ឪពុកដែលមានក្តីស្រឡាញ់
មានពេលមួយខ្ញុំបានឃើញគ្រួសារមួយ ដែលឪពុកម្តាយកំពុងមានការនឿយហត់ នៅក្នុងការមើលកូនតូចៗដ៏រពិសទាំងពីរនាក់ ដែលជាសិស្សសាលាមត្តេយ្យ។ អ្នកទាំងពីរមានការពិបាក នៅក្នុងការអូសនាំពួកវា ចេញចូលអាកាសយាន្តដ្ឋាន និងចេញចូលយន្តហោះ ហើយពេលនោះ ជើងហោះហើរចុងក្រោយរបស់ពួកគេក៏ត្រូវបានពន្យាពេលទៀត។ ពេលខ្ញុំមើលក្មេងប្រុសទាំងពីរកំពុងរត់ចុះឡើង ក្នុងចំណោមហ្វូងមនុស្សដ៏អ៊ូអរ នៅកន្លែងច្រកទ្វារ ខ្ញុំក៏បានឆ្ងល់ថា ឪពុកម្តាយរបស់ពួកគេ នឹងធ្វើឲ្យពួកគេអង្គុយនៅស្ងៀម ក្នុងយន្តហោះ ឲ្យបានកន្លះម៉ោង ក្នុងដំណើរទៅទីក្រុងគ្រែន រេភីត ដោយរបៀបណា។ ពេលយើងបានចូលអង្គុយក្នុងយន្តហោះ ខ្ញុំក៏បានកត់សំគាល់ឃើញថា បុរសជាឪពុកកំពុងអង្គុយ នៅលើកៅអីខាងក្រោយខ្ញុំ ជាមួយកូនប្រុសរបស់គាត់ម្នាក់ ហើយម្នាក់ទៀតអង្គុយជាមួយម្តាយវា នៅជួរផ្សេង។ បន្ទាប់មក ខ្ញុំក៏បានឮឪពុកដ៏ហត់នឿយរូបនោះបបួលកូនប្រុសគាត់ ឲ្យស្តាប់គាត់អានសៀវភៅរឿង ឲ្យវាស្តាប់។ ក្នុងអំឡុងពេលនៃការហោះហើរកន្លះម៉ោង ឪពុកដែលមានក្តីស្រឡាញ់នោះ ក៏បានអានឲ្យកូនរបស់ខ្លួនស្តាប់ ដោយសម្លេងស្រទន់ និងការអត់ធ្មត់ ធ្វើឲ្យវានៅស្ងៀម ហើយស្តាប់គាត់អានរឿងយ៉ាងជក់ចិត្ត។
ក្នុងចំណោមបទគម្ពីរទំនុកដំកើង ដែលស្តេចដាវីឌបាននិពន្ធ មានទំនុកមួយបានប្រកាសថា “ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ”(ទំនុកដំកើង ១០៣:១៣)។ បទគម្ពីរនេះបានប្រាប់ឲ្យយើងដឹងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់បានស្រឡាញ់កូនទ្រង់ខ្លាំងប៉ុណ្ណា ហើយក៏បានរំឭកថា យើងមានពរណាស់ ដែលអាចមើលទៅទ្រង់ ហើយស្រែកឡើងថា “ឱអ័ប្បា ព្រះវរបិតា”(រ៉ូម ៨:១៥)។
ពេលអ្នកកំពុងតែនឿយហត់ ក្នុងដំណើរជីវិត ព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកស្តាប់រឿង…
មនុស្សដែលមិនសមទំនង
អ្នកស្រីហ្វេននី ខេមប៊ល(Fanny Kemble) ជាតារាភាពយន្តអង់គ្លេស ដែលបានផ្លាស់ទីលំនៅ មកសហរដ្ឋអាមេរិក ក្នុងដើមទសវត្សរ៍ឆ្នាំ ១៨០០ ហើយក៏បានរៀបការជាមួយម្ចាស់ចំការម្នាក់ ឈ្មោះ ភាស បាត់ធ្លើ(Pierce Butler) នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ អ្នកស្រីហ្វេននីមានចិត្តអរសប្បាយ ក្នុងការរស់នៅ ដោយសារទ្រព្យសម្បត្តិទទួលបានពីចំការនោះ តែក្រោយមក គាត់ក៏បានបាត់អំណរ ពេលដែលបានដឹងថា ខ្លួនកំពុងមានភាពហ៊ឺហារ នៅលើគំនរទុក្ខរបស់ពួកទាសករ ដែលកំពុងធ្វើការក្នុងចំការរបស់ស្វាមីគាត់។
