ថ្មដាជាទីជ្រកកោន
ក្នុងពេលសម្រាកលំហែកាយ នៅឆ្នាំមួយ ខ្ញុំបានដើរតាមបណ្តោយឆ្នេរនៃបឹងដ៏ធំមួយ។ ពេលដែលខ្ញុំដើរទៅរកដុំថ្មធំៗដែលគរលើគ្នា ខ្ញុំក៏កត់សំគាល់ឃើញថា មានរន្ធដ៏តូចមួយ នៅចន្លោះថ្ម ហើយសង្កេតឃើញថា មានរុក្ខជាតិដ៏តូចមួយ បានចាក់ឫសនៅក្នុងរន្ធតូចនោះ។ រុក្ខជាតិនោះហាក់ដូចជាកំពុងស្រូបយកពន្លឺថ្ងៃ និងទឹកឲ្យបានគ្រប់គ្រាន់ ហើយទន្ទឹមនឹងនោះ វាកំពុងតែរកជម្រកសម្រាប់ការពារខ្លួន ដើម្បីកាលណាមានភ្លៀងធ្លាក់ខ្លាំង ឬមានខ្យល់ព្យុះបក់បោកមក នោះស្លឹកដ៏ទន់ជ្រាយរបស់វា នឹងមិនជ្រុះឡើយ។
ជម្រកដ៏មានសុវត្ថិភាពរបស់រុក្ខជាតិនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទទំនុកបរិសុទ្ធ ដែលខ្ញុំធ្លាប់ច្រៀងថា “ឱថ្មដាដ៏អស់កល្ប ជាជម្រកនៃទូលបង្គំ សូមឲ្យទូលបង្គំលាក់ខ្លួន នៅក្នុងទ្រង់”។ ពាក្យពេចន៍មួយឃ្លានេះ បានឆ្លុះបញ្ចាំងអំពីការអ្វី ដែលមនុស្សជាច្រើនចង់បាន ពេលដែលយើងមានបញ្ហាជាមួយមនុស្ស ដែលមានបំណងអាក្រក់ គឺមនុស្សដែលមានអត្តចរិកអួតអាង សាហាវ ហើយគ្មានការកោតខ្លាចព្រះ(ទំនុកដំកើង ៩៤:៤-៧)។ ពេលដែលយើងក្លាយជាជនរងគ្រោះ នៃទង្វើរបស់អ្នកដទៃ យើងអាចនឹកចាំអំពីទីបន្ទាល់របស់អ្នកនិពន្ធទំនុកដំកើង ដែលបានមានប្រសាសន៍ថា “ព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន”(ខ.២២)។
ព្រះទ្រង់ជាថ្មដារបស់យើង យើងអាចពឹងផ្អែកទៅលើទ្រង់ ហើយមានភាពរឹងមាំឡើង។ ទ្រង់ជាទីជ្រកកោនរបស់យើង ដូចនេះ ទ្រង់អាចផ្តល់ឲ្យនូវសុវត្ថិភាព ទាល់តែបញ្ហាបានកន្លងផុតទៅ។ អ្នកនិពន្ធទំនុកដំកើងបានរំឭកយើងថា “ឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់”(ទំនុកដំកើង ៩១:៤)។ ដោយសារយើងមានព្រះជាអ្នកការពារយើង នោះយើងមិនចាំបាច់ត្រូវខ្លាចនរណាម្នាក់ធ្វើអ្វី មកលើយើងឡើយ។ យើងអាចទុកចិត្តថា ព្រះនឹងទ្រទ្រង់យើង ពេលដែលបញ្ហាចូលមក។ –Jennifer…
ប្រកួតទាំងមាន ការឈឺចាប់
លោកហ្ការី ខាធ័រ ជាអ្នកចាប់បាល់ដ៏ល្បីឈ្មោះនៅក្នុងការប្រកួតវាលកូនបាល់បេសប៊ល។ គាត់ក៏ជាអ្នកដើរតាមព្រះយេស៊ូវផងដែរ។ គាត់ជាកីឡាករអាជីពអស់រយៈពេល១៩ឆ្នាំ ហើយក្នុងរយៈពេលនេះ គាត់បានទទួលកម្លាំង និងការអត់ធន់ ពីសេចក្តីជំនឿលើព្រះ ដើម្បីប្រកួតជារៀងរាល់ថ្ងៃ។ បន្ទាប់ពីលោកខាតធ័រទើបតែទទួលមរណៈភាព ដោយសារជម្ងឺមហារីកខួរក្បាល ក្នុងអាយុ៥៧ឆ្នាំ កាសែត វល ស្រ្ទ៊ីត ជ័រនល(Wall Street Journal) បានចេញផ្សាយអត្ថបទមួយ ដែលក្នុងនោះ លោកអេឌ្រូ ក្លាវិន(Andrew Klavan) ដែលជាអ្នកនិពន្ធ បានមានប្រសាសន៍ថា ជីវិតរបស់គាត់ បានទទួលឥទ្ធិពលមកពីលោកខាតធ័រ។
