ហូតមកដល់ថ្ងៃនេះ ខ្ញុំនៅចាំពេលដែលម្តាយរបស់ខ្ញុំ ប្រាប់ឲ្យខ្ញុំទៅសម្អាតបន្ទប់គេង។ ពេលនោះ ខ្ញុំក៏បានទៅបន្ទប់របស់ខ្ញុំ ដើម្បីចាប់ផ្តើមការបោសសម្អាត តាមតួនាទីរបស់ខ្ញុំ តែពេលខ្ញុំកំពុងរៀបចំបន្ទប់   ខ្ញុំស្រាប់តែចង់អានសៀវភៅរឿងកុមារ  ដែលខ្ញុំត្រូវរៀបតាមធ្នើសៀវភៅឲ្យមានរបៀប។ មិនយូរប៉ុន្មាន ការអានសៀវភៅរឿងកុមារក៏ត្រូវបានរំខាន ដោយសារម្តាយខ្ញុំប្រាប់ថា ៥នាទីទៀត គាត់នឹងឡើងមកមើលបន្ទប់ខ្ញុំ។ ដោយសារខ្ញុំមិនអាចសម្អាតបន្ទប់ឲ្យបានរៀបរយ នៅពេលនោះ ខ្ញុំក៏បានលាក់របស់របរ ដែលខ្ញុំរៀបមិនទាន់ នៅក្នុងទូខោអាវ រួចរៀបគ្រែគេងឲ្យស្អាត ហើយរង់ចាំគាត់ចូលក្នុងបន្ទប់ខ្ញុំ ដោយសង្ឃឹមថា គាត់នឹងមិនបើកទូខោអាវខ្ញុំមើលទេ។

ការនេះបានរំឭកខ្ញុំ អំពីការអ្វីដែលមនុស្សជាច្រើនបានធ្វើ ក្នុងជីវិតរបស់ខ្លួន។ យើងសម្អាតផ្នែកខាងក្រៅនៃជីវិតរបស់យើង ដោយសង្ឃឹមថា គ្មាននរណាបើកមើល “ទូខោអាវ”(ខាងវិញ្ញាណ) ដែលយើងបានលាក់ទុកនូវអំពើបាប ដោយលើកហេតុផល និងយកលេស ហើយបន្ទោសអ្នកដទៃ សម្រាប់កំហុសរបស់យើង។

បញ្ហាស្ថិតនៅត្រង់ថា ពេលដែលយើងល្អតែសម្បកក្រៅ យើងនៅតែអាចដឹងច្បាស់ អំពីភាពរញេរញ៉ៃ នៅខាងក្នុងវិញ្ញាណយើង។ អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើង ឲ្យចុះចូលនឹងព្រះ ដើម្បីឲ្យព្រះអង្គពិនិត្យមើល  ហើយសម្អាតយើងឲ្យស្អាត គឺដូចមានសេចក្តីចែងថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ។ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ  ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។  ចូរយើងអញ្ជើញព្រះអង្គឲ្យ ចូលពិនិត្យ ហើយសម្អាតជីវិតយើង ឲ្យបានគ្រប់ជ្រុងជ្រោយ។-Joe Stowell