ទឹកភ្នែកនៃការដឹងគុណ
ពេលខ្ញុំនឹងភរិយារបស់ខ្ញុំ បានទៅចូលរួមពិធីលៀងព្រះអម្ចាស់ គេបានអញ្ជើញពួកជំនុំ ឲ្យឡើងទៅខាងមុខ ដើម្បីទទួលនំប៉័ង និងពែងទឹកទំពាំងបាយជូរ ពីគ្រូគង្វាល ឬពួកចាស់ទុំ។ ពួកគេបានប្រាប់ពួកជំនុំម្នាក់ៗ ដោយផ្ទាល់ អំពីការលះបង់ ដែលព្រះយេស៊ូវបានធ្វើសម្រាប់គេម្នាក់ៗ។ ពេលនោះ ខ្ញុំមានការប៉ះពាល់ចិត្តជាពិសេស នៅក្នុងការប្រារព្ធពិធីនេះ។ ប៉ុន្តែ ជាញឹកញាប់ យើងអាចប្រែជាមានអារម្មណ៍ថា គ្មានអ្វីប្លែក ចំពោះពិធីដ៏សំខាន់នេះ ដោយសារយើងគ្រាន់តែបានប្រារព្ធធ្វើជាទម្លាប់ទៅហើយ។ បន្ទាប់ពីយើងបានត្រឡប់មកកន្លែងអង្គុយវិញហើយ ខ្ញុំក៏បានមើលអ្នកដទៃដើរយឺតៗទៅខាងមុខវេទិការ យ៉ាងស្ងាត់ស្ងៀម។ គួរឲ្យកត់សំគាល់ណាស់ ដែលមានមនុស្សជាច្រើនមានទឹកភ្នែករលីងរលោង។ សម្រាប់ខ្ញុំ និងសម្រាប់អ្នកដទៃទៀត ដែលខ្ញុំបានជជែកជាមួយនៅពេលក្រោយមក ទឹកភ្នែកនោះជាទឹកភ្នែកនៃការដឹងគុណ។
យើងអាចរកឃើញមូលហេតុនៃទឹកភ្នែកនៃការដឹងគុណ នៅក្នុងមូលហេតុនៃការប្រារព្ធធ្វើពីធីលៀងព្រះអម្ចាស់។ សាវ័កប៉ុលបានបង្រៀនពួកជំនុំ នៅក្រុងកូរិនថូស អំពីអត្ថន័យនៃពិធីលៀងព្រះអម្ចាស់ ហើយក៏បាននិយាយសង្កត់ធ្ងន់ ដោយប្រើពាក្យដ៏មានអំណាចថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។ ធាតុផ្សំនៃពិធីលៀងព្រះអម្ចាស់ បាននាំឲ្យយើងគិតអំពីឈើឆ្កាង និងការដែលព្រះគ្រីស្ទលះបង់ ជួសយើងរាល់គ្នា ដូចនេះ ពិធីលៀងព្រះអម្ចាស់និយាយអំពីព្រះគ្រីស្ទ គឺមិនគ្រាន់តែជាពិធីបុណ្យរបស់គ្រីស្ទបរិស័ទប៉ុណ្ណោះទេ។ គឺនិយាយអំពីសេចក្តីស្រឡាញ់ ការលះបង់ និងឈើឆ្កាងរបស់ព្រះអង្គ ដែលសុទ្ធតែដើម្បីយើងរាល់គ្នា។
យើងមិនអាចរកពាក្យនឹងថ្លែងឲ្យបានគ្រប់គ្រាន់ អំពីព្រះគុណដ៏អស្ចារ្យនៃការលះបង់របស់ព្រះគ្រីស្ទ! ជួនកាល ទឹកភ្នែកនៃការដឹងគុណ អាចថ្លាថ្លែងអំពីសេចក្តីអ្វី ដែលពាក្យមិនអាចរៀបរាប់ឲ្យបានពេញលេញ។-Bill…
ព្រះអង្គបានកែប្រែជីវិតទូលបង្គំ
លោកស្ទីវ ចបស៍(Steve Jobs) ដែលជាអ្នកត្រួសត្រាយផ្នែកវិទ្យាសាស្រ្តកំព្យូទ័រ បានលាចាកលោកក្នុងឆ្នាំ២០១១។ ពេលនោះ មានមនុស្សជាងមួយលាននាក់ នៅទូទាំងពិភពលោកបានបង្ហោះសារនៅលើប្រព័ន្ធអ៊ីនធឺណែត ដើម្បីបង្ហាញនូវការដឹងគុណចំពោះគាត់។ សារដែលគេនិយមបង្ហោះជាងគេនោះ មានខ្លឹមសារដែលរៀបរាប់អំពីការដែលលោកចបស៍ បានកែប្រែជីវិតរបស់ពួកគេ។ ពួកគេនិយាយថា ការរស់នៅរបស់ពួកគេមានការផ្លាស់ប្តូរ ដោយសារគំនិតកែឆ្នៃដ៏ប៉ិនប្រសប់របស់គាត់ ហើយពួកគេចង់បង្ហាញនូវការសរសើរ និងទុក្ខសោក ចំពោះគាត់។ ក្នុងនោះ មានអ្នកខ្លះបានបង្ហោះរូបភាព ដែលមានអក្សរឡាតាំងធំៗ នៅលើកញ្ចក់ឧបករណ៍ធែបលែតមួយគ្រឿងដែលសរសេរថា អាយស៊ែត(iSad) ដែលមានន័យថា ខ្ញុំមានទុក្ខ។