ក្នុងចុងទសវត្សរ៍ឆ្នាំ ១៩៨០ ជីវិតរបស់លោកក្លាវិន មានការធ្លាក់ចុះយ៉ាងខ្លាំង បានជាគាត់ចង់ធ្វើអត្តឃាត ដើម្បីបញ្ចប់ជីវិត។ តែក្រោយមក គាត់ក៏បានស្តាប់គេសម្ភាសលោកខាតធ័រ បន្ទាប់ពីការប្រកួតមួយ។ ក្រុមរបស់លោកខាតធ័រ គឺក្រុមញូយ៉កមេតស៍(New York Mets) បានប្រកួតឈ្នះ ហើយក្នុងនាមជាអ្នកចាប់បាល់ដែលមានវ័យចំណាស់ គាត់បានជួយដល់ក្រុម ដោយខំរត់យ៉ាងខ្លាំង នៅក្នុងចំណុចសំខាន់ នៃការប្រកួត។ គេបានសួរលោកខាតធ័រថា តើគាត់អាចរត់ខ្លាំងយ៉ាងនេះ ដោយរបៀបណា ពេលដែលគាត់ឈឺក្បាលជង្គង់ដូចនេះ។ គាត់ក៏បានប្រាប់គេថា “ជួនកាលអ្នកចាំបាច់ត្រូវប្រកួត ទាំងមានការឈឺចាប់”។ ពាក្យដ៏សាមញ្ញមួយឃ្លានេះ បានជួយឲ្យលោកក្លាវិនមានភាពធូរស្បើយពីជម្ងឺវិបត្តិផ្លូវចិត្ត បានជាគាត់និយាយថា “ខ្ញុំអាចជម្នះការឈឺចាប់នេះបាន”។ ពាក្យលើកទឹកចិត្តនេះ បាននាំឲ្យគាត់មានសង្ឃឹម…
ពាក្យគ្រប់ម៉ាត់សុទ្ធ តែសំខាន់
លោកគីម ភីគ(Kim Peek) គឺជាមនុស្សដែលមានសមត្ថភាពចងចាំដ៏អស្ចារ្យ។ គាត់បានចាំរឿងល្ខោនរបស់លោកសេកស្ពៀរគ្មានកន្លែងចន្លោះ។ ក្នុងអំឡុងពេលនៃការសម្តែង រឿងយប់ពី១២ លោកភីគក៏បានកត់សំគាល់ឃើញថា តួរសម្តែងបានរំលងពាក្យមួយម៉ាត់ នៅក្នុងឃ្លាមួយ នៅក្នុងការសម្តែង។ លោកភីគក៏បានក្រោកឈរឡើងភ្លាម ហើយស្រែកថា “ឈប់សិន!” សិល្បៈកររូបនោះ ក៏បានសូមអភ័យទោស ហើយនិយាយថា គាត់មិននឹកស្មានថា នឹងមានអ្នកប្រកាន់ ចំពោះការរំលងពាក្យមួយម៉ាត់នោះទេ។ លោកភីគក៏ឆ្លើយតបថា “ប៉ុន្តែ បើលោក សេកស្ពៀរនៅទីនេះដែរ គាត់មុខជាប្រកាន់ហើយ”។
ពាក្យសម្តីសំខាន់ណាស់ ជាពិសេសនៅពេលដែលពាក្យសម្តីនោះ ជាព្រះបន្ទូលដែលបានចេញពីព្រះឱសព្រះមក។ លោកម៉ូសេបានដាស់តឿនពួកអ៊ីស្រាអែលថា “មិនត្រូវឲ្យឯងរាល់គ្នាបន្ថែមបញ្ចូលអ្វីៗ ក្នុងសេចក្តីទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯង ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យឯងរាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់មកឯងនេះ”(ចោទិយកថា ៤:២)។ ជាញឹកញាប់ លោកម៉ូសេបានរំឭកពួកអ៊ីស្រាអែល ឲ្យនឹកចាំអំពីសេចក្តីមេត្តាករុណា និងសេចក្តីស្មោះត្រង់របស់ព្រះ ដែលទ្រង់មានចំពោះពួកគេកាលពីមុន។ ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ក៏បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការស្តាប់បង្គាប់ តាមព្រះរាជបញ្ជារបស់ព្រះផងដែរ នៅពេលដែលពួកគេត្រៀមខ្លួន ចូលទឹកដីសន្យា។ ទ្រង់បានប្រាប់ពួកគេថា ការស្តាប់បង្គាប់ នាំមកនូវព្រះពរក្នុងការរស់នៅ ហើយនាំឲ្យបានមរតកជាបរិបូរ(ខ.៣៩-៤០)។ ព្រះរាជបញ្ចា និងក្រឹត្យវិន័យរបស់ព្រះ សុទ្ធតែសំខាន់ចំពោះទ្រង់។ ការដែលរាស្ត្រទ្រង់ឲ្យតម្លៃព្រះបន្ទូលទ្រង់ជាយ៉ាងណា នោះគឺបានឆ្លុះបញ្ចាំងអំពីទស្សនៈដែលពួកគេមានចំពោះទ្រង់។
នៅថ្ងៃនោះ ពេលដែលយើងឲ្យតម្លៃព្រះបន្ទូលព្រះ…
មិនមែនជាការប្រថុយ
ថ្មីៗនេះ មិត្តរួមការងាររបស់ខ្ញុំម្នាក់ បានចែកចាយបទពិសោធន៍ ដែលគាត់មាន នៅក្នុងការលោតខ្សែយឺត ពីលើស្ពាន ដែលខ្ញុំមិនចង់សាកល្បងឡើយ។ ការពិពណ៌នារបស់គាត់ បានធ្វើឲ្យខ្ញុំយល់ថា ការលោតខ្សែយឺតពីលើស្ពាន មានលក្ខណៈដ៏គួរឲ្យទាក់ទាញ ហើយក៏គួរឲ្យខ្លាចផងដែរ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនយល់ថា ការលោតដាំក្បាលចុះក្រោមពីលើស្ពាន កំពស់រាប់សិបម៉ែត្រ ដោយមានកៅស៊ូយក្សចងភ្ជាប់ជើង គឺជាការកម្សាន្តសប្បាយឡើយ។ ប៉ុន្តែ គាត់បានរៀបរាប់ថា គាត់លោតដោយមានខ្សែសុវត្ថិភាពចងភ្ជាប់ខ្លួនគាត់ ដោយចំណងពីរ ជាបន្ថែមទៀត ដើម្បីកុំឲ្យមានគ្រោះថ្នាក់។ គាត់មានទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងការលោតពីកំពស់ដ៏ខ្ពស់នោះ ដោយសារគាត់បានដឹងច្បាស់ថា គេបានផលិត និងសាកល្បងចំណងដ៏រឹងមាំនោះយ៉ាងប្រុងប្រយ័ត្នរួចជាស្រេចហើយ។
ពេលដែលខ្ញុំឮគាត់និយាយដូចនេះ ខ្ញុំក៏បាននឹកចាំថា សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ការរស់នៅក្នុងលោកិយ ដែលមានពេញដោយអំពើបាប មិនមែនជាការ “លោតនៃសេចក្តីជំនឿ” ទាំងងងឹតងងល់នោះឡើយ។ ព្រោះយើងអាចដឹងថា យើងក៏មានចំណងសុវត្ថិភាពមួយគូរ ដែលអាចការពារយើងឲ្យមានសុវត្ថិភាព សូម្បីតែនៅក្នុងពេលដ៏ងងឹតបំផុតក៏ដោយ។ ក្នុងបទគម្ពីរអេភេសូរ ២:៨-៩ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន”។