អ្នកស្រីហ្វេននីក៏បានលែងលះស្វាមីរបស់គាត់ បន្ទាប់ពីគាត់បានសរសេរកំណត់ហេតុរៀបរាប់ អំពីភាពសាហាវព្រៃផ្សៃ ដែលពួកទាសករច្រើនតែបានទទួលរង។ គេក៏បានចែកផ្សាយកំណត់ហេតុរបស់គាត់យ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកប្រឆាំងនឹងរបបទាសភាព ហើយកំណត់ហេតុនោះត្រូវបានគេបោះពុម្ពផ្សាយ ក្នុងឆ្នាំ ១៨៦៣ ដោយមានចំណងជើងថា កំណត់ហេតុរបស់គេហដ្ឋាន ក្នុងចំការមួយ នៅរដ្ឋចចចាហ៍ ពីឆ្នាំ១៨៣៨ ដល់១៨៣៩ ។ ដោយសារអតីតភរិយារបស់ម្ចាស់ទាសករម្នាក់នេះ ប្រឆាំងនឹងរបបទាសភាព គេក៏បានហៅគាត់ថា “អ្នកប្រឆាំងរបបទាសភាព ដែលមិនសមទំនង”។
ក្នុងរូបកាយព្រះគ្រីស្ទ ជាញឹកញាប់ ព្រះទ្រង់បានធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដោយការអស្ចារ្យ។ ជាទៀងទាត់ ទ្រង់បានប្រើមនុស្ស និងស្ថានភាព ដែលមិនសមទំនង ដើម្បីសម្រេចបំណងព្រះទ័យរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស។ ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកីយ៍នេះ និងពួកអ្នកដែលគេមើលងាយ…
ពន្លឺក្នុងភាពងងឹត
ក្នុងអំឡុងពេលដំណើរកម្សាន្ត នៅប្រទេសពេរូ ខ្ញុំបានទៅមើលរូងភ្នំមួយ ក្នុងចំណោមរូងភ្នំជាច្រើន ដែលគេឃើញមាន នៅទូទាំងប្រទេសមួយនេះ ដែលសំបូរទៅដោយតំបន់ភ្នំ។ អ្នកនាំផ្លូវយើងបានប្រាប់យើងថា គេបានចូលរុករក ក្នុងរូងភ្នំប្រភេទនេះ បានជម្រៅជាង ១៤គីឡូម៉ែត្រហើយ នៅតែមិនទាន់ទៅដល់បាតរបស់វា។ យើងបានចូលមើលសត្វប្រជៀវដ៏គួរឲ្យចាប់ចិត្ត សត្វបក្សីរាត្រីចរ និងផ្ទាំងថ្ម ដែលមានរូបរាង្គចម្លែកៗ។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន យើងក៏បានទៅដល់កន្លែងដែលងងឹតខ្លាំង ធ្វើឲ្យយើងមិនហ៊ានចូលទៅជ្រៅជាងនោះទៀត ហើយយើងស្ទើរតែថប់ដង្ហើមផង បានជាយើងប្រញាប់ចេញមកក្រៅវិញ។ ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង ពេលដែលយើងបានវិលត្រឡប់មកខាងក្រៅរូងភ្នំ ហើយបានឃើញពន្លឺថ្ងៃឡើងវិញ។
បទពិសោធន៍នៅថ្ងៃនោះ បានរំឭកខ្ញុំថា តើភាពងងឹតនាំឲ្យមានការភ័យខ្លាចកំរិតណា ហើយយើងម្នាក់ៗត្រូវការពន្លឺខ្លាំងប៉ុណ្ណា។ យើងកំពុងរស់នៅក្នុងពិភពលោក ដែលប្រែជាងងឹត ដោយសារអំពើបាប គឺលោកិយដែលបានទាស់ប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន។ ហើយយើងត្រូវការពន្លឺ។
ព្រះយេស៊ូវទ្រង់ក៏បានយាងមក ដើម្បីស្អាងអ្វីៗឡើងវិញ ជាពិសេសគឺស្រោចស្រង់មនុស្សជាតិ ឲ្យបានចូលទៅរស់នៅក្នុងពន្លឺរបស់ទ្រង់(យ៉ូហាន ៨:១២)។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តីងងឹតឡើយ”(យ៉ូហាន ១២:៤៦)។
