កាលនៅពីក្មេង ខ្ញុំមានតុក្កតាផ្លាស្ទីកមួយ ដែលយើងអាចសប់ខ្យល់ចូលវា ឲ្យប៉ោងធំឡើង ទុកសម្រាប់ដាល់វាលេង។ វាមានកម្ពស់ប្រហែលខ្ញុំ ហើយគេបានបោះពុម្ភរូបមុខមនុស្សញញឹមពីលើវា។ ខ្ញុំបានខំវាយវាឲ្យខ្លាំង ដើម្បីឲ្យវាដួល។ តែទោះខ្ញុំបានព្យាយាមដាល់វាខ្លាំងប៉ុណ្ណា ក៏វានៅតែងើបឈរឡើងវិញដដែល។ តើវាមានអាថ៌កំបាំងអ្វី? តាមពិត ទម្ងន់របស់សំណរនៅក្នុងបាតរបស់វា បានធ្វើឲ្យវាក្រោកឈរឡើងវិញ ពេលគេធ្វើឲ្យវាដួល។ ទូកក្តោងក៏បានដំណើរការ តាមគោលការណ៍មួយនេះផងដែរ។ ទម្ងន់របស់សំណរនៅក្នុងមេបាតរបស់ទូកក្តោង បានជួយឲ្យទូកក្តោងមានលំនឹង ហើយនៅតែឈរមិនព្រមក្រឡាប់ ពេលមានខ្យល់បក់ខ្លាំង។

ការរស់នៅរបស់អ្នកជឿព្រះគ្រីស្ទ ក៏ត្រូវមានលំនឹងដូចនេះផងដែរ។ យើងមិនអាចពឹងផ្អែកលើកម្លាំងខ្លួនឯង ដើម្បីជម្នះឧបស័គ្គ និងទុក្ខលំបាកទាំងឡាយឡើយ តែយើងត្រូវពឹងផ្អែកកម្លាំងមកពីព្រះ ដែលគង់ក្នុងយើង។ ក្នុងការរស់នៅក្នុងលោកិយ យើងមិនអាចជៀសផុតពីត្រូវកណ្តាប់ដៃនៃជីវិត ឬរួចពីខ្យល់ព្យុះ ដែលគំរាមកំហែង មកលើលំនឹងនៃជីវិតរបស់យើងឡើយ។ ប៉ុន្តែ យើងអាចទុកចិត្តទាំងស្រុង ទៅលើអំណាចរបស់ទ្រង់ ដែលនឹងជួយទប់យើងឲ្យនឹង បានជាយើងអាចពោលឡើង តាមសាវ័កប៉ុលថា “ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ។ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(២កូរិនថូស ៤:៨-៩)។

មានមនុស្សជាច្រើនបានឆ្លងកាត់ទឹកជ្រៅ ក្នុងដំណើរជីវិតរបស់ខ្លួន ដែលមានការឈឺចាប់ និងទុក្ខវេទនា តែមានជំនឿដែលមិនចេះរង្គើរថា ព្រះគុណរបស់ព្រះតែងតែល្មមសម្រាប់ខ្លួន ហើយកម្លាំងរបស់ទ្រង់បានពេញខ្នាត ដោយសារភាពកម្សោយរបស់យើង(១២:៩)។ ចូរយើងចូលរួមជាមួយពួកគេ ដោយទឹកចិត្ត និងពឹងផ្អែកលើព្រះ ដែលទ្រង់នឹងជួយឲ្យយើងមានលំនឹង។-Joe Stowell