ចំណងសុវត្ថិភាពទាំងពីរនោះ គឺជាព្រះគុណ និងសេចក្តីជំនឿ លើកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រេច ដែលបានធានានូវនិរន្តភាព នៃទំនាក់ទំនងដែលយើងមានជាមួយព្រះ។ តាមរយៈការធានានោះ យើងអាចដឹងថា សេចក្តីសង្រ្គោះ…
សត្វចាបដែល លោភលន់
ជារៀងរាល់ឆ្នាំ ពេលដែលខ្ញុំដំឡើងឧបករណ៍ដាក់ចំណីឲ្យសត្វចាបហាំមីង ខ្ញុំឃើញសត្វចាបដ៏តូចល្អិតទាំងនោះ ដណ្តើមកន្លែងស៊ីចំណី។ ទោះបីជាឧបករណ៍នោះ មានមុខបួន សម្រាប់ឲ្យសត្វចាប់ទាំងនោះចូលទំស៊ីចំណីក៏ដោយ ក៏ពួកវានៅតែដណ្តើមកន្លែងគ្នាទៅវិញទៅមកដដែល។ មុខនីមួយៗសុទ្ធតែមានទឹកផ្អែមៗដូចគ្នា សម្រាប់ឲ្យសត្វបក្សីទាំងនោះចូលបឺតស្នើគ្នា។
ពេលដែលខ្ញុំឃើញពួកវាដណ្តើមចំណីគ្នា ដោយភាពលោភលន់យ៉ាងដូចនេះ ខ្ញុំក៏គ្រវីក្បាល ទាំងហួសចិត្ត។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ផងដែរថា ហេតុអ្វីបានជាខ្ញុំងាយនឹងមើលឃើញភាពលោភលន់របស់សត្វបក្សី តែមិនងាយនឹងមើលឃើញភាពលោភលន់របស់ខ្លួនឯង? នៅក្នុង “តុអាហាររបស់ព្រះ” ជាញឹកញាប់ ខ្ញុំចង់បានកៅអីដែលអ្នកដទៃកំពុងអង្គុយ ទោះខ្ញុំដឹងថា គ្រប់ទាំងការល្អគឺសុទ្ធតែមានប្រភពមកពីព្រះដូចគ្នា ហើយការផ្គត់ផ្គង់របស់ទ្រង់ក៏មិនដែលចេះរីងស្ងួតក៏ដោយ។ ដោយសារព្រះអាចរៀបតុឲ្យយើង នៅមុខខ្មាំងសត្រូវរបស់យើង(ទំនុកដំកើង ២៣:៥) ហេតុអ្វីបានជាយើងនៅតែខ្លាចអ្នកដទៃ មានកន្លែងល្អជាងយើង?
ព្រះអម្ចាស់អាចប្រទានឲ្យយើងមាន “ចិត្តស្កប់ស្កល់ ក្នុងគ្រប់ការទាំងអស់” ដើម្បីឲ្យយើងអាចធ្វើការល្អគ្រប់យ៉ាង ជាបរិបូរ(២កូរិនថូស ៩:៨)។ ពេលដែលយើងទទួលស្គាល់ សារៈសំខាន់នៃកិច្ចការដែលយើងធ្វើ ក្នុងនាមជាអ្នកបម្រើនៃព្រះគុណរបស់ព្រះ(១ពេត្រុស ៤:១០) នោះយើងនឹងឈប់ឈ្លោះប្រកែកគ្នា ដើម្បីដណ្តើមកន្លែងរបស់អ្នកដទៃ ហើយមានចិត្តដឹងគុណព្រះ សម្រាប់កន្លែងដែលទ្រង់បានប្រទានយើង ដើម្បីបម្រើអ្នកដទៃជួសទ្រង់។–Julie Ackerman Link
ថ្វាយសិរីល្អដល់ព្រះ
