ខ្ញុំមានមិត្តភក្តិម្នាក់ ដែលកំពុងរស់នៅក្នុងកសិដ្ឋានមួយ ក្នុងវាលទំនាបដ៏ធំល្វឹងល្វើយ ក្នុងរដ្ឋមុនតាណា។ ខ្ញុំត្រូវធ្វើដំណើរទៅកាន់ផ្ទះគាត់ កាត់តាមផ្លូវលំដ៏វែង ដែលបត់ចុះឡើង កាត់តាមវាលរហោស្ថានដ៏ស្ងួតហួតហែង ដែលគ្មានមនុស្សរស់នៅ។ បើសិនជាអ្នកធ្វើដំណើរទៅផ្ទះរបស់គាត់ អ្នកនឹងមានការចាប់អារម្មណ៍ចំពោះដើមឈើពណ៌បៃតងខ្ចីដុះជាជួរ និងរុក្ខជាតិជាច្រើនទៀត ដែលដុះពាសពេញកសិដ្ឋានរបស់គាត់ គួបផ្សំនឹងទេសភាពដងស្ទឹងដ៏ស្រស់ស្អាតបំផុត ក្នុងតំបន់អាមេរិកខាងជើង ដែលហូរកាត់ទីនោះ បានជាដើមអ្វីក៏ដោយ ដែលដុះក្បែរមាត់ស្ទឹងនោះ សុទ្ធតែបានទទួលផលប្រយោជន៍ពីប្រភពទឹកដ៏មិនចេះរីងស្ងួត។

ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់ហោរាយេរេមា ដែលបង្រៀនយើងថា អ្នកដែលទុកចិត្តព្រះអម្ចាស់ “នឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសនៅក្បែរទន្លេ  ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ”(យេរេមា ១៧:៨)។ មានមនុស្សជាច្រើនបានជ្រើសរើសយកភាពក្តៅហែង និងភាពរាំងស្ងួត ក្នុងដំណើរជីវិតខាងវិញ្ញាណ ដែលរស់នៅដោយគ្មានព្រះ ប៉ុន្តែ អ្នកដែលទុកចិត្តទ្រង់នឹងបានលូតលាស់យ៉ាងរឹងមាំ ហើយក៏បង្កើតផលផ្លែជាច្រើនផង។

ការទុកចិត្តព្រះ គឺមិនខុសពីការចាក់ឫសរបស់យើង ចូលទៅក្នុងទឹកទន្លេនៃសេចក្តីល្អរបស់ទ្រង់។ យើងបានទទួលកម្លាំងពីទ្រង់ ពេលយើងជឿជាក់ថា សេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង គឺមិនចេះប្រែប្រួលឡើយ។

ព្រះទ្រង់នឹងធ្វើឲ្យអ្វីៗមានភាពល្អប្រសើរឡើងវិញ។ យើងនឹងបានបង្កើតផលផ្លែ នៅកន្លែងរីងស្ងួត ពេលដែលយើងទុកចិត្តថា ទ្រង់នឹងកែប្រែទុក្ខព្រួយយើង ឲ្យក្លាយជាប្រយោជន៍ដល់យើង ហើយប្រើទុក្ខលំបាក ដើម្បីជួយឲ្យយើងមានភាពពេញវ័យខាងវិញ្ញាណ។-Joe Stowell