ញ្ញាឡាយហ្កន ស្ទីវិនស៍(Lygon Stevens)អាយុ២០ឆ្នាំ ដែលជាកីឡាករឡើងភ្នំមានបទពិសោធន៍ខ្ពស់  បានឡើងដល់កំពូលភ្នំ មែកឃីលនី ភ្នំរេននា  ជួរភ្នំអ៊ែនឌីននៅប្រទេសអេក្វាឌ័រ និងបានឡើងដល់កំពូលភ្នំទាំង៣៩ ដែលខ្ពស់បំផុត នៅរដ្ឋខូឡូរ៉ាដូ។ នាងថា “ខ្ញុំឡើងភ្នំ ព្រោះខ្ញុំស្រឡាញ់ភ្នំ ហើយខ្ញុំចូលចិត្តប្រកបជាមួយព្រះនៅទីនោះ”។ ក្នុងខែមករា ឆ្នាំ២០០៨ កញ្ញាឡាយហ្គុនបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ធ្លាក់ព្រឹលទឹកកកពីលើភ្នំ ពេលដែលនាងកំពុងឡើងភ្នំលីធល ប៊ែរ នៅភាពខាងត្បូងរដ្ឋខូឡូរ៉ាដូ ជាមួយប្អូនប្រុសរបស់នាង ឈ្មោះនីគលីស(Nicklis)  ដែលបានរួចជីវិតក្នុងហេតុការណ៍នោះ។

ពេលឪពុកម្តាយរបស់នាងរកឃើញសៀវភៅកំណត់ហេតុរបស់នាង គេក៏បានដឹងថា នាងមានការប្រកបស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយព្រះគ្រីស្ទ ក្នុងដំណើរជីវិតរបស់ខ្លួន បានជាពួកគាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ម្តាយរបស់នាងក៏បានមានប្រសាសន៍ថា “ឡាយហ្គនតែងតែបានធ្វើជាពន្លឺចែងចាំង ថ្វាយព្រះគ្រីស្ទជានិច្ច។ នាងបានពិសោធន៍នឹងការប្រកបស្និទ្ធស្នាល    និងមានភាពស្មោះត្រង់ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ ដែលសូម្បីតែគ្រីស្ទបរិស័ទជើងចាស់ខ្លះក៏ចង់មានជំនឿដូចនាងផងដែរ”។

នៅក្នុងទំព័រចុងក្រោយ ដែលនាងបានសរសេរក្នុងសៀវភៅកំណត់ហេតុ មុនពេលគ្រោះថ្នាក់នោះកើតឡើងបីថ្ងៃ នាងបានសរសេរថា  “ព្រះទ្រង់ល្អ  ហើយទ្រង់មានផែនការសម្រាប់ជីវិតយើង ដែលល្អប្រសើរ ហើយមានពរជាងផែនការ ដែលយើងបានជ្រើសរើសសម្រាប់ខ្លួនឯង ហើយខ្ញុំមានការដឹងគុណចំពោះទ្រង់ណាស់។ សូមអរព្រះគុណព្រះអម្ចាស់ ដែលបាននាំទូលបង្គំរហូតមកដល់ពេលនេះ និងឲ្យនៅទីកន្លែងនេះ។ ទូលបង្គំសូមថ្វាយពេលអនាគតរបស់ទូលបង្គំ នៅក្នុងព្រះហស្តទ្រង់ ហើយសូមអរព្រះគុណទ្រង់”។ កំណត់ហេតុរបស់នាង ត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំណេររបស់អ្នកនិពន្ធទំនុកដំកើង ដែលបានចែងថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ទំនុកដំកើង ១២១:២)។-David McCasland