មានពេលមួយលោកចេសិន(Jason) បានទៅចូលរួមជាភ្ញៀវ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារមួយ។ គេក៏បានសុំឲ្យគាត់ច្រៀងបទចម្រៀងពិសេសមួយបទ ហើយគាត់នៅតែមានអំណរ នៅក្នុងការចូលរួមនៅពេលនោះ ទោះបីជាការស្នើរសុំនេះ ត្រូវបានធ្វើឡើង មុនពេលកម្មវិធីថ្វាយបង្គំនឹងចាប់ផ្តើម ពីរបីនាទីទៀតក៏ដោយ។ គាត់ក៏បានជ្រើសរើសបទទំនុកបរិសុទ្ធ ដែលមានចំណងជើងថា “ថ្វាយសិរីល្អដល់ព្រះ” ព្រោះបទនេះមានន័យណាស់ ជាពិសេសចំពោះខ្លួនគាត់ផ្ទាល់។ ដោយសារគាត់គ្មានពេលគ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួន គាត់ក៏បានហាត់សមម្នាក់ឯង រយៈពេលពីរបីនាទី នៅជាន់ក្រោមដីនៃព្រះវិហារនោះ ហើយគាត់ក៏បានច្រៀងគោកយ៉ាងពិរោះ ដោយគ្មានភ្លេង នៅក្នុងកម្មវិធីថ្វាយបង្គំពេលនោះតែម្តង។
បីបួនសប្តាហ៍ក្រោយមក លោកចេសិនក៏បានដឹងថា នៅក្នុងព្រះវិហារនោះ មានអ្នកខ្លះមិនពេញចិត្តនឹងការច្រៀងរបស់គាត់ទេ។ ពួកគេយល់ថា គាត់គ្រាន់តែសំញែងសមត្ថភាពឲ្យគេមើលប៉ុណ្ណោះ។ ពួកគេមិនដែលស្គាល់គាត់ទេ បានជាពួកគេសន្និដ្ឋានថា គាត់ច្រៀង ដើម្បីតែធ្វើឲ្យពួកគេស្ងើចសរសើរ ហើយមិនគោរពប្រតិបត្តិដល់ព្រះ។
ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ព្រះបានជ្រើសតាំងពួកអ្នក ដែលមានជំនាញ សម្រាប់ឲ្យចូលរួម នៅក្នុងការថ្វាយបង្គំព្រះ ក្នុងព្រះវិហារ។ ទ្រង់បានជ្រើសរើស ដោយរាប់ចាប់ពីកម្មករសំណង់ រហូតដល់អ្នកនាំថ្វាយបង្គំ ដោយផ្អែកទៅលើជំនាញរបស់ពួកគេ(១របាក្សត្រ ១៥:២២ ២៥:១,៧)។
ព្រះអម្ចាស់ប្រទានឲ្យយើងម្នាក់ៗ មានជំនាញ និងអំណោយទានខាងវិញ្ញាណខុសៗគ្នា សម្រាប់ឲ្យយើងប្រើ ដើម្បីសិរីល្អទ្រង់(កូល៉ុស ៣:២៣-២៤)។ កាលណាយើងបម្រើព្រះអម្ចាស់ ដោយចិត្តចង់ថ្វាយសិរីល្អដល់ទ្រង់ តែមិនមែនដើម្បីលើកដំកើងខ្លួនឯង នោះយើងមិនចាំបាច់ត្រូវបារម្ភថា អ្នកដទៃកំពុងគិតយ៉ាងណាចំពោះយើងឡើយ។ ព្រះបានប្រទាននូវអំណោយល្អបំផុតដល់យើង គឺអង្គព្រះរាជបុត្រាទ្រង់…
តើទ្រង់ជាមិត្តភ័ក្រក្នុងក្តីស្រមៃឬ?
កាលពីពេលកន្លងទៅ ខ្ញុំបានឮគេនិយាយប្រាប់ខ្ញុំថា មានគេផ្សព្វផ្សាយនៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម នៅតាមផ្លូវធំៗថា “ព្រះជាមិត្តភ័ក្រដែលមានតែក្នុងក្តីស្រមៃ ចូរទទួលស្គាល់ការពិត នោះជាការប្រសើរសម្រាប់យើងទាំងអស់គ្នា”។ ជាការពិតណាស់ អ្នកដែលហ៊ានសរសេរយ៉ាងដូចនេះ បានប្រៀបធៀបគ្រីស្ទបរិស័ទ ទៅនឹងកូនក្មេង ដែលបង្កើតឲ្យមានមិត្តភ័ក្រម្នាក់ នៅក្នុងការស្រមើស្រមៃរបស់ខ្លួន។ ប៉ុន្តែ តើព្រះគ្រាន់តែជាមិត្តភ័ក្រនៅក្នុងក្តីស្រមៃរបស់យើងឬ?
