ពេលដែលនាវាដំណើរកម្សាន្តមួយបានចូលសំចតនៅកំពង់ផែរ គេឃើញអ្នកដំណើរទាំងឡាយចេញមកខាងក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។
បទគម្ពីរម៉ាថាយ ជំពូក៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវបានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់មក ស្រាប់តែមានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័កមានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជាពួកគេតើនទ្រង់ឡើង ដោយគិតថា ទ្រង់មិនបានជ្រាបអំពីគ្រោះមហន្តរាយនេះទេ។
ខណៈពេលដែលព្រះយេស៊ូវកំពុងគង់ នៅក្នុងទូកជាមួយពួកសាវ័ក ទ្រង់មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើយ។ ក្នុងនាមជាព្រះអាទិករដែលមានគ្រប់អំណាចចេស្តា ទ្រង់មិនមានការភ័យខ្លាច ចំពោះខ្យល់ព្យុះឡើយ។ “ទ្រង់ក្រោកឡើង កំហែងដល់ខ្យល់ និងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ”(ខ.២៦)។
តែយើងមិនមានគ្រប់អំណាចចេស្តាឡើយ ហើយយើងងាយនឹងមានការភ័យខ្លាចណាស់។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច ពេលដែលខ្យល់ព្យុះនៃជីវិតកំពុងបក់បោកមក? ទោះខ្យល់ព្យុះនោះមានរយៈពេលខ្លី ឬយូរក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា “យើងកំពុងនៅក្នុងទូកជាមួយព្រះមួយអង្គ ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់ទ្រង់ដែរ”។-Cindy Hess Kasper