ការញាំអាហារជុំគ្នាដែលមានភាពសប្បាយរីករាយ មិនអាស្រ័យទៅលើតុ វាមានរាងមូល ឬជ្រុង ក៏មិនស្រ័យទៅលើកៅអី ទោះវាធ្វើពីផ្លាស្ទីក ឬឈើ ហើយក៏មិនអាស្រ័យទៅលើអាហារ មានរស់ជាតិឆ្ងាញ់យ៉ាងណាក៏ដោយ។ ការញាំអាហារជុំគ្នា មានភាពសប្បាយរីករាយ ពេលដែលយើងបិទទូរទស្សន៍ និងទូរស័ព្ទរបស់យើង ហើយងាកមកផ្តោតទៅលើអ្នកដែលកំពុងអង្គុយនៅក្បែរយើងវិញ។
ខ្ញុំចូលចិត្តអង្គុយជុំគ្នា នៅជុំវិញតុអាហារ ដោយមានការជជែកគ្នាលេង យ៉ាងសប្បាយរីករាយ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហើយនិយាយគ្នា ក្រោមប្រធានបទច្រើនរាប់មិនអស់។ ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ យើងពិបាកនឹងមានពេលដ៏ល្អដូចនេះ ដោយសារតែបច្ចេកវិទ្យា ដែលជួយឲ្យយើងទំនាក់ទំនងបានឆាប់រហ័ស ជាមួយមនុស្សដែលនៅឆ្ងាយពីយើង។ ជួនកាល យើងខ្វល់អំពីពាក្យសម្តីរបស់អ្នកដទៃ ដែលនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីយើង ជាជាងយកចិត្តទុកដាក់ ចំពោះពាក្យពេចន៍របស់អ្នកដែលកំពុងអង្គុយនៅក្បែរយើង នៅតុអាហារ។
ខ្ញុំធ្លាប់បានទទួលការអញ្ជើញ ឲ្យទៅចូលរួមពិធីលាងព្រះអម្ចាស់ នៅក្នុងព្រះវិហារមួយ។ ពិធីនោះនាំមកនូវការប៉ះពាល់ចិត្ត និងក្តីអំណរ តែមិនអាស្រ័យទៅលើសំណង់អគារព្រះវិហារ ទោះតូច ឬធំក្តី ហើយក៏មិនអាស្រ័យទៅលើប្រភេទនៃនំប៉័ងដែលយើងចែកគ្នានោះដែរ។ តែវាអាស្រ័យទៅលើការបិទចិត្តរបស់យើង ឲ្យឈប់គិតពីការព្រួយបារម្ភ និងខ្វល់ខ្វាយ ហើយងាកមកផ្តោតទៅលើព្រះយេស៊ូវវិញ។
នៅក្នុងពេលដែលយើងប្រារព្ធពិធីលៀងព្រះអម្ចាស់ ដោយអំណរ កាលពីពេលកន្លងទៅ តើយើងមានអំណរនឹងព្រះវត្តមានទ្រង់ឬទេ ឬមួយយើងខ្វល់អំពីបញ្ហាអ្វីមួយ ដែលកំពុងកើតឡើងនៅកន្លែងផ្សេង? ពិធីលៀងព្រះអម្ចាស់ពិតជាសំខាន់ណាស់ “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។-Keila Ochoa