ជាការពិតណាស់ យើងមានភស្តុតាងបញ្ជាក់ថា ព្រះពិតជាមានមែន។ ចូរពិចារណាអំពីទ្រឹស្តីដែលមានដូចតទៅ : ការករកើតនៃពិភពលោក បានបង្ហាញថា ក្នុងសកលោកនេះ មានអ្នករចនាម្នាក់ ដែលបានបង្កើតរបស់សព្វសារពើមក(រ៉ូម ១:១៨-២០)។ សម្បជញ្ញៈរបស់មនុស្សជួយ ឲ្យមនុស្សដឹងខុសត្រូវ ហើយការនេះបង្ហាញថា មានអ្នកដាក់ក្រឹត្យវិន័យ នៅក្នុងសម្បជញ្ញៈរបស់យើង(រ៉ូម ២:១៤-១៥)។ ភាពប៉ិនប្រសប់ដែលយើងបង្ហាញចេញ នៅក្នុងតន្រ្តី និងសីល្បៈ ឆ្លុះបញ្ចាំងអំពីភាពប៉ិនប្រសប់ ដែលព្រះអាទិករមាន(និក្ខមនំ ៣៥:៣១-៣២)។ ព្រះគ្រីស្ទបានបើកសម្តែង ឲ្យយើងដឹងថា ព្រះមានលក្ខណៈដូចម្តេច តាមរយៈការយាងមកយកកំណើតជាមនុស្ស(ហេព្រើ ១:១-៤)។ ហើយការប្រកបស្និទ្ធស្នាលជាមួយព្រះវិញ្ញាណ ក្នុងចិត្តគ្រីស្ទបរិស័ទម្នាក់ៗ បង្ហាញពីភាពពិតរបស់ព្រះ(កាឡាទី ៥:២២-២៣)។
ព្រះគម្ពីរបានប្រាប់យើងថា នឹងមានអ្នកដែលបដិសេធមិនព្រមទទួលស្គាល់ ភាពពិតរបស់ព្រះ(២ពេត្រុស ៣:៤-៦)។ ប៉ុន្តែ លោកយ៉ាកុបបានរំឭកយើង អំពីភាពពិតរបស់ទ្រង់ និងការដែលអ្នកជឿព្រះក្នុងគ្រាសញ្ញាចាស់ បានធ្វើជាមិត្តសំឡាញ់ទ្រង់ គឺដូចដែលមានសេចក្តីចែងថា : “អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីនោះ…
ការនៅជាប់នឹងព្រះ
នាពេលព្រឹកថ្ងៃមួយ បន្ទាប់ពីខ្ញុំក្រោកពីដំណេក ខ្ញុំក៏បានដឹងថា អ៊ីនធើណែតនៅផ្ទះខ្ញុំ បានដាច់ហើយ។ អ្នកផ្តល់សេវ៉ាកម្មរបស់ខ្ញុំ បានធ្វើតេស្តខ្លះៗ ហើយក៏បានសន្និដ្ឋានថា ខ្ញុំត្រូវផ្លាស់ប្តូរម៉ូដិមថ្មី ដើម្បីឲ្យអ៊ីនធើណិតដំណើរការដូចដើមវិញ ប៉ុន្តែ ពួកគេអាចផ្លាស់ឲ្យខ្ញុំយ៉ាងឆាប់បំផុត នៅថ្ងៃស្អែក។ ខ្ញុំក៏មានការស្រង៉ាកចិត្តបន្តិច ពេលដែលខ្ញុំគិតអំពីការរស់នៅ ដោយគ្មានអ៊ីនធើណែតប្រើ ក្នុងរយៈពេល២៤ម៉ោង។ ខ្ញុំក៏គិតថា តើខ្ញុំអាចរស់ដោយរបៀបណា បើគ្មានអ៊ីនធើណែតប្រើ។
បន្ទាប់មកខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំមានការស្រង៉ាកចិត្តផងដែរឬទេ បើសិនជាទំនាក់ទំនងដែលខ្ញុំមានជាមួយព្រះ ត្រូវបានកាត់ផ្តាច់អស់រយៈពេល១ថ្ងៃ? យើងអាចបន្តភ្ជាប់ទំនាក់ទំនងជាមួយព្រះ ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងនៅក្នុងការអធិស្ឋានបានគ្រប់ពេល។ បន្ទាប់មក យើងត្រូវធ្វើជា “អ្នកប្រព្រឹត្តតាមព្រះបន្ទូលព្រះ”(យ៉ាកុប ១:២២-២៤)។