ការដឹងគុណបាននាំឲ្យមនុស្សបង្ហាញចេញ នូវអារម្មណ៍របស់ខ្លួន គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១០៧ បានរៀបរាប់ថា “គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ”(ខ.២)។ ខ្លឹមសារនៃទំនុកដំកើងនេះ និយាយអំពីអ្នកដែលកំពុងមានបញ្ហាធ្ងន់ធ្ងរ ដែលព្រះអម្ចាស់បានរំដោះ ឲ្យមានសេរីភាព។ អ្នកខ្លះគ្មានផ្ទះសម្បែង ហើយខ្លះមានការខ្វះខាត(ខ.៤-៥) ហើយខ្លះបានបះបោរទាស់នឹងព្រះបន្ទូលព្រះ(ខ.១០-១១) អ្នកខ្លះទៀតកំពុងទាល់ច្រក បានជាគេស្រែកដង្ហើយឲ្យព្រះអង្គជួយ(ខ.២៦-២៧)។ ព្រះអង្គក៏បានសង្រ្គោះពួកគេទាំងអស់គ្នា។ “ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ”(ខ.៨,១៥,២១,៣១)។
សូមពិចារណាអំពីភាពអស្ចារ្យនៃក្តីស្រឡាញ់របស់ព្រះ និងអំពីព្រះគុណរបស់ព្រះអង្គ ក្នុងការចាត់ព្រះយេស៊ូវគ្រីស្ទ ឲ្យមកសុគតជួសយើង ហើយបានមានព្រះជន្មឡើងវិញ ហើយសូមយើងគិតអំពីការដែលព្រះអង្គបានរំដោះយើង ព្រោះការគិតអំពីការទាំងអស់នេះ នាំឲ្យយើងដឹងគុណព្រះអង្គ ហើយយើងនឹងមិនអាចឈប់សរសើរដំកើងព្រះអង្គឡើយ ហើយយើងចង់តែនិយាយប្រាប់អ្នកដទៃ អំពីការដែលព្រះអង្គបានកែប្រែជីវិតយើង!-David McCasland
ដើមឈើសម្រាប់សម្រាក
មានដើមឈើមួយ ដើមនៅក្នុងចំការពោត ដែលនៅទល់មុខការិយាល័យរបស់ខ្ញុំ។ គេបានកាប់ដើមឈើអស់ជាច្រើនហិចតា ដើម្បីឲ្យកសិកអាចដំាពោត នៅលើផ្ទៃដីនោះ។ ដូចនេះ ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីបានជាគេទុកដើមឈើមួយដើមនោះ ឲ្យបន្តលូតលាស់ បែកមែកសាខាដូចនេះ។ ក្រោយមក ខ្ញុំក៏បានដឹងអំពីមូលហេតុ។ តាំងពីយូរមកហើយ កសិករមានប្រពៃណីទុកដើមឈើមួយដើម ឲ្យបន្តដុះនៅក្នុងចំការពោធ ឬវាលស្រែ សម្រាប់ឲ្យពួកគេចូលជ្រកម្លប់ ជាមួយសត្វពាហនៈរបស់ខ្លួន ពេលមានថ្ងៃក្តៅខ្លាំង ក្នុងរដូវក្តៅ។
មានពេលខ្លះ យើងអាចឆ្លងផុតបញ្ហាអ្វីមួយ ដោយមិនដឹងថា ហេតុអ្វីបានជាមានតែយើងដែលអាចឆ្លងផុត។ មានទាហានត្រឡប់មកពីធ្វើសឹកសង្រ្គាមវិញ ហើយមានអ្នកជម្ងឺបានរួចជីវិតពីជម្ងឺដ៏កាចសាហាវ ដោយមិនដឹងថា ហេតុអ្វីបានជាពួកគេអាចឆ្លងផុត តែអ្នកដទៃទៀតមិនអាចរួចជីវិត។
