ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីខ្ញុំបានធ្លាក់ពីលើស្ពានកម្ពស់១១ម៉ែត្រ។ ពេលខ្ញុំកំពុងសម្រាកព្យាបាល ភរិយារបស់បុរសម្នាក់ ដែលគេងនៅលើគ្រែ ដែលនៅជាប់គ្រែខ្ញុំ បានមកប្រាប់ខ្ញុំថា “ស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំ អំពីហេតុកាណ៍ដែលបានកើតឡើងចំពោះអ្នក។ យើងជឿថា ព្រះបានទុកជីវិតឲ្យអ្នក ព្រោះព្រះអង្គចង់ប្រើអ្នក។ យើងបានអធិស្ឋានឲ្យអ្នកជាប្រចាំ”។
ពេលនោះខ្ញុំមានការភ្ញាក់ផ្អើលណាស់។ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលទៅថ្វាយបង្គំព្រះនៅព្រះវិហារ តែខ្ញុំមិនដែលនឹកស្រមៃថា ព្រះសព្វព្រះទ័យនឹងប្រើខ្ញុំឡើយ។ ពាក្យសម្តីរបស់នាង បាននាំឲ្យខ្ញុំងាកទៅរកព្រះសង្រ្គោះ ដែលខ្ញុំបានឮព្រះនាម តែមិនបានស្គាល់។ ចាប់តាំងពីពេលនោះមកខ្ញុំក៏បានចាប់ផ្តើមមានជំនឿលើព្រះគ្រីស្ទ។ ខ្ញុំចូលចិត្តរំឭកខ្លួនឯង អំពីពាក្យសម្តីរបស់ស្មរបន្ទាល់ដ៏សុភាពម្នាក់នោះ ដែលបានប្រាប់ខ្ញុំអំពីព្រះ ដែលពិតជាមានសេចក្តីស្រឡាញ់ចំពោះខ្ញុំ។ ពាក្យសម្តីរបស់នាងបានបង្ហាញនូវការយកចិត្តទុកដាក់ ហើយបាននាំឲ្យខ្ញុំយល់អំពីគោលបំណង និងព្រះបន្ទូលសន្យារបស់ព្រះ។
ព្រះយេស៊ូវបានបង្គាប់ពួកសាវ័ករបស់ព្រះអង្គ ក៏ដូចជាបង្គាប់យើង ឲ្យទៅប្រាប់អ្នកដទៃ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ គឺដូចដែលមានសេចក្តីចែងថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។
ពាក្យសម្តី និងទីបន្ទាល់របស់យើង អាចមានអំណាចនាំឲ្យមានការផ្លាស់ប្រែ ក្នុងជីវិតរបស់អ្នកដទៃ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។-Bill Crowder