អ្នកនិពន្ធទំនុកដំកើង ជំពូក ១១៩ បានទទួលស្គាល់ សារៈសំខាន់នៃការនៅជាប់ជាមួយនឹងព្រះ។ គាត់បានទូលសូមឲ្យព្រះ បង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកគាត់(ខ.៣៣-៣៤)។ បន្ទាប់មក គាត់ក៏បានអធិស្ឋានថា គាត់រក្សាទុកឲ្យអស់ពីចិត្តរបស់គាត់(ខ.៣៤) ហើយដើរទៅតាមផ្លូវច្រកនៃសេចក្តីបង្គាប់របស់ទ្រង់(ខ.៣៥) ហើយង្វែរភ្នែករបស់គាត់ មិនឲ្យមើលការឥតប្រយោជន៍(ខ.៣៧)។ អ្នកនិពន្ធទំនុកដំកើង “នៅជាប់” ជាមួយព្រះ ដោយជញ្ជឹងគិត ហើយអនុវត្តតាមព្រះបន្ទូលទ្រង់។
ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ជាចង្កៀងដល់ជើងយើង ហើយជាពន្លឺបំភ្លឺផ្លូវ ដែលនាំយើងទៅរកទ្រង់។–C.P. Hia
កិច្ចការ ដែលមិនទាន់ បញ្ចប់
ពេលលោកលេអូ ផ្លាស(Leo Plass) មានអាយុ៩៩ឆ្នាំ គាត់បានទទួលបរិញ្ញាប័ត្រមហាវិទ្យាល័យ ពីសកលវិទ្យាល័យអូរីហ្គិន ខាងកើត(Oregon)។ គាត់បានឈប់រៀនយកសញ្ញាប័ត្រគ្រូបង្រៀន នៅសកលវិទ្យាល័យ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ដើម្បីទៅរកប្រាក់ចំណូលនៅក្នុងឧស្សាហ៍កម្មកាប់ឈើ។ ៧០ឆ្នាំក្រោយមក គាត់ក៏បានបន្តការសិក្សាបានក្រេឌីត៣ទៀត ដើម្បីឲ្យគាត់អាចបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ហើយដោះស្រាយបញ្ហាដ៏សំខាន់ ដែលគាត់មិនទាន់បានបញ្ចប់ នៅក្នុងជីវិតគាត់។
ក្នុងចំណោមយើង មានមនុស្សជាច្រើនមានបញ្ហាដូចលោកលេអូដែរ។ បញ្ហាដែលយើងមិនទាន់បញ្ចប់ អាចជាបញ្ហាដែលយើងមិនទាន់បាននិយាយសុំទោសគេ ហើយបញ្ហាដែលសំខាន់បំផុតនោះ គឺការសម្រេចចិត្តខាងវិញ្ញាណដែលយើងមិនទាន់បានបញ្ចប់។ ចោរម្នាក់ ក្នុងចំណោមចោរដែលគេឆ្កាងជាមួយព្រះយេស៊ូវ បានដឹងខ្លួនថា គាត់ចាំបាច់ត្រូវសម្រេចចិត្តទទួលជឿទ្រង់។ ពេលដែលគាត់នៅសល់ដង្ហើមចុងក្រោយ គាត់ក៏បានដឹងថា ព្រះយេស៊ូវជានរណា ហើយចង់ទៅនៅជាមួយទ្រង់ក្នុងនគរស្ថានសួគ៌ដែរ។ គាត់បានទទួលស្គាល់ថា គាត់ជាមនុស្សមានបាប ហើយព្រះយេស៊ូវគ្មានទោសអ្វីសោះ ហើយគាត់ក៏ទូលទ្រង់ថា “ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង”(លូកា ២៣:៤២)។ ព្រះយេស៊ូវក៏បានមានបន្ទូលតបថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(ខ.៤៣)។