បទគម្ពីរសញ្ញាចាស់បានចែង អំពីសំណល់នៃជនជាតិអ៊ីស្រាអែល ដែលព្រះបានទុកជីវិត ពេលដែលប្រជាជាតិមួយនេះ ត្រូវសាសន៍ដទៃនិរទេស។ ពួកសំណល់នៃជនជាតិអ៊ីស្រាអែលបានរក្សាក្រឹត្យវិន័យរបស់ព្រះ ហើយក្រោយមក ក៏បានសាងសង់ព្រះវិហារឡើងវិញ(អែសរ៉ា ៩:៩)។ សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ជាផ្នែកមួយនៃសំណល់នៃរាស្រ្តរបស់ព្រះ (រ៉ូម ១១:១,៥)។ ព្រះបានទុកឲ្យគាត់រស់នៅ ដើម្បីធ្វើជាអ្នកនាំដំណឹងល្អ ទៅផ្សាយដល់សាសន៍ដទៃ(ខ.១៣)។
បើសិនជាយើងកំពុងតែឈនៅកន្លែង ដែលអ្នកដទៃបានដួលអស់ នោះយើងត្រូវលើកដៃឡើងឈោងទៅរកនគរស្ថានសួគ៌ ដោយការសរសើរ ហើយលាតសន្ធឹងដៃយើងធ្វើជាម្លប់ ដល់អ្នកដែលនឿយព្រួយខាងវិញ្ញាណ។ ព្រះអម្ចាស់ជួយឲ្យយើងអាចធ្វើជាដើមឈើ សម្រាប់ឲ្យអ្នកដទៃចូលមកសម្រាកក្នុងព្រះអង្គ។-Julie Ackerman Link
“បើព្រះអង្គសព្វព្រះទ័យ”
មានពេលមួយ ម៉ូលី(Molly)ចង់ឲ្យឪពុករបស់នាងជួយ តែនាងមិនហ៊ានសុំគាត់ទេ។ នាងដឹងថា ពេលដែលគាត់កំពុងធ្វើការមុខកំព្យូទ័ររ គាត់មិនចង់ឲ្យគេរំខានទេ។ នាងគិតថា គាត់អាចអន់ចិត្តនឹងនាង បានជានាងមិនបានសុំឲ្យគាត់ជួយ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវ យើងមិនចាំបាច់ត្រូវខ្លាចចិត្តព្រះអង្គ ដូចនេះទេ។ បទគម្ពីរម៉ាថាយ ៨:១-៤ បានចែងអំពីបុរសកើតឃ្លង់ម្នាក់ ដែលគ្មានការស្ទាក់ស្ទើរ នៅក្នុងការរំខានព្រះយេស៊ូវ ដើម្បីសុំឲ្យព្រះអង្គជួយគាត់។ ជម្ងឺរបស់គាត់បានធ្វើឲ្យគាត់ជួបការពិបាកយ៉ាងខ្លាំង។ សង្គមមានការរើសអើងចំពោះគាត់ ហើយគាត់មានការពិបាកខាងផ្លូវអារម្មណ៍យ៉ាងខ្លាំង។ កាលនោះព្រះយេស៊ូវកំពុងជាប់រវល់នឹង “មនុស្សដ៏ច្រើនកកកុញ” ប៉ុន្តែ បុរសកើតឃ្លង់បានបញ្ច្រៀតចូលក្នុងហ្វូងមនុស្ស ដើម្បីឲ្យបានទូលព្រះយេស៊ូវ។
ព្រះគម្ពីរដំណឹងល្អម៉ាថាយបានចែងថា មនុស្សឃ្លង់នោះ បានមក “ក្រាបថ្វាយបង្គំព្រះអង្គ”(ខ.២)។ គាត់បានចូលទៅក្បែរព្រះយេស៊ូវ ដោយការថ្វាយបង្គំ ដោយមានជំនឿលើអំណាចចេស្តារបស់ព្រះអង្គ និងដោយការបន្ទាបខ្លួន ដោយទទួលស្គាល់ថា ដែលព្រះអង្គនឹងជួយគាត់ឬក៏អត់ គឺស្រេចតែព្រះអង្គ។ គឺដូចដែលគាត់បានទូលព្រះអង្គថា “ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន”(ខ.២)។ ព្រះយេស៊ូវក៏បានពាល់គាត់ ដោយក្តីអាណិត ហើយគាត់ក៏បានជាស្អាតជាមួយរំពេច(គួរបញ្ជាក់ថា ក្រឹត្យវិន័យរបស់សាសន៍យូដា “មិនអនុញ្ញាតឲ្យប៉ះពាល់” មនុស្សឃ្លង់ទេ)។
