លោកវីលី មីរីក(Willie Myrick) ត្រូវគេចាប់ជំរិត នៅក្នុងផ្លូវខាងមុខផ្ទះគាត់ ពេលគាត់មានអាយុ៩ឆ្នាំ។ គាត់បានធ្វើដំណើរជាមួយពួកចាប់ជំរិត អស់ជាច្រើនម៉ោង ដោយមិនដឹងថា នឹងមានអ្វីកើតឡើងចំពោះខ្លួនទេ។ ក្នុងអំឡុងពេលនោះ វីលីក៏បានសម្រេចចិត្តច្រៀងសរសើរដំកើងព្រះ នូវបទដែលមានចំណងជើងថា “រាល់ការសរសើរដំកើង”។ ពេលដែលគាត់ច្រៀងបទចម្រៀងនោះម្តងហើយម្តងទៀត ពួកចាប់ជំរិតក៏បានជេរប្រទិចគាត់ ហើយប្រាប់គាត់ឲ្យបិទមាត់។ ទីបំផុត បុរសនោះ ក៏បានឈប់ឡាន ឲ្យវីលីចុះពីលើឡាន ដោយសុវត្ថិភាព។
ដូចដែលវីលីបានបង្ហាញ ការសរសើរដំកើងព្រះអម្ចាស់ ដែលពិតប្រាកដ គឺតម្រូវឲ្យយើងផ្តោតទៅលើចរិយាសម្បត្តិរបស់ព្រះ ហើយទន្ទឹមនឹងនោះ យើងត្រូវឈប់គិតពីអ្វីដែលយើងភ័យខ្លាច អ្វីដែលជាបញ្ហាក្នុងជីវិតយើង ហើយត្រូវមានការស្កប់ចិត្ត។
ជាក់ស្តែង ពួកអ៊ីស្រាអែលបានថ្វាយបញ្ហាគ្រប់យ៉ាងដល់ព្រះអម្ចាស់ ពេលដែលពួកគេត្រូវប្រឈមមុខនឹងពួកខ្មាំងសត្រូវ។ ពេលដែលពួកគេត្រៀមខ្លួនធ្វើសង្រ្គាម ស្តេចយ៉ូសាផាតក៏បានរៀបចំក្រុមចម្រៀង ឲ្យដើរហែរ ទៅរកសត្រូវដែលកំពុងលើកទ័ពមក។ ពួកគេបានច្រៀងសរសើរថា “ចូរសរសើរព្រះអម្ចាស់ ដ្បិតសេចក្តីមេត្តារបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច”(២របាក្សត្រ ២០:២១)។ ពេលពួកគេចាប់ផ្តើមច្រៀងសរសើរដំកើងព្រះ ពួកខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែលក៏មានការជ្រួលច្របល់ ហើយក៏បានកាប់សម្លាប់គ្នាឯង។ ដូចនេះ ពួកអ៊ីស្រាអែលក៏បានឈ្នះសង្រ្គាម ដោយមិនចាំបាច់ប្រយុទ្ធ(ខ.១៧)។
ទោះយើងកំពុងជួបសង្រ្គាម ឬមានអារម្មណ៍ទាល់ច្រកក៏ដោយ ក៏យើងនៅតែអាចថ្វាយសិរីល្អដល់ព្រះក្នុងចិត្តយើង។ ជាការពិតណាស់ “ព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយក៏គួរឲ្យសរសើរណាស់”(ទំនុកដំកើង ៩៦:៤)។-Jennifer Benson Schuldt