តើមនុស្សម្នាក់  អាចនៅមានជីវិតរស់ឬទេ បន្ទាប់ពីគេបានប្រកាសថា គាត់បានស្លាប់ទៅហើយនោះ? នេះជាសំណួរ ដែលគេបានចោទសួរឡើង ក្នុងពត៌មានអន្តរជាតិ ពេលដែលមានបុរសម្នាក់នៅរដ្ឋអូហៃយ៉ូ បានបង្ហាញខ្លួនឲ្យគេឃើញថា គាត់នៅរស់ និងមានសុខភាពល្អ បន្ទាប់ពីគេបានរាយការណ៍ថា គាត់បានបាត់ខ្លួនជាង២៥ឆ្នាំមកហើយនោះ។ មុនពេលគាត់បាត់ខ្លួន គាត់ជាមនុស្សអត់ការងារធ្វើ គាត់ញៀនថ្នាំ និងរស់នៅដោយគ្មានទីពឹងអ្វី ក្រៅពីឲ្យរដ្ឋចិញ្ចឹមជារៀងរាល់ខែ។ ដូចនេះ គាត់ក៏បានសម្រេចចិត្ត ចេញទៅលាក់ខ្លួន កុំឲ្យគេឃើញមុខគាត់ទៀត។ ទោះជាយ៉ាងណាក៏ដោយ ពេលគាត់ត្រឡប់មកវិញ គាត់ក៏បានដឹងថា ការវិលត្រឡប់ពីការស្លាប់ មានការពិបាកយ៉ាងណា។ ពេលគាត់ឡើងតុលាការ ដើម្បីឲ្យគេកែប្រែការប្រកាសអំពីការស្លាប់របស់គាត់ តុលាការក៏បានបដិសេធសំណើររបស់គាត់ ដោយឲ្យគាត់រង់ចាំ៣ឆ្នាំទៀត ទើបតុលាការជំនុំជម្រះក្តី ដើម្បីកែប្រែការប្រកាសនោះ។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅក្រុងអេភេសូរថា ទោះបីជាយើងបានស្លាប់ខាងវិញ្ញាណហើយក៏ដោយ ក៏ព្រះទ្រង់ “ប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ”(អេភេសូរ ២:១,៥)។ ដើម្បីឲ្យព្រះទ្រង់អាចប្រកាសថា យើងមានជីវិតរស់ខាងវិញ្ញាណ ទ្រង់ត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន។ អំពើបាបទាមទារទុក្ខវេទនា និងសេចក្តីស្លាប់របស់យើង តែព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមករងទុក្ខ និងសុគតជំនួសយើង ហើយក៏បានមានព្រះជន្មរស់ឡើងវិញ(ខ.៤-៧)។

បុរសនៅរដ្ឋអូហៃយ៉ូ ចង់បង្ហាញភស្តុតាងឲ្យគេប្រកាសថា គាត់នៅមានជីវិតរស់ទេ។ តែសម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ យើងត្រូវបង្ហាញភស្តុតាង ឲ្យគេដឹងថា យើងមានជីវិតរស់ខាងវិញ្ញាណ ដោយរស់នៅ តាមការដឹកនាំរបស់ព្រះ និងការប្រកបស្និទ្ធស្នាលជាមួយទ្រង់។ ព្រះទ្រង់បានប្រកាសដល់អ្នកជឿទ្រង់ថា ពួកគេបានមានជីវិតរស់ ក្នុងព្រះគ្រីស្ទហើយ ដូចនេះ យើងចាំបាច់ត្រូវរស់នៅ ដោយការដឹងគុណ សម្រាប់សេចក្តីមេត្តាកុរណារបស់ទ្រង់ ដែលមិនអាចវាស់បាន និងសម្រាប់ជីវិតដែលទ្រង់ប្រទានយើង។-Mart Dehaan