យើងមិនចាំបាច់ត្រូវមានការស្ទាក់ស្ទើរ នៅក្នុងការចូលទៅក្បែរព្រះយេស៊ូវ ដើម្បីសូមឲ្យព្រះអង្គជួយឡើយ គឺដូចដែលបុរសកើតឃ្លង់បានធ្វើជាគំរូស្រាប់។ ពេលដែលយើងចូលទៅចំពោះព្រះអង្គ ដោយការបន្ទាបខ្លួន និងការថ្វាយបង្គំ យើងអាចទុកចិត្តថា ព្រះអង្គនឹងមានការសម្រេចព្រះទ័យដ៏ល្អបំផុតសម្រាប់យើង។-Anne Cetas
ការនាំមុខ
សៀវភៅរឿង បងប្អូនរួមអាវុធ ដែលលោកស្ទីហ្វិន អេមប្រូស(Stephen Ambrose) បាននិពន្ធ បាននិយាយផ្តោតទៅលើដំណើរជីវិតរបស់កងពលតូចអ៊ីហ្ស៊ី(Easy)នៃកងទ័ពអាមេរិក ដែលរាប់ចាប់ពីការហ្វឹកហាក់របស់ពួកគេ នៅរដ្ឋចចជា(Georgia) មកដល់ពេលសម្រុកចូលខេត្តនរមែនឌី នៅថ្ងៃឌីដេយ(D-Day នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤) ហើយរហូតមកដល់ចុងបញ្ចប់នៃរឿងនេះ ដែលនិយាយអំពីការបញ្ចប់នៃសង្រ្គាមលោកលើកទីពីរ។ ក្នុងសម័យសង្រ្គាមដ៏យូរនោះ លោកមេបញ្ជាការរីឆាត វីនធ័រ(Richard Winters) ជាអ្នកដឹកនាំកងពលតូចអ៊ីហ្ស៊ី។ លោកវីនធ័រ ជាមេបញ្ជាការដ៏ល្អម្នាក់ ព្រោះគាត់តែងនាំមុខពលទាហានរបស់គាត់ នៅក្នុងសមរភូមិជានិច្ច។ ពេលកំពុងប្រយុទ្ធគ្នា កងទ័ពរបស់គាត់ច្រើនតែឭគាត់និយាយថា “មកតាមខ្ញុំ!”។ មេបញ្ចាការដទៃទៀត ប្រហែលជាចូលចិត្តបញ្ជាពីខាងក្រោយទ័ពរបស់ខ្លួន ដោយកុំឲ្យមានគ្រោះថ្នាក់ ប៉ុន្តែ ពេលដែលកងពលរបស់គាត់ចូលសមរភូមិ គាត់តែងតែនាំមុនពួកគេមិនដែលខានឡើយ។
ព្រះយេស៊ូវជាអ្នកដឹកនាំដ៏ពិត សម្រាប់កូនស្ងួនភា្ញរបស់ទ្រង់។ ទ្រង់ជ្រាបថា យើងត្រូវការអ្វី ហើយតើមានចំណុចណា ដែលយើងងាយរងគ្រោះបំផុត។ ការដឹកនាំរបស់ទ្រង់ បានធ្វើឲ្យបទគម្ពីរទំនុកដំកើង ជំពូក២៣ ក្លាយជាបទចម្រៀងដែលគេស្រឡាញ់បំផុត នៅក្នុងចំណោមបទទំនុកដំកើង ក្នុងព្រះគម្ពីរ។ ក្នុងខ.២ ស្តេចដាវីឌបានមានប្រសាសន៍ថា អ្នកគង្វាល “ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ” ហើយទ្រង់មានបន្ទូលថែមទៀតក្នុងខ.៣ ថា “ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់”។ ទំនុកនេះបានបង្ហាញ ពីមូលហេតុដែលទ្រង់យកព្រះទ័យទុកដាក់ចំពោះយើងទាំងស្រុង។ យើងនៅតែអាចដើរតាមទ្រង់ជានិច្ច មិនថាតែនៅពេលដែលយើងមានចិត្តស្រស់ស្រាយ និងមានកម្លាំងឡើយ(“ទឹកហូរគ្រឿនៗ”)…
លើសពីពត៌មាន