ព្រះមិនសព្វព្រះទ័យឲ្យនរណាម្នាក់វិនាសឡើយ(២ពេត្រុស ៣:៩)។ សេចក្តីសង្រ្គោះរបស់ទ្រង់ គឺសម្រាប់ឲ្យមនុស្សម្នាក់ៗទទួល ដោយមិនប្រកាន់អាយុ សុខភាព ឬដំណាក់កាលនៃជីវិតឡើយ។ ការប្រទានសេចក្តីសង្រ្គោះនេះ គឺបើកចំហរសម្រាប់អ្នក។ សូមកុំរង់ចំាទទួលជឿព្រះយេស៊ូវ នៅពេលក្រោយឡើយ(២កូរិនថូស ៦:២)។ ចូរបញ្ចប់បញ្ហាដ៏សំខាន់នេះ ហើយអ្នកនឹងទៅរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។–Jennifer Benson Schuldt
ក្រេបយករស់ជាតិ គ្រប់ម៉ាត់
ជាញឹកញាប់ ម៉ាទី(Martie) ភរិយាខ្ញុំ បាននិយាយប្រាប់ខ្ញុំថា “បងចូ(Joe) បងញាំលឿនម្ល៉េះ! សូមបងញាំតាមសម្រួល ឲ្យបានសប្បាយខ្លះផង”។ តាមធម្មតា ខ្ញុំបានញាំបាយហើយមុននាង ព្រោះនាងចំណាយពេលក្រេបយករសជាតិគ្រប់ម៉ាត់។
យ៉ាងណាមិញ ខ្ញុំឆ្ងល់ថា តើក្នុងចំណោមយើងរាល់គ្នា មានមនុស្សប៉ុន្មាននាក់ ដែលចូលចិត្តអានព្រះបន្ទូលព្រះ ឲ្យឆាប់ចប់ ដោយមិនបានក្រេបយករស់ជាតិដ៏ពិតនៃព្រះបន្ទូលទ្រង់។ អ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត!”(ទំនុកដំកើង ១១៩:១០៣)។ បទគម្ពីរនេះ ពិតជាមានន័យចំពោះខ្ញុំណាស់!
តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ ពីការអរសប្បាយនឹងអាហារដ៏សម្បូរបែបនៃព្រះគម្ពីរ? ការបរិភោគព្រះបន្ទូលព្រះជាអាហារប្រចាំថ្ងៃ ជួយការពារចិត្តដែលកំពុងខ្វះជីវជាតិ មិនឲ្យរងគ្រោះ ដោយសារការថប់បារម្ភ សេចក្តីអំណួត ការភ័យខ្លាច និងការល្បួង ហើយជួយចម្រើនកម្លាំងយើង នៅក្នុងដំណើរដ៏មានជ័យជម្នះ។ ព្រះបន្ទូលព្រះប្រទាននូវប្រាជ្ញា និងការយល់ដឹង(ខ.៩៨-១០០)។ ហើយបង្ខាំងជើងរបស់យើង ឲ្យវៀរចាកពីផ្លូវអាក្រក់(ខ.១០១)។ អាហារខាងសាច់ឈាមជួយចិញ្ចឹមរូបកាយយើង ឲ្យមានជីវជាតិគ្រប់គ្រាន់ ទន្ទឹមនឹងនោះ ព្រះបន្ទូលព្រះ គឺជាអាហារដែលជួយចិញ្ចឹមគំនិត អារម្មណ៍ និងបំណងចិត្តរបស់យើង។
យើងមិនត្រូវអានព្រះបន្ទូលទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យឆាប់បានចេញទៅខាងក្រៅផ្ទះឡើយ។ យើងចាំបាច់ត្រូវអានព្រះបន្ទូល ដោយចំណាយពេលវេលាឲ្យបានសមរម្យ នៅកន្លែងដែលយើងពិតជាអាចប្រកបជាមួយព្រះ។
ចូរចំណាយពេល អរសប្បាយនឹងការក្រេបយកជីវជាតិដ៏សម្បូរបែប នៃព្រះបន្ទូលព្រះ។–Joe Stowell