នៅក្នុងទ្រង់ យើងមិនគ្រាន់តែទទួលបាននូវពន្លឺនៃសេចក្តីសង្រ្គោះប៉ុណ្ណោះទេ តែថែមទាំងបានទទួលពន្លឺ ដែលនាំឲ្យយើងដើរតាមផ្លូវទ្រង់ កាត់តាមភាពងងឹតខាងវិញ្ញាណរបស់លោកិយ។-Bill Crowder
ព្រះនាមទ្រង់ជាសញ្ញាសំគាល់
ក្នុងខែកក្កដា ឆ្នាំ១៨៦០ គេបានបើកសាលាបង្រៀនគិលានុបដ្ឋាយិកាដំបូងបំផុត របស់ពិភពលោក នៅមន្ទីរពេទ្យសង់ ថូម៉ាស នៅទីក្រុងឡុង។ សព្វថ្ងៃនេះ សាលារៀនមួយនេះជាផ្នែកមួយនៃមហាវិទ្យាល័យរបស់ស្តេច ដែលនៅទីនោះ គេបានហៅសិស្សសាលាទាំងនោះថា ណៃធីងហ្គេល។ សាលារៀននោះ ក៏ដូចជាការងារគិលានុបដ្ឋាយិកាសម័យទំនើប សុទ្ធតែត្រូវបានបង្កើតឡើង ដោយអ្នកស្រីផ្លូរិន ណៃធីងហ្គេល(Florence Nightingale) ដែលបានកែប្រែរបៀបនៃការថែទាំងអ្នកជម្ងឺ ក្នុងអំឡុងសម័យសង្រ្គាមគ្រីមមា។ ពេលដែលគិលានុបដ្ឋាយិកា បានបញ្ចប់ការបណ្តុះបណ្តាលហើយ ពួកគេក៏បាន “ធ្វើការសច្ចាប្រណិធានតាមអ្នកស្រីណៃធីងហ្គេល” ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលដែលគាត់នៅតែបន្តជះ មកលើការថែទាំអ្នកជម្ងឺ។
មនុស្សជាច្រើនបានជិះឥទ្ធិពលយ៉ាងខ្លាំង មកលើពិភពលោកសព្វថ្ងៃ គឺមិនខុសពីអ្នកស្រីផ្លូរិន ណៃធីងហ្គេលទេ។ ប៉ុន្តែ គ្មាននរណាម្នាក់ ដែលមានប្រសិទ្ធិភាពដូចព្រះយេស៊ូវទេ ដែលការប្រសូត្រ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ បានធ្វើឲ្យជីវិតមនុស្សជាច្រើនផ្លាស់ប្រែ ជាង២ពាន់ឆ្នាំមកហើយ។
នៅទូទាំងពិភពលោក គេបានហៅគ្រីស្ទបរិស័ទថា គ្រីស្ទាន ដោយព្រះនាមព្រះគ្រីស្ទបានធ្វើជាសញ្ញាសំគាល់របស់អ្នកដែលដើរតាមទ្រង់ រាប់ចាប់តាំងពីសម័យដំបូងនៃពួកជំនុំរបស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “កាល[លោកបាណាបាស]បានឃើញលោកសូលហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ ក្នុងរវាង១ឆ្នាំ គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង”(កិច្ចការ ១១:២៦)។
អ្នកដែលមានព្រះនាមព្រះគ្រីស្ទជាសញ្ញាសំគាល់ខ្លួន គឺជាកម្មសិទ្ធិរបស់ទ្រង់ហើយ ព្រោះយើងបានផ្លាស់ប្រែ ដោយក្តីស្រឡាញ់…
ការបណ្តាលចិត្ត ដោយក្តីស្រឡាញ់