តើកិរិយ៉ារបស់មនុស្សមានការប្រែប្រួល ដោយរបៀបណា? នៅក្នុងសៀវភៅ ដែលមានចំណងជើងថា “សត្វដែលមានសង្គម” ដែលលោកដាវីឌ ប្រ៊ូក(David Brooks) បាននិពន្ធ គាត់បានកត់សំគាល់ឃើញថា អ្នកជំនាញមួយចំនួន បានមានប្រសាសន៍ថា មនុស្សយើងគ្រាន់តែត្រូវការការបង្រៀន អំពីគ្រោះថ្នាក់ក្នុងរយៈពេលវែង ដែលនឹងកើតឡើងពីអាកប្បកិរិយ៉ាអាក្រក់។ ឧទាហរណ៍ “ការជក់បារីអាចនាំឲ្យកើតជម្ងឺមហារីក។ ការផឹតក្បត់បំផ្លាញគ្រួសារ ហើយការកុហក់បំផ្លាញការទុកចិត្ត។ ដូចនេះ យើងអាចសន្និដ្ឋានបានថា ពេលដែលយើងរំឭកអ្នកដទៃ ឲ្យភ្ញាក់ដឹងខ្លួនពីភាពល្ងង់ខ្លៅ នៃអាកប្បកិរិយ៉ារបស់ពួកគេ នោះពួកគេអាចមានចិត្តចង់ឈប់ធ្វើការទាំងនោះ។ គេយល់ថា ហេតុផល និងបំណងចិត្តរបស់មនុស្ស គឺជាកត្តាដ៏សំខាន់ នៅក្នុងការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងដើម្បីគ្រប់គ្រងខ្លួនឯង។ ប៉ុន្តែ ទ្រឹស្តីទាំងនេះ សុទ្ធតែមិនអាចបង្ហាញថា មានប្រសិទ្ធិភាព”។ និយាយរួម បើយើងគ្រាន់តែប្រាប់ពត៌មាន ដើម្បីឲ្យពួកគេភ្ញាក់ខ្លួន នោះមិនទាន់គ្រប់គ្រាន់ល្មមនឹងអាចកែប្រែអាកប្បកិរិយ៉ារបស់មនុស្សបានឡើយ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចង់មានការលូតលាស់ និងការផ្លាស់ប្រែខាងវិញ្ញាណ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះយេស៊ូវបានប្រាប់សិស្សទ្រង់ ពីរបៀបដែលយើងអាចមានការលូតលាស់ និងផ្លាស់ប្រែខាងវិញ្ញាណ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ”(យ៉ូហាន ១៥:៤)។ ព្រះយេស៊ូវជាដើមទំពាំងបាយជូរ ហើយយើងដែលជាអ្នកដើរតាមទ្រង់ ជាខ្នែង។ បើសិនជាយើងមានចិត្តស្មោះត្រង់មែន…
ពាក្យរបស់មនុស្សមានប្រាជ្ញា
សព្វថ្ងៃនេះ ខ្ញុំមានអាយុជាង៦០ឆ្នាំហើយ ខ្ញុំបានរំឭកឡើងវិញ អំពីអ្នកដឹកនាំខាងវិញ្ញាណទាំង ឡាយ ដែលបានជះឥទ្ធិពលល្អ មកលើជីវិតខ្ញុំ។ កាលខ្ញុំនៅរៀននៅសាលាព្រះគម្ពីរ ព្រះប្រើគ្រូបង្រៀនព្រះគម្ពីរសញ្ញាចាស់ ដើម្បីធ្វើឲ្យខ្ញុំស្រឡាញ់ចូលចិត្តព្រះបន្ទូលទ្រង់។ គ្រូបង្រៀនភាសាក្រិករបស់ខ្ញុំ បានប្រើវិធីសាស្រ្តបង្រៀនល្អៗ ដើម្បីជំរុញឲ្យខ្ញុំបញ្ចប់ការសិក្សាព្រះគម្ពីរសញ្ញាថ្មី យ៉ាងជោគជ័យ។ ហើយពេលដែលខ្ញុំចាប់ផ្តើមបម្រើការជាគ្រូគង្វាលជាលើកដំបូង គ្រូគង្វាលជាន់ខ្ពស់របស់ខ្ញុំ បានដឹកនាំខ្ញុំនៅក្នុងការធ្វើកិច្ចការសំខាន់ៗ ដើម្បីជួយអ្នកដទៃ ឲ្យលូតលាស់ខាងវិញ្ញាណ។ និយាយរួម គ្រូបង្រៀនទាំងនេះ សុទ្ធតែបានលើកទឹកចិត្តខ្ញុំ តាមរបៀបខុសៗគ្នា។
