សព្វថ្ងៃនេះ ការប្រើប្រាស់បណ្តាញសង្គមកំពុងតែមានការពេញនិយមកាន់តែខ្លាំង។ ប៉ុន្តែ អ្នកដែលប្រើបណ្តាញសង្គម ច្រើនតែមានភាពឯកកោកាន់តែខ្លាំង ដែលនោះជាផលវិបាក ដែលពួកគេទទួលបាន ដែលមិនគួរឲ្យជឿ។ មានអត្ថបទមួយ ដែលគេបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត បានលើកឡើងថា “អ្នកដែលមិនយល់ស្របនឹងការរស់នៅ ដោយចំណាយពេលច្រើនពេកនៅលើបណ្តាញអ៊ីនធឺណែត បានអះអាងថា មិត្តភ័ក្រនៅលើបណ្តាញសង្គម មិនអាចជំនួសមិត្តភ័ក្រក្នុងពិភពពិត ឲ្យបានគ្រប់គ្រាន់ឡើយ ហើយ … បុគ្គលណា ដែលយកមិត្តភ័ក្រនៅលើបណ្តាញសង្គម មកជំនួសមិត្តភ័ក្រក្នុងសង្គមពិត អាចក្លាយជាមនុស្សដែលកាន់តែឯកោ ហើយធ្លាក់ទឹកចិត្តកាន់តែខ្លាំង”។
ក្រៅពីភាពឯកោដែលកើតមាន ក្នុងបច្ចេកវិទ្យា យើងម្នាក់ៗសុទ្ធតែតយុទ្ធ នឹងរដូវកាលនៃភាពឯកកោ ដោយមិនដឹងថា តើមាននរណាម្នាក់ដឹង យល់ ឬយកចិត្តទុកដាក់ចំពោះបន្ទុកដែលយើងកំពុងតែលីសែង ឬការលំបាកដែលយើងកំពុងជួបប្រទះទេ។ ប៉ុន្តែ អ្នកដើរតាមព្រះគ្រីស្ទ មានការធានាថា ព្រះគ្រីស្ទនឹងប្រទាននូវការកម្សាន្តចិត្ត ដល់អ្នកដែលនឿយព្រួយ។ ព្រះសង្រ្គោះបានមានបន្ទូលសន្យា អំពីព្រះវត្តមានដែលកម្សាន្តចិត្ត ដែលមានចែងច្បាស់ក្នុងព្រះគម្ពីរ ដែលមិនអាចប្រកែកបានឡើយ គឺដូចដែលស្តេចដាវីឌបានតែងទំនុកដំកើងថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។
ទោះបីជាភាពឯកកោនោះ បានកើតឡើងដោយសារការសម្រេចចិត្តរបស់យើង ឬដោយសារចរន្តនៃវប្បធម៌ ដែលនៅជុំវិញយើង ឬមួយដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ ដ៏ឈឺចាប់ក៏ដោយ ក៏អ្នកដែលស្គាល់ព្រះគ្រីស្ទ អាចសម្រាក ក្នុងព្រះវត្តមានរបស់អ្នកគង្វាលនៃដួងចិត្តយើង។ ព្រះយេស៊ូវជាមិត្តសំឡាញ់ពិត!-Bill Crowder