ក្នុងទសវត្សរ៍ឆ្នាំ ១៩២០ លោកបប់ប៊ី ចូនស៍(Bobby Jones) បានទទួលតំណែងជើងឯក ក្នុងពិភពកីឡាវាយកូនហ្គោល ទោះបីជាគាត់មិនមែនជាកីឡាករអាជីពក៏ដោយ។ ខ្សែភាពយន្តមួយ ដែលមានចំណងជើងថា លោកបប់ប៊ី ចូនស៍ : អ្នកប្រាជ្ញនៃកីឡាវាយកូនហ្គោល បាននិយាយអំពីដំណើរជីវិតរបស់គាត់ ដែលក្នុងនោះ មានវគ្គមួយ ដែលកីឡាករវាយកូនហ្គោលអាជីពម្នាក់ បានសួរលោកបប់ប៊ីថា តើពេលណាគាត់ងាកមកធ្វើកីឡាករអាជីពវិញ ដើម្បីកើបលុយ ដូចកីឡាករល្បីៗផ្សេងទៀត។ លោកចូនស៍ក៏បានពន្យល់ប្រាប់គេថា គាត់លេងកីឡាវាយកូនហ្គោល គឺដោយសារគាត់ស្រឡាញ់កីឡាមួយនេះ មិនមែនដោយសារគាត់ចង់បានលុយនោះទេ។
ពេលយើងធ្វើអ្វីមួយ យើងត្រូវដឹងពីមូលហេតុ ដែលយើងចង់ធ្វើកិច្ចការនោះ។ ក្នុងនាមជាអ្នកដែលដើរតាមព្រះគ្រីស្ទ យើងក៏ត្រូវដឹងពីមូលហេតុដែលយើងចង់បម្រើព្រះផងដែរ។ ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅកាន់ពួកជំនុំ នៅក្រុងកូរិនថូស គាត់ក៏បានបង្ហាញនូវគំរូល្អ នៅត្រង់ចំណុចនេះផងដែរ។ នៅក្នុងសំបុត្ររបស់គាត់ យើងឃើញថា គាត់បាននិយាយការពារការប្រព្រឹត្ត ចរិយាសម្បត្តិ និងការដែលព្រះបានត្រាសហៅគាត់ ឲ្យធ្វើជាសាវ័កទ្រង់។ ពេលគេចោទសួរគាត់ អំពីមូលហេតុដែលគាត់ធ្វើការបម្រើព្រះ គាត់ក៏បានឆ្លើយតបថា គាត់បានធ្វើការបម្រើព្រះ ដោយសារសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ បានបណ្តាលចិត្តគាត់ ដោយគាត់ពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់ នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ(២កូរិនថូស ៥:១៤-១៥)។
សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ជាកក្តាជំរុញចិត្តដ៏សំខាន់បំផុត ដែលនាំឲ្យគ្រីស្ទបរិស័ទរស់នៅថ្វាយទ្រង់ មិនមែនរស់នៅដើម្បីខ្លួនឯងនោះទេ។-Bill…
អំណរដ៏ពោរពេញ
ពេលដែលខ្ញុំកំពុងរង់ចាំ នៅមុខច្រកទ្វារឡើងជិះយន្តហោះ នៅអាកាសយាន្តដ្ឋានចាងហ្គ៊ី ប្រទេសសឹង្ហបូរី ខ្ញុំបានកត់សំគាល់ឃើញគ្រួសារមួយ ដែលមានឪពុកម្តាយ និងកូនប្រុសម្នាក់។ នៅទីនោះ មានមនុស្សកកកុញ បានជាពួកគេពិបាកស្វែងរកកន្លែងអង្គុយ។ ភ្លាមៗនោះ ក្មេងតូចម្នាក់នោះ ក៏បានចាប់ផ្តើមស្រែកច្រៀងឮៗថា “អំណរដល់លោក”។ ក្មេងនោះមានអាយុប្រហែល៦ឆ្នាំទេ តែវាអាចចាំពាក្យទាំងអស់ ក្នុងបទចម្រៀងនោះ គឺពិតជាគួរឲ្យសរសើរមែន។
ការអ្វីដែលកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍ថែមទៀតនោះ គឺទឹកមុខរបស់ក្មេងប្រុសម្នាក់នោះ ដែលកំពុងតែញញឹម ត្រូវនឹងបទចម្រៀងដែលវាកំពុងច្រៀង ខណៈពេលដែលវាកំពុងប្រកាសដល់មនុស្សគ្រប់គ្នា នៅទីច្រកទ្វារនោះ អំពីក្តីអំណរ ដែលលោកិយទទួលបាន ពីព្រះគ្រីស្ទដែលបានយាងមកប្រសូត្រជាមនុស្ស។
ក្តីអំណរនេះមិនមែនសម្រាប់តែក្មេងៗដែលកំពុងតែសប្បាយរីករាយ ហើយក៏មិនមែនសម្រាប់តែរដូវកាលនៃបុណ្យណូអែលដែរ។ ក្តីអំណរដ៏ហូរហៀរ ដែលទទួលបានពីការទទួលព្រះវត្តមានព្រះគ្រីស្ទក្នុងជីវិតយើង ស្ថិតក្នុងចំណោមខ្លឹមសារសំខាន់ៗ នៃសេចក្តីបង្រៀនចុងក្រោយ ដែលព្រះយេស៊ូវបានប្រទានដល់ពួកសិស្ស នៅពេលយប់មុនពេលគេធ្វើគុតទ្រង់ នៅលើឈើឆ្កាង។ ទ្រង់បានប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់ដ៏លើសលប់ ដែលទ្រង់មានចំពោះពួកគេ ដូចដែលព្រះវរបិតាស្រឡាញ់ទ្រង់(យ៉ូហាន ១៥:៩)។ បន្ទាប់ពីព្រះយេស៊ូវបានចែកចាយ អំពីអត្ថន័យនៃទំនាក់ទំនងដ៏អស់កល្បជានិច្ចនេះ ទ្រង់ក៏បានមានបន្ទូលថា “ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង”(ខ.១១)។
នេះជាព្រះបន្ទូលសន្យាដ៏អស្ចារ្យណាស់! ព្រោះចិត្តយើងអាចពេញដោយអំណរ គឺអំណរដ៏ពិត តាមរយៈព្រះយេស៊ូវគ្រីស្ទ!-Bill Crowder
មិនមែនល្អតែសម្បកក្រៅ
ក្នុងយុគសម័យ ដែលប្រព័ន្ធផ្សព្វផ្សាយបានគ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៃសង្គម ទីប្រឹក្សាផ្នែករូបភាព បានក្លាយជាបុគ្គលដ៏សំខាន់មិនអាចខ្វះបាន។ សីល្បៈករ កីឡាករ អ្នកនយោបាយ និងអ្នកដឹកនាំមុខជំនួញជាច្រើន ចង់ឲ្យពិភពលោកមានទស្សនៈល្អ ចំពោះខ្លួន។ ពួកគេក៏បានជួលទីប្រឹក្សាដែលមានតម្លៃខ្ពស់ ឲ្យផ្តល់យោបល សម្រាប់ការផ្សព្វផ្សាយ ដើម្បីឲ្យអតិថិជន ស្រឡាញ់ និងចូលចិត្តពួកគេ ទោះជួនកាល ពួកគេល្អតែសម្បកក្រៅក៏ដោយ។
តាមពិត អ្វីដែលមនុស្សត្រូវការ មិនមែនជាការតុបតែងលម្អឲ្យស្អាតតែសម្បកក្រៅនោះឡើយ តែអ្វីដែលយើងត្រូវការនោះ គឺការផ្លាស់ប្រែនៅក្នុងចិត្ត។ ភាពខ្វះចន្លោះក្នុងផ្នែកដ៏ជ្រៅបំផុតនៃវិញ្ញាណយើង មិនអាចកែប្រែ ដោយគ្រឿងលម្អខាងសាច់ឈាមបានទេ។ ភាពខ្វះចន្លោះទាំងនោះមានទំនាក់ទំនងដោយផ្ទាល់ នឹងធាតុពិត ដែលមាននៅក្នុងចិត្ត និងគំនិតរបស់យើង ហើយក៏បង្ហាញឲ្យយើងដឹងថា យើងបានដាច់ចេញឆ្ងាយប៉ុណ្ណា ពីភាពគ្រប់លក្ខណ៍ ដែលព្រះបានបង្កើតមក។ ប៉ុន្តែ មនុស្សមិនអាចពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដើម្បីសម្រេចនូវការផ្លាស់ប្រែនេះឡើយ។
មានតែព្រះគ្រីស្ទទេ ដែលបានប្រទានយើង នូវការផ្លាស់ប្រែដ៏ពិត ដែលមិនគ្រាន់តែជាការកែប្រែមុខមាត់ ឬរូបរាង្គខាងក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុលបានមានប្រសាសន៍ថា អ្នកដែលមានជីវិតអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទត្រូវ “ប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក”(កូល៉ុស ៣:១០)។
