាករបស់គាត់។ គឺគាត់អាចដឹងថា ទុក្ខលំបាកគឺជាឱកាស សម្រាប់ទទួលការកម្សាន្តចិត្តរបស់ព្រះ ដែលគាត់អាចប្រើការកម្សាន្តចិត្តនោះដើម្បីជួយអ្នកដទៃ(២កូរិនថូស ១:៣-៥)។ ព្រះទ្រង់មិនបានប្រាប់យើង ឲ្យបដិសេធការឈឺចាប់ និងទុក្ខព្រួយរបស់យើងទេ ប៉ុន្តែ យើងអាចទុកចិត្តថា ព្រះជាម្ចាស់អាចប្រើវា ជាប្រយោជន៍ដល់យើង និងអ្នកដទៃ។—LESLIE KOH