តើមានអ្វីដែលអស្ចារ្យជាងព្រះ ហើយតើមានអ្វីដែលអាក្រក់ជាងអារក្ស? ចម្លើយនោះគឺ គ្មានអ្វីដែលអស្ចារ្យជាងព្រះ ហើយក៏គ្មានអ្វីដែលអាក្រក់ជាងអារក្សដែរ។
សំណួរនេះមិនពិបាកឲ្យយើងឆ្លើយទេ តែមានប្រស្នាមួយ ដែលមនុស្សជាច្រើនមិនអាចឆ្លើយបាន កាលពីសម័យបុរាណ។ មានអ្នកប្រាជ្ញសម័យបុរាណម្នាក់ឈ្មោះ អេគើរ បានដាក់ប្រស្នាមួយ ក្នុងព្រះគម្ពីរសុភាសិតថា “តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក”(សុភាសិត ៣០:៤)។
សព្វថ្ងៃនេះ គ្រីស្ទបរិស័ទដឹងថា ព្រះអង្គនោះមានព្រះនាមអ្វី។ ប៉ុន្តែ ជួនកាល ពេលដែលយើងមានការសង្ស័យ ការព្រួយបារម្ភ និងការខ្វះខាតក្នុងជីវិត យើងអាចភ្លេចចូលរកទ្រង់។ បញ្ហាជាច្រើនក្នុងជីវិតយើង អាចធ្វើឲ្យយើងភ្លេចព្រះយេស៊ូវ ដែលទ្រង់ជាចម្លើយសម្រាប់ប្រស្នាដែលសំខាន់បំផុតនោះ។ ទ្រង់និងព្រះវរបិតា គឺតែមួយ ទ្រង់មានអំណាចជាងអារក្ស អ្នកក្រអាចមានទ្រង់ អ្នកមានត្រូវការទ្រង់ ហើយបើអ្នកបានបរិភោគអាហារ និងផឹកទឹក នៅឯតុទ្រង់ អ្នកនឹងមិនចេះស្លាប់ឡើយ។-Mart Dehaan