បើយើងមានជីវិតថ្មីហើយ នោះមានក្តីសង្ឃឹមដ៏ពោរពេញ! ព្រះគ្រីស្ទកែប្រែយើង ឲ្យក្លាយជាមនុស្សថ្មី នៅក្នុងទ្រង់ គឺមនុស្សដែលមានចិត្តផ្លាស់ប្រែជាថ្មី ដែលមិនមែនល្អតែសម្បកក្រៅនោះឡើយ។-Bill Crowder
គ្រឹះដ៏រឹងមាំ
ការរញ្ជួយដីកើតឡើងជាញឹកញាប់ ក្នុងតំបន់រង្វង់នៃមហាសមុទ្របាស៊ីភិក ដែលគេបានឲ្យឈ្មោះថា “រង្វង់នៃភ្លើង”។ ៩០ភាគរយនៃការរញ្ជួយដីទាំងអស់ និង៨១ភាគរយនៃការរញ្ជួយដីខ្លាំងបំផុត ក្នុងពិភលោក បានកើតឡើងក្នុងតំបន់នោះឯង។ ខ្ញុំបានដឹងថា មានអគារជាច្រើនក្នុងទីក្រុងហុងកុង ត្រូវបានគេសាងសង់ឡើង នៅលើគ្រឹះដែលធ្វើពីថ្មក្រានីត ដែលជួយកាត់បន្ថយការខូចខាតអគារ ជាអតិបរមា ក្នុងពេលមានគ្រោះរញ្ជួយដីម្តងៗ។ គ្រឹះរបស់អគារមានសារៈសំខាន់ណាស់ ជាពិសេស ក្នុងតំបន់ដែលសម្បូររញ្ជួញដី ក្នុងពិភពលោក។
ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមទ្រង់ថា គ្រឹះដ៏រឹងមាំ គឺសំខាន់ចំពោះជីវិតរបស់អគារណាស់។ គឺដូចដែលទ្រង់មានបន្ទូលថា “អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ”(ម៉ាថាយ ៧:២៤-២៥)។ មានតែព្រះយេស៊ូវទេ ដែលជាគ្រឹះដ៏រឹងមាំ ដែលជួយឲ្យយើងមានលំនឹងក្នុងចិត្ត និងក្នុងជីវិត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
កាលណាយើងអនុញ្ញាតឲ្យប្រាជ្ញារបស់ព្រះអម្ចាស់ ដឹកនាំយើង ក្នុងទំនាក់ទំនង ការសម្រេចចិត្ត និងការដាក់អាទិភាពរបស់យើង យើងរកបានគ្រឹះដែលគួរឲ្យទុកចិត្តបំផុត សម្រាប់ឲ្យយើងសង់ជីវិតយើងពីលើ។-Bill Crowder
ការក្លែងសម្លេង
នៅសម័យដំបូង នៃវិស័យខ្សែភាពយន្ត ក្រុមសីល្បៈករហ្វូលេយ(Foley)បានរកឃើញវិធីបង្កើតសម្លេង ដើម្បីបញ្ចូលក្នុងខ្សែភាពយន្ត។ ពួកគេបានយកថង់ស្បែកច្រកម្សៅពោត ហើយច្របាច់ថង់នោះ បង្កើតជាសម្លេងព្រឹល ដែលលាន់ប្រឹបៗ ហើយពួកគេយកស្រោមដៃមួយគូមករលាស់ ធ្វើជាសម្លេងបក្សីរលាស់ស្លាបហើរ។ ម្យ៉ាងទៀត ពួកគេបានយករំពាត់មកគ្រវាត់ចុះឡើង បង្កើតសម្លេង វូហ វូហ។ ដើម្បីឲ្យខ្សែភាពយន្តមើលទៅមានលក្ខណៈធម្មជាតិពិតៗ សីល្បៈករទាំងនេះបានប្រើបច្ចេកទេសដ៏ប៉ិនប្រសប់ ដើម្បីបង្កើតសម្លេងឲ្យដូចធម្មជាតិ។