ស្តេចសាឡូម៉ូនធ្វើការស្វែងយល់ប្រកបដោយប្រាជ្ញា អំពីរបៀបដែលអ្នកដឹកនាំអាចជួយឲ្យយើងមានការរីកលូតលាស់ គឺដូចដែលទ្រង់បានមានបន្ទូលថា “ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នក ដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១”(សាស្តា ១២:១១)។ គ្រូខ្លះបានប្រើពាក្យ ដែលប្រៀបបាននឹងជន្លួញ ដែលជួយជម្រុញយើង គ្រូខ្លះទៀតជួយសង់មូលដ្ឋានគ្រឹះខាងវិញ្ញាណដ៏រឹងមាំ នៅក្នុងជីវិតយើង។ ហើយមានគ្រូខ្លះទៀត គឺជាគ្រូគង្វាលដែលមើលថែរយើង ដោយស្តាប់យើងយ៉ាងយកចិត្តទុកដាក់ ពេលដែលយើងមានការឈឺចាប់។
ព្រះគ្រីស្ទទ្រង់ជាអ្នកគង្វាលល្អ ដែលបានប្រទាននូវអំណោយទានផ្សេងៗ ដល់អ្នកដឹកនាំ ដូចជា អំណោយទាន លើកទឹកចិត្ត បង្កើត និងមើលថែរពួកជំនុំ។ ទ្រង់សព្វព្រះទ័យឲ្យយើងបន្ទាបខ្លួន និងមានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃជានិច្ច ទោះយើងជាអ្នកដឹកនាំ ឬជាអ្នកដែលរៀនសូត្រពីអ្នកដឹកនាំក៏ដោយ។ យើងពិតជាមានអភ័យឯកសិទ្ធិពិសេសណាស់ ដែលអ្នកគង្វាលរបស់យើង បានដឹកនាំ និងប្រើយើង ឲ្យលើកទឹកចិត្តអ្នកដទៃ នៅពេលដែលពួកគេកំពុងដើរជាមួយទ្រង់។–Dennis…
អ្នកដើរតាមដែលមិនស្មោះត្រង់
គំនិតរបស់បណ្តាជន ពិតជាប្រែប្រួលឆាប់រហ័សណាស់! ពេលដែលព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង ទ្រង់ត្រូវបានមនុស្សទាំងហ្វូងទទួលស្វាគមន៍ ដោយស្រែកប្រកាសថា ទ្រង់ជាស្តេច (យ៉ូហាន ១២:១៣)។ តែនៅចុងសប្តាហ៍ ពួកបណ្តាជនដដែលនោះបានស្រែកទៀមទាឲ្យគេឆ្កាងទ្រង់ទៅវិញ(១៩:១៥)។
ពេលដែលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏នឹកឃើញថា ខ្លួនឯងក៏មិនខុសពីពួកបណ្តាជន ដែលមានចិត្តសាវ៉ាទាំងនោះផងដែរ។ ព្រោះខ្ញុំចូលចិត្តអបអរក្រុមកីឡាករ ដែលកំពុងប្រកួតឈ្នះ តែចំណាប់អារម្មណ៍ ដែលខ្ញុំមានចំពោះក្រុមនោះ ស្រាប់តែថយចុះទៅវិញ ពេលដែលក្រុមនោះកំពុងតែចាប់ផ្តើមប្រកួតចាញ់។ ខ្ញុំចូលចិត្តរួមចំណែកនៅក្នុងចលនាថ្មីៗ ដែលមានភាពរំភើបរីករាយ តែពេលដែលខ្ញុំចង់ផ្លាស់ទៅរស់នៅកន្លែងផ្សេង ខ្ញុំក៏ផ្លាស់ចេញទៅ ដោយមិននឹកស្រណោះចលនានោះទៀតឡើយ។ ខ្ញុំចូលចិត្តដើរតាមព្រះយេស៊ូវ ពេលដែលទ្រង់កំពុងធ្វើការអ្វីដែលខ្ញុំធ្វើមិនកើត តែខ្ញុំក៏រត់ចោលទ្រង់ ពេលដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំ ធ្វើការអ្វីមួយដែលពិបាក។ ការដើរតាមព្រះយេស៊ូវមានភាពរំភើបរីករាយ ពេលដែលខ្ញុំឃើញមានមនុស្សទាំងហ្វូងៗដើរតាមទ្រង់ដែរ។ យើងងាយនឹងទុកចិត្តទ្រង់ ពេលដែលយើងឃើញថា ទ្រង់មានប្រាជ្ញាជាងពួកអ្នកប្រាជ្ញ ហើយនិយាយឈ្នះពួកដែលកំពុងកាន់អំណាច (ម៉ាថាយ ១២:១០ ២២:១៥-៤៦)។ ប៉ុន្តែ ពេលដែលទ្រង់ចាប់ផ្តើមមានបន្ទូលអំពីការរងទុក្ខ ការលះបង់ និងសេចក្តីស្លាប់ ខ្ញុំក៏ស្រាប់តែមានចិត្តស្ទាក់ស្ទើរ។
ខ្ញុំចូលចិត្តគិតថា ខ្ញុំនឹងដើរតាមព្រះយេស៊ូវរហូតទាល់តែដល់ឈើឆ្កាង តែទន្ទឹមនឹងនោះ ខ្ញុំមានការសង្ស័យ។ និយាយរួម បើខ្ញុំមិនហ៊ានថ្លែងប្រាប់គេ អំពីទ្រង់ នៅកន្លែងដែលគេមិនធ្វើទុក្ខខ្ញុំផង តើធ្វើដូចម្តេច ឲ្យខ្ញុំអាចប្រកាសប្រាប់អំពីទ្រង់ ក្នុងកណ្តាលចំណោមហ្វូងមនុស្ស ដែលជាអ្នកប្រឆាំងនឹងទ្រង់នោះ?
តែខ្ញុំសូមអរព្រះគុណព្រះយេស៊ូវ ដែលព្រមសុគតជួសអ្នកដែលបានដើរតាមទ្រង់ទាំងចិត្តងាករេ ដើម្បីឲ្យយើងអាចក្លាយជាអ្នកដើរតាមទ្រង់…
ភាពខ្វះចន្លោះដ៏គ្រោះថ្នាក់
ក្នុងអក្សរសាស្រ្ត មានរឿងជាច្រើន ដែលនិយាយអំពីបរាជ័យរបស់វីរបុរស ដោយសារតែភាពខ្វះចន្លោះដ៏គ្រោះថ្នាក់ នៃបុគ្គលិកលក្ខណៈរបស់គាត់។ នេះក៏ជារឿងពិត ដែលបានកើតឡើងចំពោះស្តេចអ័ម៉ាស៊ីយ៉ា ដែលជាស្តេចនៃនគរយូដា ដែលមានព្រះជន្ម១៦ឆ្នាំ។ ទ្រង់បានស្វែងរកព្រះអម្ចាស់អស់ជាច្រើនឆ្នាំ ហើយពេលនោះ ព្រះទ្រង់ក៏បានប្រទានពរ ឲ្យទ្រង់មានជ័យជម្នះ (១របាក្សត្រ ២៦:៤-៥)។ តែអ្វីៗមានការប្រែប្រួល ពេលដែល“ព្រះនាមទ្រង់លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្តីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកំឡាំងខ្លាំង។ កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ”(ខ.១៥-១៦)។
ស្តេចអាម៉ាស៊ីយ៉ា ក៏បានយាងចូលព្រះវិហារនៃព្រះអម្ចាស់ ដើម្បីដុតគ្រឿងក្រអូបនៅលើអាសនា(ខ.១៦) ដែលទង្វើនេះជាការបំពាន ដោយបើកចំហរ មកលើក្រឹត្យវិន័យនៃព្រះអម្ចាស់។ ត្រង់ចំណុចនេះ ប្រហែលមកពីសេចក្តីអំណួតបានធ្វើឲ្យទ្រង់យល់ថា ទ្រង់មិនបាច់ត្រូវកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដូចគេរាល់គ្នាឡើយ។ ពេលដែលស្តេចអាម៉ាស៊ីយ៉ាមានព្រះទ័យក្រេវក្រោធទាស់នឹងពួកសង្ឃ ដែលបានទូលទ្រង់ថា ទង្វើរនេះមិនត្រឹមត្រូវ នោះព្រះអម្ចាស់ទ្រង់ក៏បានដាក់ទោសទ្រង់ ឲ្យកើតរោគឃ្លង់(ខ.១៨-២០)។
