មានពេលមួយ ខ្ញុំបានទូរស័ព្ទទៅមិត្តភក្តិខ្ញុំម្នាក់ ដែលខ្ញុំបានរាប់អានតាំងពីយូរមកហើយ ពេលម្តាយរបស់គាត់បានលាចាកលោក។ ម្តាយរបស់គាត់ជាមិត្តជិតស្និទ្ធរបស់ម្តាយខ្ញុំ ហើយពេលនេះ អ្នកទាំងពីរបានលាចាកលោកហើយ។ ពេលយើងជជែកគ្នា យើងក៏ច្រើនតែនិយាយដល់ចំណុច ដែលធ្វើឲ្យយើងស្រក់ទឹកភ្នែក ដោយចិត្តសោកសង្រេង ដោយសារអ្នកស្រីបេត បានលាចាកលោកទៅហើយ ហើយយើងក៏បានស្រក់ទឹកភ្នែកលាយសំណើច ពេលដែលយើងនឹកចាំថា គាត់ជាមនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូលចិត្តធ្វើឲ្យគេសប្បាយចិត្ត។
មនុស្សជាច្រើនធ្លាប់ជួបរឿង ដែលធ្វើឲ្យពួកគេយំ និងធ្វើឲ្យគេសើច។ តែវាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខព្រួយ និងក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។
ដោយសារយើងត្រូវបានព្រះទ្រង់បង្កើត ឲ្យមានរូបដូចទ្រង់លោកុប្បត្តិ ១:២៦) ហើយមនោសញ្ចេតនាជាផ្នែកដ៏សំខាន់មួយ សម្រាប់វប្បធម៌ស្ទើរតែទាំងអស់ នោះខ្ញុំក៏បានគិតថា ព្រះយេស៊ូវប្រាកដជាមានមនោសញ្ចេតនាដ៏អស្ចារ្យណាស់។ តែយើងក៏ដឹងផងដែរថា ទ្រង់ក៏ធ្លាប់ជួបការឈឺចាប់នៃការសោកសង្រេងផងដែរ។ ពេលលោកឡាសា ដែលជាមិត្តសំឡាញ់ទ្រង់បានស្លាប់ ទ្រង់ក៏បានឃើញនាងម៉ារាកំពុងយំ ហើយទ្រង់មានការប៉ះពាល់ព្រះទ័យយ៉ាងខ្លាំង បានជាទ្រង់ក៏បានចាប់ផ្តើមព្រះកន្សែងផងដែរ(យ៉ូហាន ១១:៣៣-៣៥)។
សមត្ថភាពដែលយើងមាន នៅក្នុងការបង្ហាញចេញនូវអារម្មណ៍របស់យើង ដោយសម្រក់ទឹកភ្នែក គឺជាអំណោយទាន ហើយព្រះទ្រង់បានកត់ទុកចំនួនដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង។ គឺដូចដែលបទគម្ពីរទំនុកដំកើង ៥៦:៨ បានចែងថា “ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី”។
តែព្រះទ្រង់បានសន្យាថា ថ្ងៃណាមួយ ទ្រង់“នឹងជូតទឹកភ្នែកអស់ពីថ្ពាល់យើងចេញ”(វិវរណៈ ៧:១៧)។-Cindy Hess Kasper