គេក៏អាចក្លែងសារ ឲ្យមានលក្ខណៈដូចសារដើមផងដែរ គឺមិនខុសពីការធ្វើសម្លេង សម្រាប់បញ្ចូលក្នុងកុនឡើយ។ វិធីសាស្រ្តមួយ ក្នុងចំណោមវីធីសាស្រ្តដែលសាតាំងបានប្រើញឹកញាប់បំផុត ដើម្បីបោកបញ្ឆោតយើង គឺវាបានក្លែងព្រះរាជសារព្រះ តាមរបៀបដែលនាំឲ្យគ្រោះថ្នាក់ខាងវិញ្ញាណ។ បានជាសាវ័កប៉ុលបានដាស់តឿនពួកជំនុំ ក្នុងបទគម្ពីរ ២កូរិនថូស ១១:១៣-១៤ ថា “ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ”។ សាវ័កប៉ុលបានដាស់តឿនយើង អំពីពួកគ្រូបង្រៀនក្លែងក្លាយ ដែលនាំឲ្យយើងវង្វេងចេញពីព្រះយេស៊ូវគ្រីស្ទ និងចេញពីព្រះរាជសារនៃព្រះគុណរបស់ទ្រង់។
ព្រះយេស៊ូវបានមានបន្ទូលថា គោលបំណងដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង គឺដើម្បី “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។ ដោយមានជំនួយ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចរកឃើញសេចក្តីពិត ក្នុងលោកិយ ដែលមានពេញដោយការក្លែងបន្លំសារ។-Bill Crowder
ភ្ញៀវដែលមិនបានអញ្ជើញ
ថ្មីៗនេះ កូនប្រុស និងកូនប្រសាររបស់ខ្ញុំ បានទូរស័ព្ទមកប្រាប់ខ្ញុំថា កាលពីពេលយប់ មានសត្វប្រជៀវពីរក្បាល ចូលផ្ទះពួកគេ។ ខ្ញុំដឹងថា សត្វប្រជៀវជាផ្នែកមួយដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឡូហ្ស៊ី តែពួកវាមិនមែនជាសត្វដែលខ្ញុំចូលចិត្ត ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ ជាពិសេស នៅពេលដែលពួកវាហើរចូលក្នុងផ្ទះខ្ញុំ។ ប៉ុន្តែ ខ្ញុំនិងភរិយាខ្ញុំបានអរព្រះគុណព្រះ ដែលយើងអាចទៅផ្ទះកូនយើង ដើម្បីជួយដេញសត្វប្រជៀវ។ ហើយបានជួយបិទប្រហោងតាមជញ្ជាំងផ្ទះ ព្រោះសត្វប្រជៀវ ប្រហែលជាអាចចូលក្នុងផ្ទះពួកគេ តាមប្រហោងនោះ ក្នុងនាមជាភ្ញៀវដែលមិនបានអញ្ជើញ។
សេចក្តីទុក្ខក៏ជាភ្ញៀវដែលមិនបានអញ្ជើញផងដែរ ដែលចេះតែវាយលុកចូលក្នុងជីវិតយើង។ ពេលយើងមានទុក្ខលំបាក យើងងាយនឹងមានចិត្តតក់ស្លត់ ឬអស់សង្ឃឹម។ ប៉ុន្តែ ស្ថានភាពដ៏ពិបាកទាំងនេះ អាចជាឧបករណ៍ ដែលព្រះវរបិតានៃយើង បានប្រើដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។
ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានសរសេរថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(យ៉ាកុប ១:២-៤)។
ពេលយើងមានទុក្ខព្រួយ ឬការឈឺចាប់ យើងមិនត្រេកអរសប្បាយទេ។ ប៉ុន្តែ ពេលដែលទុក្ខព្រួយ ដែលជាភ្ញៀវដែលមិនបានអញ្ជើញទាំងនោះ បានមកដល់ យើងអាចមើលទៅព្រះហស្តព្រះ ដែលកំពុងគ្រប់គ្រង ហើយជឿជាក់ថា ទ្រង់អាចប្រើប្រាស់ទុក្ខលំបាកទាំងនោះ ដើម្បីជួយឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាទ្រង់។-Bill Crowder