ពេលយើងអានរឿង ក្នុងអក្សរសាស្រ្ត និងក្នុងជីវិតពិត ជាញឹកញាប់ យើងឃើញមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អ បែជាធ្លាក់ចេញពីការមានកិត្តយស ទៅជាមានក្តីអាម៉ាស និងទុក្ខវេទា។ គឺដូចដែលមានសេចក្តីចែងថា “ស្តេចអូសៀសទ្រង់មានរោគឃ្លង់ ដរាបដល់ថ្ងៃសុគត…ទ្រង់បានត្រូវកាត់កាល់ចេញពីព្រះវិហារព្រះយេហូវ៉ា”(ខ.២១)។
វិធីតែមួយ ដើម្បីឲ្យយើងអាចការពារកុំឲ្យទឹកដមដ៏ផ្អែមនៃការសរសើរ ក្លាយជាថ្នាំពលនៃសេចក្តីអំណួតគឺយើងត្រូវដើរតាមព្រះអម្ចាស់ ដោយចិត្តដែលបន្ទាបខ្លួន។–David McCasland
ចូរស្ងៀមទៅ ហើយឈប់ចុះ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះ អេឡូវីស(Elouise) មានវិធីសាស្រ្តដ៏អស្ចារ្យ ដើម្បីធ្វើឲ្យជីវិតមានទស្សនៈវិស័យដ៏ឆ្លាតវ័យ។ ពេលដែលខ្ញុំសួរនាងថា “តើអ្នកសុខសប្បាយទេ ថ្ងៃនេះ?” ខ្ញុំបានរំពឹងថា នាងនឹងឆ្លើយតបដូចពេលរាល់ដងថា “សុខសប្បាយជាទេ” ។ តែផ្ទុយទៅវិញ នាងឆ្លើយថា “ខ្ញុំត្រូវតែដាស់ទ្រង់ឲ្យភ្ញាក់ឡើង!” ពេលដែលខ្ញុំសួរនាងថា តើនាងកំពុងនិយាយអំពីអ្វី នាងក៏ឆ្លើយរបៀបលេងសើចថា “តើអ្នកមិនមើលព្រះគម្ពីរទេឬ បានជាមិនដឹង?” បន្ទាប់មកនាងក៏បានពន្យល់ថា “ពេលដែលពួកសាវ័កជួបគ្រោះភ័យ ពួកគេបានប្រញាប់ទៅដាស់ព្រះយេស៊ូវឲ្យភ្ញាក់ពីដំណេក។ ដូចនេះ ខ្ញុំក៏នឹងទៅដាស់ទ្រង់ផងដែរ!”
ទាក់ទងនឹងរឿងនេះ យើងអាចសួរខ្លួនឯងថា ពេលដែលយើងទាល់ច្រក ពេលមានគ្រោះភ័យ ដោយមិនដឹងជារត់គេចទៅណា តើយើងនឹងធ្វើដូចម្តេច? យើងប្រហែលជាប្រញាប់ទៅរកព្រះយេស៊ូវ ដូចពួកសាវ័ករបស់ទ្រង់ នៅពេលដែលពួកគេកំពុងជួបខ្យល់ព្យុះដែលកំពុងគំរាមកំហែងជីវិតរបស់ពួកគេដែរហើយ(ម៉ាកុស ៤:៣៥-៤១)។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល យើងប្រហែលជាចង់រំដោះខ្លួនចេញពីបញ្ហា ដោយខំរកឱកាសសងសឹក ឬនិយាយអាក្រក់ពីអ្នកដែលបានធ្វើបាបយើង ឬក៏គ្រាន់តែចូលទៅសង្ងំនៅគៀនជញ្ជាំង ពេលដែលយើងផុងខ្លួនកាន់តែជ្រៅទៅៗ ចូលទៅក្នុងភាពអស់សង្ឃឹម។
យើងចាំបាច់ត្រូវរៀនសូត្រ ពីពួកសិស្សដែលបានគេចទៅរកព្រះយេស៊ូវ ដែលជាក្តីសង្ឃឹមតែមួយរបស់ពួកគេ។ ទ្រង់ប្រហែលជាមិនរំដោះខ្លួនយើង ឲ្យរួចភ្លាមៗឡើយ តែការដែលយើងនឹកចាំថា ទ្រង់តែងតែគង់នៅក្នុងទូកជាមួយយើងជានិច្ច ពិតជាអាចជួយកែប្រែស្ថានភាពរបស់យើងបាន។ យើងអរព្រះគុណទ្រង់ ដែលតែងតែគង់នៅជាមួយយើងជានិច្ច នៅក្នុងព្យុះនៃជីវិត ដោយមានបន្ទូលយ៉ាងដូចនេះថា “ចូរស្ងៀមទៅ ហើយឈប់ចុះ”(ខ.៣៩)។ ដូចនេះ ចូរស្វែងរកទ្រង់ ក្នុងព្យុះរបស់អ្នក ហើយអនុញ្ញាតឲ្យទ្រង់បំពេញចិត្តអ្នក…